តារាល្បីៗដែលបានទៅសម្តែងនៅកូរ៉េលើកនេះ គឺសុទ្ធតែល្បីៗមិនខុសពីកន្លងមកឡើយ ពោលគឺមានដូចជា កំពូលតារាចម្រៀងប្រុស លោក ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនាក់របស់លោក, លោក ខេម, កញ្ញា អ៊ីវ៉ា, លោក ប៉ែន ចំរុង, ក្រុមចចកសមុទ្រ, លោក គូម៉ា និងតារាល្បីៗផ្សេងទៀត ដែលដឹកនាំក្រុមសម្ដែងដោយម្ចាស់ផលិតកម្ម Galaxy។
លោក ឡេង ណាវ៉ាត្រា បានថ្លែងប្រាប់អ្នកសារព័ត៌មាន មុនចេញដំណើរនៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2019 ថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោកបានដឹកនាំសិល្បករ-សិល្បការិនីកម្ពុជា ទៅសម្តែងនៅលើទឹកដីប្រទេសកូរ៉េខាងត្បូង ពោលគឺជាបាន ៦ទៅ៧ លើកមកហើយ។ យ៉ាងណាមិញ លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលមានឱកាសធ្វើឲ្យពលករខ្មែរនៅកូរ៉េបាន សប្បាយរីករាយ តាមរយៈការរាំកំសាន្តសប្បាយជាមួយនឹងសិល្បករកម្ពុជា។ នេះបានបញ្ជក់ថា ទោះមិនបាន សប្បាយជាមួយក្រុមគ្រួសារនៅស្រុកក៏ពិតមែន តែបងប្អូនពលករខ្មែរ អាចសប្បាយជាមួយសិក្បករកម្ពុជា និងបងប្អូនខ្មែរដទៃទៀត ប្រៀបបាននឹងក្រុមគ្រួសារតែម្តងអ៊ីចឹង។
ម្ចាស់ផលិតកម្ម Galaxy រូបនេះ បានសង្កត់ធ្ងន់ថា គោលបំណងរបស់លោក ដែលដឹកនាំតារាពីកម្ពុជា ទៅសម្តែងនៅកូរ៉េនេះ គឺគោលបំណងចង់ឲ្យបងប្អូនខ្មែរបានសប្បាយរីករាយ ពេលសម្រាកពីការងារក្នុងឱកាស មុនភ្ជុំបិណ្ឌ។ ពិសេសជានេះ ក៏ដើម្បីទៅផ្សព្វផ្សាយពីគម្រោងបុរីរបស់លោកផងដែរ៕