ដូចបានដឹងស្រាប់ហើយថា ម្ចាស់ផលិតកម្មមហាហង្សគឺលោក អ៊ិន សុភិន មានបេះដូងមួយស្រឡាញ់ប្រភេទកីឡាបាល់ទាត់ ដោយលោកតែតែងបង្កើតកម្មវិធីប្រកួតឱ្យតារាសិល្បៈ និងបានទៅគាំទ្រការប្រកួតរបស់ក្រុមជម្រើសជាតិផងដែរ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្សបានឱ្យឃើញថា ទោះរវល់ការងារខ្លាំងប៉ុនណាក៏ដោយ ក៏លោកនៅតែចំណាយពេលទៅគាំទ្រការប្រកួតបាល់ទាត់រវាងក្រុមកម្ពុជា និងប្រទេសបារ៉ែន ដែលជម្រុះ World Cup ជុំទី2 នៅកីឡដ្ឋានអូឡាំពិកកាលពីយប់ថ្ងៃទី10 កញ្ញា មុននេះ។
ក្រោយបញ្ចប់ការប្រកួតបាល់ទាត់ ម្ចាស់ផលិតកម្មរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុកខ្លួនថា« 55,000នាក់សំរាប់ថ្ងៃនេះ (10/09/2019) កម្ពុជាគាំទ្របាល់ទាត់ណាស់ ទោះចាញ់1-0 ក៏នៅតែគាំទ្រកីឡាករជម្រើសជាតិយើងដែរ ស៊ូៗបន្តទៀតខ្ញុំគាំទ្រអ្នកជានិច្ច»។ ការបង្ហោះសារ អមដោយរូបភាពទៅអង្គុយទស្សនារបស់លោក បានធ្វើឲ្យមានការសរសើរយ៉ាងខ្លាំង ថាលោកពិតជាផលិតករ ដែលមានបេះដូងកីឡាយ៉ាងពិតប្រាកដ ដោយក្រីពីបានចំណាយធនធានផ្ទាល់ខ្លួនបង្កើតក្រុមបាល់ទាត់មហាហង្ស ដោយប្រមែប្រមូលតារាៗឱ្យក្លាយជាអ្នកបាល់ទាត់អាជីព ដើម្បីបំផុសឱ្យមានការគាំទ្រកីឡាករបាល់ទាត់នៅកម្ពុជា ក៍បានចំណាយពេលដ៏មមាញឹកទៅទស្សនាបាល់ទាត់ដោយផ្ទាល់ដល់ស្តាតអូឡាំពិកទៀត។ លោកធ្លាប់ប្រកាសថា បើទោះលោកជាអ្នកសិល្បៈ ប៉ុន្តែលោកក៏មានទឹកចិត្តស្រលាញ់ និងចង់បំផុសពីវិស័យកីឡាករផងដែរ ទើបលោកតែងចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួន គាំទ្រដល់វិស័យបាល់ទាត់នៅកម្ពុជា។ ក្នុងនោះលោកក៏បានបន្តគៀគរតារាល្បី ទាំងក្នុង និងក្រៅផលិតកម្ម ឱ្យស្ម័គ្រចិត្តចូលលេងបាល់ទាត់កាន់តែច្រើន ដើម្បីឱ្យវិស័យមួយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ។
គួរបញ្ជាក់ផងដែរ ការប្រកួតជម្រុះវគ្គ World Cup រវាងក្រុមកម្ពុជា និងក្រុមបារ៉ែន នៅស្ដាតអូឡាំពិកកាលពីថ្ងៃទី10 កញ្ញា ក្រុមកម្ពុជាបានចាញ់បារ៉ែន1ទល់នឹងសូន្យ ប៉ុន្តែគេនៅមើលឃើញថា អ្នកគាំទ្ររបស់កម្ពុជា ពេញចិត្តចំពោះលទ្ធផលនៅក្នុងថ្ងៃនោះ។ លោកអ៊ិន សុភិន ក៏ជាអ្នកគាំទ្រជម្រើសជាតិកម្ពុជា យ៉ាងងប់ងល់ផងដែរ ដោយថែមទាំងទទូចឲ្យបន្តលើកទឹកចិត្តជូនដល់កីឡាករកម្ពុជាផង ដែលនេះគឺជាសារដ៏មានតម្លៃមួយ ក្នុងការបំផុសឲ្យមានការចាប់អារម្មណ៍លើវិស័យបាល់ទាត់៕