មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុម«ភាពយន្តឈូករ័ត្ន» (Sunflower Film Alliance - SFA)។
CSFF បានរៀបចំកម្មវិធីបិទមហោស្រពរបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩ នៅ សាលសន្និសីទចតុម្មុខ ក្រោមអធិបតីរបស់ ឯកឧត្តម ហ៊ឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន គណៈមេប្រយោគ អ្នកឧបត្ថម្ភ ដៃគូសហការផ្សេងៗ និងសមិទ្ធិករភាពយន្ត ក៏ដូចជាសមាជិកក្រុមគ្រួសារតារាកម្ពុជា ជាច្រើនរូបផងដែរ។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានធ្វើការបូកសរុបចំនួនទស្សនិកជនដែលបានចូលរួម មកមើល ភាពយន្តខ្លីៗនៅសាលចតុម្មុខដែលមហោស្រពបានធ្វើការជ្រើសរើសទាំង៥៣រឿង ចំនួន៤ថ្ងៃដែលមានចំនួន ២០០០ នាក់ និង ការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមដែលទទួលបានការចូលចិត្ត(likes) បន្ថែម៧ ៧២៩នាក់, អ្នកចាប់ អារម្មណ៍ (reaches) ១៣៦ ៦៥៥ គិតពី ថ្ងៃទី២០ ខែសីហា រហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩។
មហោស្រពឆ្នាំនេះបានធ្វើការប្រគល់នូវរង្វាន់ជាសាច់ប្រាក់ និងលិខិតសសើរទៅតាមប្រភេទនៃចំណាត់ថ្នាក់ជាច្រើន ដែលរួមមាន៖
ជ័យលាភីរឿងខ្លីឆ្នើមប្រចាំឆ្នាំ បានទៅលើរឿង «មុនមេឃភ្លៀង» ទទួលបានទឹកប្រាក់ ៤លានរៀល ពីគម្រោង អភិវឌ្ឍ«សម្បួរមាស 6A-261» និងការកែសម្រួលក្រោយពេលថតពីផលិតកម្ម «កងច្រក»។
ជ័យលាភីរឿងខ្លីឆ្នើមបន្ទាប់ប្រចាំឆ្នាំ បានទៅលើរឿង «នារីរបាំ» ទទួលបានទឹកប្រាក់ ២លានរៀល និងការកែ សម្រួលក្រោយពេលថត ពីផលិតកម្ម«កងច្រក»។
ជ័យលាភីទស្សនិកជនក្នុងស្រុក បានទៅលើរឿង «មុនមេឃភ្លៀង» ទទួលបានទឹកប្រាក់ ១,២លានរៀល។
ជ័យលាភីទស្សិកជនអន្តរជាតិ បានទៅលើរឿង« អាវ៉ារ៉្យា» (AVARYA) ទទួលបានទឹកប្រាក់ ១,២លានរៀល។
ជ័យលាភីភាពយន្តឯកសារខ្លីពី«ជំរំភាពយន្តឯកសារ» ក្រោមកម្មវិធី «តោះថតឯកសារនៅកម្ពុជា» បានទៅលើ រឿង «ផលប៉ះពាល់ពីសារព័ត៍មាន» ទទួលបានទឹកប្រាក់ ២លានរៀល។
ជ័យលាភីភាពយន្តឯកសារខ្លីពី«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» ក្រោមកម្មវិធី «តោះថតឯកសារ នៅកម្ពុជា» បានទៅលើរឿង «ស្នេហ៍ឆ្លងសម័យកាល» ទទួលបានទឹកប្រាក់ ២លានរៀល។
កម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខបានបញ្ចប់ទៅដោយជោគជ័យ ក្រោមការចូលរួមពីបណ្តាសាធារណជន គ្រប់ មជ្ឈដ្ឋាន ជាមួយនឹងទស្សនិយភាពដ៏អស្ចារ្យ គឺការបញ្ចាំងនូវភាពយន្តខ្លីពី ម្ចាស់ជ័យលាភីកាលពីឆ្នាំ២០១៨ រឿង «ផ្កាលីលី» ដោយលោក មុន្នី កណ្ណដារង្គ និងភាពយន្តខ្លីដែលទទួលបាន ជ័យលាភីពី មហោស្រពឆ្នាំនេះគឺ រឿង «មុនមេឃភ្លៀង » ដោយលោក នេត ឥន្ទនរាសុទ្ធីដ្ឋេព។
តាំងនាមជាអ្នរៀបចំកម្មវិធីមហាស្រពភាពយន្តខ្លីចតុមុខ លើកទី៨ ឆ្នាំ២០១៩ នេះ ពួកយើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ទៅដល់បណ្តាដៃគូទាំងអស់ និងសាធារណជន ដែលបានគាំទ្រពួកយើង ហើយធ្វើឱ្យ ព្រឹត្តិការណ៍មួយនេះ ក្លាយជាវេទិកាមួយដែលជួយលើកទឹកចិត្តដល់ផលិតករ សមិទ្ធិករជំនាន់ក្រោយ និងជួយ ជម្រុញឱ្យភាពយន្តខ្មែរមានសន្ទុះកើនឡើង និងការគាំទ្រកាន់តែខ្លាំងពីមហាជន។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
http://csff.co ឬ https://www.facebook.com/CSFF.co/
ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!