លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ រាជធានីភ្នំពេញទទួលបានអ្នកជាប់និទ្ទេស A ច្រើនជាងគេ ដែលមានបេក្ខជនចំនួន 141នាក់ទទួលបាននិទ្ទេស A។ នេះបើតាមការបញ្ជាក់ដោយក្រសួងអប់រំ យុវជន និងកីឡា នាពេលមុននេះបន្តិច។
ខេត្តដែលឈរនៅលំដាប់ថ្នាក់លេខ2 គឺខេត្តសៀមរាប ដែលមានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន 38នាក់ និងតាមពីក្រោយដោយខេត្តបាត់ដំបងដែលមានបេក្ខជន 32នាក់ជាប់និទ្ទេស A។
បើតាមការបញ្ជាក់ពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ដោយសារតែការបូកស្រង់ពិន្ទុធ្វើទៅបានដោយរលូន និងលឿនជាងផែនការ ទើបក្រសួងអាចប្រកាសលទ្ធផលមុនពេលកំណត់បាន។ នៅក្នុងនោះបេក្ខជនដែលប្រឡងជាប់បាក់ឌុបនៅឆ្នាំ2019 នេះមានសរុបចំនួន 68.62% ដោយសិស្សនិទ្ទេសA មានចំនួន 443នាក់ សិស្សនិទ្ទេស B មានចំនួន 2,430នាក់ សិស្សនិទ្ទេស C មានចំនួន 5,847នាក់ សិស្សនិទ្ទេស D មានចំនួន 14,100នាក់ និងសិស្សនិទ្ទេស E មានចំនួន 56,232នាក់៕