មានការភ្ញាក់ផ្អើលខ្លាំងនៅពេលបែកធ្លាយរូបភាពកំពូលតារាចម្រៀងអាមេរិកសម្បុរស្រអែម Rihanna ជាមួយគូស្នេហ៍ជាទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA និងជាអតីតសមាជិកគ្រួសារជំនួញដែលទទួលបានមរតក 1.5 ពាន់លានដុល្លារ។
ហាក់បីដូចជានាងកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់បុរសមហាសេដ្ឋីម្នាក់នេះ ព្រោះរូបភាពដែលគេប្រមាញ់បាននៅពេលនាងបង្ហាញមុខសិចស៊ីយ៉ាងក្ដៅសាច់ជាមួយគូស្នេហ៍នៅក្នុងអាងទឹក អំឡុងពេលសម្រាកពីការងារនៅក្នុងប្រទេសអេស្ប៉ាញ។ តារាស្រីមុខស្អាតវ័យ 29 ឆ្នាំរូបនេះបានទាក់ទងជាមួយទាយាទតំណាងក្រុមហ៊ុន Saudi TOYOTA ដែលមានឈ្មោះថា Hassan Jameel ជាជនជាតិអារ៉ាប៊ីសាអ៊ូឌីត និងជាអ្នកជំនួញល្បីឈ្មោះ ហើយមានទ្រព្យស្ដុកស្ដម្ភទៀតផង និងបច្ចុប្បន្ននេះ គឺជានាយករងនៃក្រុមហ៊ុនគ្រួសារជំនួញ Abdul Latif Jameel ដែលមានក្រុមហ៊ុនធំមួយនៅក្នុងពិភពលោក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដែលគូស្នេហ៍ Rihanna មានសិទ្ធិលក់រថយន្ដ TOYOTA នៅក្នុងប្រទេសអារ៉ាប់នេះ គឺដោយសារតែលោកបានការយល់ព្រមពីក្រុមគ្រួសារជំនួញ Jameel និងទទួលបានទ្រព្យសម្បត្តិ 1.5 ពាន់លានដុល្លារផងដែរ ព្រមទាំងទទួលបានមរតកពីគ្រួសារជាម្ចាស់ក្រុមបាល់ទាត់របស់អារ៉ាប៊ីសាអ៊ូឌីត ដែលមានឈ្មោះថា Jameel league ទៀតផង។
ជារួមមក បន្ទាប់ពីបែកគ្នាជាមួយអតីតមិត្តប្រុស Drake កាលពីឆ្នាំ 2016 មក តារាស្រីរូបនេះមិនដែលមានដំណឹងរឿងស្នេហាណាមួយលេចឮឡើយ តែរឿងដែលគ្មាននរណានឹកស្មានដល់នោះគឺ នាងកំពុងតែទាក់ទងបុរសមហាសេដ្ឋីរូបសង្ហារយ៉ាងលួចលាក់ស្ងាត់ស្ងៀមនេះទៅវិញ៕