ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំប្រចាំប្រទេសកូរ៉េខាងត្បូង Samsung បានបញ្ចេញរបាយការណ៍នៅត្រីមាស2 ឆ្នាំ2019 របស់ខ្លួនថា 2ត្រីមាសដើមឆ្នាំ2019នេះ ក្រុមហ៊ុនលក់ស្មាតហ្វូន 5G បានចំនួន 2លានគ្រឿង ហើយជាមួយនឹងការបញ្ចេញលក់ Galaxy Fold 5G និង Galaxy A90 5G កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញក្ដីរំពឹងថាតួលេខនឹងកើនឡើងដល់ 4លានគ្រឿងនៅដំណាច់ឆ្នាំនេះ។
ក្រោយពីឱ្យដឹងពីមហិច្ឆតាដ៏ធំបែបនេះ លោក JuneHee Lee អនុប្រធានជាន់ខ្ពស់របស់ Samsung បានបង្ហាញពីសញ្ញាល្អមួយអំពី Galaxy Fold ដែលជាស្មាតហ្វូនបត់អេក្រង់ជំនាន់ដំបូងគេ ដែលមានអ្នកគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែបើកឱ្យកុម្ម៉ង់ទិញនៅលើអនឡាញបានត្រឹមតែ 15នាទី ក៏លក់អស់ 1,000គ្រឿងបាត់ទៅហើយ។ សម្រាប់ម៉ូដែលមាន 5G ក្រុមហ៊ុនក៏នឹងបញ្ចេញនាពេលឆាប់ៗខាងមុខនេះផងដែរ។
នេះបើតាមលោក JuneHee Lee បញ្ជាក់៖ លោក JuneHee Lee អនុប្រធានជាន់ខ្ពស់របស់ Samsung ក៏បានឱ្យដឹងទៀតដែរថា Galaxy A90 5G ដែលទើបប្រកាសចេញលក់ថ្មីៗនេះ នឹងក្លាយជាស្មាតហ្វូន 5G ដែលមានតម្លៃធូរថ្លៃជាងគេបំផុតរបស់ Samsung ដែលនឹងមានតម្លៃលក់ 749អឺរ៉ូ (ប្រមាណ 825ដុល្លារ)។ ចំពោះម៉ូដែល Galaxy Note 10 5G ក៏បានចូលរួមចំណែកយ៉ាងធំដែរ ដែលធ្វើឱ្យតួលេខចំនួនលក់បាននេះហក់ឡើងដល់ 2លានគ្រឿង នៅពេលបញ្ចេញទៅលើទីផ្សារ។ រីឯGalaxy Fold 5G គឺជាស្មាតហ្វូន 5G ថ្លៃបំផុតរបស់ក្រុមហ៊ុន ដោយនឹងមានតម្លៃខ្ទង់ 2ពាន់ដុល្លារ។ ទិន្នន័យទាំងនេះ ចាត់ទុកថាជាតួលេខល្អមួយ ព្រោះថា Samsung មិនទាន់មានស្មាតហ្វូន 5G ច្រើននៅឡើយទេ៕