កីឡាករ Herman Tsinga ដែលលេងឱ្យក្រុម Akanda FC ស្ថិតក្នុងក្របខ័ណ្ឌ Division 1 របស់ប្រទេសហ្គាបុង ស្ថិតក្នុងទ្វីបអាហ្វ្រិកកណ្ដាលបានស្លាប់បាត់បង់ជីវិតប្រមាណតែជាង 10នាទីប៉ុណ្ណោះ បន្ទាប់ពីកីឡាកររូបនេះដួលក្នុងការប្រកួតមួយនៃលីកកំពូលប្រទេសមួយនេះ។
ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីកីឡាកររូបនេះលោតប្រជែងតែតបាល់នៅនាទីទី23 នៅក្នុងការប្រកួតមួយ និងក្រោយមកកីឡាកររូបនេះបានដួលទៅលើដីទីលាន ហើយសន្លប់បាត់មាត់បាត់កតែម្ដង។ ទោះជាក្នុងការប្រកួតនេះមានរថយន្តសង្គ្រោះបន្ទាន់ក្តី តែក៏នៅតែមិនអាចជួយសង្គ្រោះកីឡាកររូបនេះឱ្យដឹងខ្លួនឡើងវិញបានឡើយ បន្ទាប់មកកីឡាករ Herman Tsinga ក៏បានស្លាប់បាត់បង់ជីវិតពេលស្ថិតនៅក្នុងរថយន្តសង្គ្រោះដែលកំពុងធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ឆ្ពោះទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី1ឡើយក្នុងពិភពបាល់ទាត់ដែលមានកីឡាករស្លាប់នៅលើទីលានបែបនេះ ដោយមូលហេតុភាគច្រើន គឺបណ្ដាលមកពីការគាំងបេះដូង ដោយសារការហ្វឹកហាត់មិនត្រឹមត្រូវ និងការសម្រាកមិនបានគ្រប់គ្រាន់ ហើយនិងអាចជាការប្រើប្រាស់សារធាតុជំនួយកម្លាំងទៀតផង៕