ដោយសារតែមូលដ្ឋានគ្រឹះរបស់ក្រុមគ្រួសារ ចិត្តគំនិត និស្ស័យ រួមទាំងការរស់នៅដែលអាចមានភាពខុសប្លែកពីគ្នាមកតាំងពីដើមទីនោះ ទើបយើង(គូស្វាមីភរិយា)ត្រូវអាស្រ័យលើ “ការយល់ចិត្តគ្នា” ធ្វើជាឫសគល់សំខាន់ក្នុងរឿង “ស្នេហា” ហើយ “ការយល់ចិត្ត” នៅក្នុងទីនេះ ត្រូវតែធ្វើរួមគ្នាទាំង2នាក់ បើមានតែនរណាម្នាក់ខំប្រឹងព្យាយាមធ្វើតែម្នាក់ឯង ក៏គ្មានថ្ងៃបានយល់ចិត្តគ្នា ដែលនឹងនាំឱ្យមានសុភមង្គលបានដែរ។
ម្នាក់ៗត្រូវខំព្យាយាមសិក្សា និងយល់ចិត្តគ្នាទៅវិញទៅមក ដូចជា ម្នាក់ចង់ទៅដើរលេងទិញអីវ៉ាន់តែម្នាក់ឯង ខណ:ដែលម្នាក់ទៀតចង់តែទៅជាមួយដែរជាប់រហូត ឬក៏ម្នាក់ចង់ទៅរួមកម្សាន្តសប្បាយជាមួយពួកម៉ាកមិត្តភក្តិម្តងម្កាលតាមតែមានឱកាស តែម្នាក់ទៀតបែរជាមិនសូវចូលចិត្ត ព្រោះគិតថា ខ្លួននឹងត្រូវគេទុកចោលឱ្យនៅផ្ទះម្នាក់ឯងជាដើម។ អឹុម! គ្រាន់តែប៉ុណ្ណឹង បញ្ហាដែលមិនគួរនឹងកើតឡើង វានឹងកើតឡើងមិនខាន។ ការពិតទៅ រឿងបែបនេះ គ្រាន់តែយើងបែរមុខមកនិយាយគ្នា ប្រាប់គ្នាឱ្យដឹង និងយល់ពីតម្រូវការរបស់ម្នាក់ៗ និងយល់ព្រមបើកចិត្តទទួលយករវាងគ្នាទៅវិញទៅមក តែប៉ុណ្ណឹង សូមជឿចុះថា បញ្ហារទាស់ចិត្តគ្នាផ្សេងៗទាំងនោះ នឹងធូរស្រាលអស់ជាមិនខាន។
ចូរកុំភ្លេចថា “សេចក្តីស្នេហា” គឺជារឿងដ៏ល្អស្រស់បំព្រងមួយដែលត្រូវអាស្រ័យលើការរៀនយល់ដឹង ការសម្របខ្លួន ការស្វែងយល់ និងព្រមទទួលយកពីគ្នាទៅវិញទៅមក។ យើងក៏ជាយើង គេក៏ជាគេ បើសិនជាត្រូវបង្ខំចិត្តផ្លាស់ប្តូរ និងសម្របខ្លួនដើម្បីឱ្យមនុស្សម្នាក់ស្រឡាញ់នោះ ប្រហែលមិនមែនជារឿងល្អឡើយ ហើយអ្នកដែលបង្ខំចិត្តធ្វើនោះ ក៏ប្រហែលជាគ្មានសេចក្តីសុខដែរ មែនទេ? ដូច្នេះ តើហេតុអីមិនសាកល្បងងាកមក “យល់ចិត្តគ្នា” និង “ទទួលយក” ពីគ្នាទៅវិញទៅមក? យល់ថា គាត់ ឬនាង គឺជាមនុស្សបែបហ្នឹង និងព្រមទទួលយកនូវអ្វីដែលជាខ្លួនគាត់ ឬនាងវិញ វាមិនប្រសើរជាងឬ?
សាកល្បងគិតលេងៗទៅមើលថា នៅពេលណាក៏ដោយ ដែលសេចក្តីស្នេហារបស់អ្នកខ្វះភាពយល់ចិត្តគ្នា តើវានឹងមានបញ្ហាអ្វីកើតឡើងខ្លះ?… ការឈ្លោះទាស់ទែងគ្នា ការប្រកែកតវ៉ាគ្នា ការខឹងសម្បា ការងង៉ក់ ប្រចែប្រចណ្ឌ-ល-អូយ! គ្រាន់តែគិត ក៏ហត់បាត់ទៅហើយ មែនទេ? ដូច្នេះហើយ អ្នកគ្រូ ឆវី ចង់ប្រាប់ថា ចូរព្យាយាមសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមកឱ្យបានច្រើនបំផុត ហើយនៅទីបំផុត សម្រាប់ “សេចក្តីស្នេហា” ដែលមិនអាចអធិប្បាយបានដោយពាក្យសម្តីនោះ ក៏អាច “យល់បាន” ដោយបេះដូង និងរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលមិនខាន៕