សោភ័ណនៃរូបរាងកាយរបស់អ្នកកំពុងតែមានការធ្លាក់ចុះ ព្រោះតែក្រចកជើងរបស់អ្នកមិនស្អាត ខូច ព្រមទាំងមានជំងឺផ្សិតលើក្រចកមែនទេ? បើដូច្នេះនាំគ្នាមកអានពីមូលហេតុ រោគសញ្ញា ព្រមទាំងវិធីកែខៃមួយចំនួនដូចតទៅ៖
មូលហេតុអាចបណ្តាលមកពី
– ភាពសើមជាប់ជើងដែលបានមកពីទីសាធារណៈដូចជា កន្លែងហែលទឹក កន្លែងហាត់កីឡា ឬបន្ទាប់ពីងូតទឹកជាដើម។
– ពាក់ស្បែកជើងតឹងចង្អៀតពេក។
– ស្បែកមានកម្រិត PH ខុសប្រក្រតី។
– កម្រិតនៃប្រព័ន្ធភាពស៊ាំចុះខ្សោយ។
– ខ្វះអនាម័យជើង និងក្រចកជើង។- ងាយកើតមេរោគផ្សិតលើក្រចកជើង។ល។
រោគសញ្ញាដែលអាចឱ្យអ្នកសម្គាល់បានពីការកើតមានរោគផ្សិត៖
– ក្រចកជើងឡើងក្រាស់។
– ក្រចកជើងឡើងពណ៌ត្នោត ឬពណ៌លឿង។
– ចាប់ផ្តើមជ្រុះក្រចក។
– ចាប់ផ្តើមមានកម្ទេចប្រមូលផ្តុំគ្នានៅម្តុំក្រចកជើង។
– ក្រចកចាប់ផ្តើមឡើងដុំៗ (ដូចមានដំបៅ)។
– ក្រចកចាប់ផ្តើមមានភាពផុយស្រួយ ងាយរបក ងាយបាក់។
– មានការឈឺចាប់រាល់ពេលប៉ះពាល់វា។
– មានទ្រង់ទ្រាយខុសពីមុន។
– មិនមានភាពភ្លឺរលោងដូចមុន (ឡើងពណ៌ស្រអាប់ ឬឡើងពណ៌ខ្មៅតែម្តងក៏មាន)។
– មានក្លិនមិនល្អ។ល។
វិធីកែខៃ
ប្រសិនបើលោកអ្នកកំពុងតែជួបប្រទះនឹងបញ្ហាបែបនេះ សូមសាកល្បងធ្វើតាមវិធីមួយចំនួនដូចតទៅ៖
– ទឹកខ្មេះ (គេច្រើនប្រើទឹកខ្មេះធម្មជាតិដែលផលិតពីផ្លែប៉ោម) មួយភាគ លាយជាមួយទឹកក្តៅតិច2ភាគ។ ត្រាំក្រចកជើងឱ្យលិចទៅក្នុងទឹក ប្រហែល15-20នាទី។ រួចលាងសម្អាតឱ្យស្អាត និងជូតវាឱ្យស្ងួតជាការស្រេច។– ប្រេងអូលីវមួយស្លាបព្រាបាយ លាយជាមួយនឹងប្រេងអូរីហ្គាណូ (Oregano) 2ដំណក់។ យកល្បាយនេះទៅត្រដុសត្រង់ក្រចកដែលមានបញ្ហា។ ធ្វើបែបនេះរយៈពេល3សប្តាហ៍ជាប់គ្នា នោះនឹងឃើញប្រសិទ្ធភាពជាមិនខាន។
– ម្សៅល្មៀតលាយជាមួយទឹកខាប់ៗ រួចយកវាមកលាបលើក្រចកដែលខូច។ ទុកចោលរហូតដល់វាស្ងួតសឹមសម្អាត និងជូតចេញឱ្យស្ងួតជាការស្រេច។
– ហាន់ខ្ទឹមបារាំងជាបន្ទះស្តើងៗ រួចយកវាមកត្រដុសលើក្រចកដែលមានបញ្ហានោះ ទុកចោល20-30នាទី សឹមសម្អាតចេញ។ ធ្វើបែបនេះឱ្យមានញឹកញាប់(មិនចាំបាច់រាល់ថ្ងៃក៏បាន)។ ខ្ទឹមបារាំងមឹងជួយកាត់បន្ថយការក្លាយនៃដំបៅបានយ៉ាងល្អ។
នៅមានវិធីព្យាបាលផ្សេងៗចំនួនទៀតដែលអ្នកគួរតែដឹងដូចជា ពាក់ស្រោមជើងផលិតពីក្រណាត់សំឡីកប្បាស ចៀសវាងការលាបថ្នាំក្រចក កុំប្រើ ឬបោកសម្លៀកបំពាក់ និងក្រណាត់ប្រើប្រាស់ផ្សេងចូលគ្នា ជាមួយអ្នកមានជំងឺប្រភេទនេះ និងត្រូវរក្សាភាពស្ងួតឱ្យជើងជានិច្ច។ សូមចាំថា វិធីសាស្ត្រមួយមិនតម្រូវសម្រាប់មនុស្សគ្រប់គ្នានោះទេ ដូច្នេះសូមកុំទាន់បោះចោលការព្យាយាមឱ្យសោះប្រសិនបើអ្នកកំពុងជួបជាមួយនឹងបញ្ហាផ្សិតលើក្រចកជើងនេះ៕