មិនថាស្ត្រីស្ថិតនៅក្នុងវ័យណានោះទេ តែងតែជួបនឹងបញ្ហាជ្រុះសក់ ហើយការជ្រុះសក់នេះបានធ្វើឱ្យស្ត្រីយើងមើលទៅចាស់ជាងវ័យ និងបាត់បង់ភាពទាក់ទាញរបស់ខ្លួន។ បញ្ហាជ្រុះសក់ចំពោះបុរសបានក្លាយទៅជារឿងធម្មតាទៅហើយ ទោះជាបុរសមានក្បាលទំពែកក៏មិនមានបញ្ហាអ្វីចោតឡើងធំដុំដែរ ប៉ុន្តែបើបញ្ហានេះកើតមានចំពោះស្ត្រីវិញ វាគឺជារឿងមួយដ៏គួរឱ្យអាម៉ាស និងជាបញ្ហាធ្ងន់ធ្ងរបំផុត ពីព្រោះភាពស្រស់ស្អាតគឺជាអ្វីដែលស្ត្រីគ្រប់រូបតែងប៉ងប្រាថ្នា ហើយការជ្រុះសក់នេះបានធ្វើឱ្យស្ត្រីបាត់បង់នូវភាពស្រស់ស្អាតរបស់ខ្លួន រហូតដល់ធ្វើឱ្យពួកគេមិនហ៊ានចេញទៅជួបនឹងមនុស្សនៅខាងក្រៅក៏បាន។ ជាក់ស្តែង ស្ត្រីភាគច្រើនតែងជួបនូវបញ្ហាជ្រុះសក់នេះនៅក្នុងជីវភាពរស់នៅរបស់ពួកគេជារៀងរាល់ថ្ងៃ ហើយសក់របស់ពួកគេកាន់តែតិច និងស្តើងទៅៗនៅពេលពួកគេឈានដល់វ័យចំណាស់។ បញ្ហាជ្រុះសក់នេះបានធ្វើឱ្យស្ត្រីទាំងអស់មានការឈឺចាប់ជាខ្លាំង។ ដូច្នេះសូមស្វែងយល់អំពីមូលហេតុ ដែលបណ្តាលឱ្យស្ត្រីភាគច្រើនជួបនឹងបញ្ហាជ្រុះសក់នេះ ដើម្បីឱ្យអ្នកអាចចាត់វិធានការការពារបញ្ហាជ្រុះសក់នេះបានទាន់ពេលវេលា និងយ៉ាងហោចណាស់ក៏អាចទប់ស្កាត់បញ្ហាជ្រុះសក់ឱ្យមានតិចតួចបំផុតតាមតែអាចធ្វើទៅបាន។
ការគេងមិនលក់
បញ្ហាគេងមិនលក់ គឺជាមូលហេតុដ៏សាមញ្មួយ ដែលធ្វើឱ្យសក់ជ្រុះ ហើយបញ្ហានេះកើតមានទាំងបុរស ទាំងស្ត្រី។ បញ្ហាគេងមិនលក់នេះកើតឡើងដោយសារតែពួកគេជួបនឹងបញ្ហាជាច្រើន ដែលធ្វើឱ្យពួកគេមានអារម្មណ៍តានតឹងខ្លាំង (ស្ត្រេស) ដូចជា បញ្ហាការងារ បញ្ហាការសិក្សា និងបញ្ហាមុខជំនួញរបស់ពួកគេជាដើម។ ស្ត្រេសបានធ្វើឱ្យប្រព័ន្ធអរម៉ូននៅក្នុងខ្លួនមនុស្សមានការប្រែប្រួល ដែលនាំឱ្យអ្នកជ្រុះសក់ដោយមិនដឹងខ្លួន។ ការប្រតិកម្មជាមួយនឹងថ្នាំ ដែលអ្នកប្រើប្រាស់ក៏ជាមូលហេតុធ្វើឱ្យអ្នកមានបញ្ហាជ្រុះសក់ផងដែរ។ ស្ត្រេសបានធ្វើឱ្យអ្នកគេងមិនលក់ ហើយការគេងមិនលក់ជាច្រើនថ្ងៃនឹងធ្វើឱ្យឫសសក់របស់អ្នកចុះខ្សោយរហូតដល់សក់ជ្រុះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃក្នុងបរិមាណច្រើនលើសពីធម្មតា។ បញ្ហាជ្រុះសក់ដោយសារការគេងមិនលក់នេះ កើតមានចំពោះមនុស្សគ្រប់វ័យ មិនថាជាមនុស្សវ័យជំទង់ មនុស្សវ័យកណ្តាល ឬមនុស្សវ័យចំណាស់នោះទេ។ បញ្ហាគេងមិនលក់នេះអាចនឹងបាត់ទៅវិញ ឬអាចនឹងកើតឡើងវិញជារឿយៗនៅពេលអ្នកជួបនឹងរឿងត្រូវគិតច្រើន ដែលបង្កទៅជាអារម្មណ៍ស្ត្រេស។
ដំណពូជ
បញ្ហាដំណពូជនេះគឺជាមូលហេតុដ៏ចម្បងដែលបង្កឱ្យសក់ជ្រុះស្ទើរទំពែកអស់ពីក្បាល ជាពិសេសបញ្ហានេះច្រើនកើតមានចំពោះមនុស្សប្រុសច្រើនជាងមនុស្សស្រី។ បញ្ហាដំណពូជនេះតែងបន្តពីឪពុកម្តាយមកដល់កូនរបស់ពួកគេ ហើយបើឪពុកម្តាយមានសក់ស្តើង ឬក្បាលទំពែកហើយនោះ កូនរបស់ពួកគេកម្រនឹងគេចផុតពីបញ្ហាដំណពូជនេះណាស់ ជាពិសេសកូនប្រុសរបស់ពួកគេនឹងមានសក់ស្តើង ឬក្បាលទំពែកដូចឪពុករបស់ពួកគេដែរ។ ការជ្រុះសក់នេះបង្កដោយជាតិគីមីម្យ៉ាងដែលមានឈ្មោះថា DHT កើតឡើងពីអរម៉ូនរបស់មនុស្សប្រុស ដោយហេតុនេះហើយបានជាបញ្ហានេះច្រើនកើតមានចំពោះមនុស្សប្រុសច្រើនជាងមនុស្សស្រី។ ចំពោះមនុស្សស្រីបើកើតមានបញ្ហាជ្រុះសក់ ដោយសារដំណពូជនេះ ភាគច្រើនតែងកើតមាននៅពេលស្ត្រីចាប់ផ្តើមអស់រដូវ។
ជំងឺទំពែក (សក់ជ្រុះមិនដុះវិញ)
ជំងឺនេះកើតឡើងដោយសារកោសិកាឈាមសនៅក្នុងខ្លួនរបស់អ្នកធ្វើឱ្យរន្ធនៃឫសសក់រួញតូចរហូតធ្វើឱ្យសក់មិនអាចដុះឡើងវិញបាន ហើយជាទូទៅសក់អាចនឹងមិនដុះលូតលាស់ជាច្រើនខែ ឬជាច្រើនឆ្នាំ បន្ទាប់មកទើបមានសក់ថ្មីដុះឡើងវិញខ្លះ។ ជំងឺទំពែកនេះបានធ្វើឱ្យសក់របស់អ្នកជ្រុះរហូតស្ទើរអស់ពីក្បាល ហើយត្រូវប្រើរយៈពេលយូរណាស់ ដើម្បីឱ្យសក់ថ្មីដុះឡើងវិញ ឬអាចនឹងមិនដុះសក់ថ្មីឡើងវិញក៏ថាបាន។ ជំងឺនេះអាចនឹងកើតមានឡើងវិញ បន្ទាប់ពីសក់ថ្មីបានដុះមកវិញ ហើយជំងឺនេះពិបាករកដំណោះស្រាយ និងវិធានការដើម្បីទប់ស្កាត់ខ្លាំងណាស់។ បញ្ហាសក់ជ្រុះរបស់មនុស្សស្រី និងមនុស្សប្រុសមានលក្ខណៈខុសគ្នា ចំពោះមនុស្សប្រុសអាចនឹងមានបទពិសោធច្រើនជាងក្នុងបញ្ហាជ្រុះសក់រហូតទំពែកអស់ពីក្បាល ចំណែកឯមនុស្សស្រីវិញ គឺគ្រាន់តែជ្រុះសក់ច្រើនរហូតធ្វើឱ្យសក់ស្តើងអាចមើលឃើញលលាដ៏ក្បាលប៉ុណ្ណោះ។ បញ្ហាជ្រុះសក់នេះបើកើតមានចំពោះមនុស្សប្រុសគឺពិបាកនឹងធ្វើការបិទបាំងខ្លាំងណាស់ ប៉ុន្តែបើមនុស្សស្រីវិញ ពួកគេអាចទុកសក់ឱ្យវែង ដើម្បីជួយបិទបាំងមិនឱ្យមនុស្សនៅជុំវិញខ្លួនមើលដឹងថា ពួកគេកំពុងជួបនឹងបញ្ហាជ្រុះសក់ ឬមានសក់ស្តើងមើលឃើញលលាដ៏ក្បាល។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ;ការបិទបាំងគឺមិនមែនជាដំណោះស្រាយដ៏ល្អនៅក្នុងបញ្ហាជ្រុះសក់នេះទេ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវរកវិធីព្យាបាល និងទប់ស្កាត់បញ្ហាជ្រុះសក់នេះឱ្យបានទាន់ពេលវេលា ដើម្បីការពារសក់របស់អ្នកមិនឱ្យជ្រុះតទៅទៀត និងដើម្បីថែរក្សាសម្រស់របស់អ្នកឱ្យស្រស់ផូរផង់ថែមទៀតផង៕