តើសៀវភៅភាពជាអ្នកមានកំពូល ជាសៀវភៅអ្វី? សៀវភៅនេះ គឺជាសៀវភៅដែលបានធ្វើការឆ្លុះបញ្ចាំងពីជីវិត ពីគំនិត ពីទស្សនៈ ពីការចាប់ផ្តើមអាជីវកម្ម ពីភាពជាអ្នកដឹកនាំ និងពីរូបភាពខ្លឹមសារសំខាន់ៗរបស់កំពូលអ្នកមានលើលោកចំនួន30រូប ថាតើពួកគេធ្វើម៉េច បានក្លាយជាកំពូលអ្នកមាននៅលើលោកយើងនេះ? តើពួកគេមានប្រភពមកពីណា និងធ្វើយ៉ាងដូចម្តេច បានអាចក្លាយជាអ្នកមានកំពូល នៅក្នុងបរិបទពិភពលោកពោរពេញទៅដោយការប្រកួតប្រជែង ការផ្លាស់ប្តូរ និងការប្រឈមនេះ? តើពួកគេទាំង30រូបនេះ មានទ្រព្យសម្បត្តិ និងឥទ្ធិពលខ្លាំងយ៉ាងណា? តើហេតុអ្វីបានជាពួកគេសឹងតែជាអ្នកបង្កើតឱ្យមានពិភពលោក ដែលយើងកំពុងរស់នៅសព្វថ្ងៃនេះ?
តើសៀវភៅភាពជាអ្នកមានកំពូល កើតឡើងយ៉ាងដូចម្តេច? សៀវភៅនេះ គឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរយៈពេល3ឆ្នាំពេញ និង5ឆ្នាំមិនពេញ ពីប្រភពសៀវភៅ ពីអីុនធើណិត និងពី You Tubeជាច្រើន ដោយផ្តោតទៅលើសំណួរថា តើពួកគេធ្វើយ៉ាងម៉េចបានក្លាយជាកំពូលអ្នកមាន ជាពិសេសតើពួកគេមានគំនិត មានសកម្មភាព និងមានភាពជាអ្នកដឹកនាំយ៉ាងដូចម្តេច? សៀវភៅនេះ គឺបានធ្វើការសិក្សាស្រាវជ្រាវពីឯកសារដែលមានស្រាប់ជាច្រើនប្រភព យកមកពិនិត្យពិចារណា យកមកផ្ទៀងផ្ទាត់ យកមករៀបរៀងនិងចងក្រងមាតិកា និងធ្វើការ-កែលម្អម្តងហើយម្តងទៀត រហូតទាល់ពេញចិត្ត ដោយមិនយកពីសៀវភៅណាមួយ ឬធ្វើតាមគំរូសៀវភៅណាមួយឡើយ។ ចំនួនមនុស្ស30នាក់ គឺចេញពីកំណត់ដោយខ្លួនឯង ការបែងចែកជា6ក្រុម និងការជ្រើសរើសលំដាប់កំពូលមនុស្សទាំង5ក្នុងអាណាចក្រនីមួយៗ គឺធ្វើឡើងដោយខ្លួនឯង។
ការដាក់រូបភាព ការរំលេចគំនិតឬគតិបណ្ឌិត ការរចនាទំព័រនីមួយៗ គឺជាគំនិត ដើម្បីទាក់ទាញឱ្យមនុស្សចូលចិត្តអាន ងាយចាប់បានចំណុចខ្លឹមសំខាន់ៗ និងយល់ច្បាស់ពីហេតុផលរបស់កំពូលអ្នកមានម្នាក់។
សៀវភៅនេះអាចនិយាយបានថា គឺមានតែ១គត់នៅលើលោក ព្រោះវាកើតឡើងពីការខិតខំ ការច្នៃប្រឌិតរបស់ខ្ញុំ និងក្រុមការងារ។
តើហេតុអ្វីបានជាយើងខ្ញុំអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ សរសេរសៀវភៅភាពជាអ្នកមានកំពូល?ការដែលបានក្លាយជាអ្នកដឹកនាំ គឺជាគោលបំណងដ៏ពិសិដ្ឋ និងដ៏ធំមហិមារបស់មនុស្សជាតិ។ មនុស្សដែលមានភាពជាអ្នកដឹកនាំ គឺអាចចាប់ផ្តើមពីអ្វីៗគ្រប់យ៉ាង មិនថាពួកគេនៅទីតាំងណាទេ តែពួកគេសុទ្ធតែអាចចាប់ផ្តើម ដើម្បីក្លាយជាអ្នកដឹកនាំ។ ពួកគេអាចកំណត់គោលដៅ និងជោគវាសនារបស់ខ្លួន តែមនុស្សភាគច្រើនបំផុតតែងនិយាយថា ខ្លួនគ្មានសិទ្ធិ គ្មានសេរីភាព គ្មានឱកាស និងគ្មានអំណាចដើម្បីធ្វើអ្វីដែលខ្លួនចង់ដើម្បីសម្រេចអ្វីដែលខ្លួនប្រាថ្នា ពោលគឺ ដោយសារតែប្រាក់។ ប្រាក់ គឺហាក់បីដូចជារបាំង និងជារនាំងមួយយ៉ាងធំបំផុត ដែលមនុស្សមិនងាយបំបែកបានឡើយ។ ដោយសារតែប្រាក់ បានធ្វើឱ្យមនុស្សធ្វើអ្វីដែលខ្លួនមិនចង់ និងទទួលបានអ្វីដែលខ្លួនមិនប្រាថ្នា។ ដោយសារតែប្រាក់បានធ្វើឱ្យមនុស្សប្រាថ្នាផ្សេង និងធ្វើផ្សឹង។ ដោយសារតែប្រាក់ បានធ្វើឱ្យមនុស្សមានតែសេចក្តីប្រាថ្នា តែគ្មានសកម្មភាព និងរស់ដោយការឈឺចាប់។
មានមនុស្សច្រើនណាស់ បានក្លាយជាមនុស្សគ្មានគុណធម៌ គ្មានសច្ចធម៌ គ្មានសីលធម៌ និងបានប្រព្រឹត្តអំពើថោកទាប ឃោរឃៅ ព្រៃផ្សៃមិនស្មើសត្វតិរច្ឆាន គឺដោយសារតែប្រាក់។ មានរឿងរ៉ាវច្រើនណាស់នៅលើលោកយើងនេះ គឺដោយសារតែប្រាក់ ដូចជា ប្តីប្រពន្ធឈ្លោះគ្នា លែងលះគ្នា ធ្វើឱ្យកូនរងទុក្ខវេទនា និរាសព្រាត់ប្រាស និងគ្មានសុភមង្គល។
ប្តីប្រពន្ធបង្ខំចិត្តចាកឆ្ងាយចោលគ្នា ឬចាកចោលគ្រួសារ ទៅធ្វើការនៅទីក្រុង ឬនៅបរទេស ទុកឱ្យកូនក្រុមគ្រួសារ មានភាពរងាឯកា ពេលឈឺពេលជាគ្មានភាពកក់ក្តៅ។ ឪពុកម្តាយកូនបងប្អូនឈ្លោះគ្នា ដណ្តើមទ្រព្យសម្បត្តិគ្នា ទាមទារកេរអាករគ្នា កាត់កាល់គ្នាចោល បាត់បង់អស់នូវភាពជាសាច់ឈាមនឹងគ្នា។ ឪពុកម្តាយលក់ខ្លួន លក់ឧត្តមគតិ លក់មនសិការ ឬកូនលក់ខ្លួន ដើម្បីជីវភាពគ្រួសារ បាត់បង់អស់នូវអនាគត កិត្តិយស សីលធម៌ និងគុណធម៌។ បងប្អូនឈ្លោះគ្នា កិបកេងប្រវ័ញ្ចគ្នា ក្បត់គ្នា កាត់កាល់គ្នាចោលបាត់បង់អស់នូវភាពជាបងប្អូននឹងគ្នា។ មិត្តភក្តិឈ្លោះគ្នា កុហកបោកប្រាស់គ្នា គុំកួនសងសឹកគ្នាបាត់បង់អស់នូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អយូរអង្វែង។ មនុស្សប្រព្រឹត្តអំពើហិង្សា លួច ឆក់ ប្លន់ សម្លាប់គ្នា បាត់បង់អស់នូវភាពជាមនុស្សដូចគ្នា។ល។
តើមនុស្សបង្កើតប្រាក់ ឬប្រាក់បង្កើតមនុស្ស? តើហេតុអ្វីបានជាមនុស្សច្រើនណាស់មិនអាចរស់ពីលើប្រាក់បាន? មនុស្សរស់នៅមានក្បាលជាអ្នកដឹកនាំបញ្ជា មានន័យថាមនុស្សមានខួរ មានវិចារណញ្ញាណ មានសុភវិនិច្ឆ័យ ចេះគិត ចេះវិភាគ ចេះថ្លឹងថ្លែង ចេះពិចារណា ចេះដឹងល្អអាក្រក់.. ចុះបើមនុស្សត្រូវបានដឹកនាំបញ្ជាដោយប្រាក់ មានន័យថាមនុស្សគ្មានខួរ គ្មានវិចារណញ្ញាណ គ្មានសុភវិនិច្ឆ័យ មិនចេះគិត មិនចេះវិភាគ មិនចេះថ្លឹងថ្លែង មិនចេះពិចារណា មិនដឹងល្អអាក្រក់… តើអនិច្ចាមនុស្សជាតិនេះនឹងទៅជាយ៉ាងណា? បើមនុស្សរស់ដោយឥតចេះពិចារណាដូចជាសត្វ មនុស្សរស់ឥតចេះគិតដូចជាវត្ថុ តើតម្លៃជីវិតមនុស្សជាតិនេះ នឹងទៅជាយ៉ាងដូចម្តេចទៅ?
តើសៀវភៅភាពជាអ្នកមានកំពូល មានគោលដៅអ្វី? សៀវភៅនេះ មានគោលដៅទី1 – ជាសៀវភៅឆន្ទៈចូលរួមជួយឱ្យមនុស្សជាតិយើងរស់ផុតពីប្រាក់ រស់ផុតពីភាពឥតដឹងអី និងមករស់ក្នុងវិចារណញ្ញាណជាមនុស្ស រស់ក្នុងភាពថ្លៃថ្នូរ រស់ក្នុងភាពកិត្តិយស និងកសាងឧត្តមភាពខាងក្នុង ពោលគឺភាពជាអ្នកដឹកនាំ ដោយធ្វើការចាប់ផ្តើមពីអ្វីដែលខ្លួនមាន ដើម្បីសម្រេចនូវអ្វីដែលខ្លួនប្រាថ្នា ដោយគ្មានលេសអ្វីដែលទាក់ទងនឹងប្រាក់ទៀតឡើយ។
ទី2 – ជាសៀវភៅមហិច្ឆតាបណ្តុះឆន្ទៈឱ្យប្រជាពលរដ្ឋកម្ពុជាយើងមានជំនឿថា ពួកយើងក៏អាចធ្វើបានដូចកំពូលអ្នកមានលើលោកទាំង3០រូបនោះដែរ។ ភាពជាអ្នកមានកំពូលទាំង3០រូបខាងលើ គឺពួកគេបានធ្វើការចាប់ផ្តើមពីគ្រប់ជ្រុងនៃជីវិត។ ដូច្នេះប្រជាពលរដ្ឋកម្ពុជាយើង ក៏អាចចាប់ផ្តើមនិងក្លាយជាអ្នកមានកំពូលនៅលើលោកយើងនេះបានដែរ។
ទី3 – ជាសៀវភៅចម្លើយដើម្បីក្លាយជាអ្នកមាន។មនុស្សគ្រប់គ្នា គឺចង់ក្លាយជាអ្នកមាន ហើយសំណួរបន្ទាប់ តើធ្វើម៉េច? ដូច្នេះសៀវភៅនេះ គឺជាសៀវភៅចម្លើយ។ សៀវភៅសម្រាប់មនុស្សគ្រប់គ្នា និងគ្រប់គ្រួសារ។ សៀវភៅនេះ មានចម្លើយរហូតដល់3០គំរូឬ3០វិធី ដើម្បីក្លាយជាអ្នកមាន។
ទី4 – ជាសៀវភៅសុបិន ប្រាថ្នាចង់ឃើញប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗ រស់ខ្ពស់ជាងប្រាក់។ មនុស្សបង្កើតប្រាក់ មិនមែនប្រាក់បង្កើតមនុស្សទេ។ មនុស្សថ្លៃជាងប្រាក់ មិនមែនប្រាក់ថ្លៃជាងមនុស្សទេ។ មនុស្សបង្កើតមកដើម្បីស្រឡាញ់ ប្រាក់បង្កើតមកដើម្បីប្រើប្រាស់ ដូច្នេះ មនុស្សមិនគួរក្លាយជាទាសកររបស់ប្រាក់ឡើយ។
ទី5 – ជាសៀវភៅអនុវត្តឬជាគម្ពីរអ្នកមាន ដែលបង្ហាញប្រជាពលរដ្ឋកម្ពុជាយើងម្នាក់ៗ ឱ្យរកឃើញនិងដឹងច្បាស់ពីរបៀបឬផ្លូវ ដើម្បីក្លាយជាអ្នកមានកំពូលនៅលើលោកយើងនេះ។ អាន3០ដង ដើម្បីកសាងចរិតជាអ្នកមាន និងក្លាយជាអ្នកមានពិតប្រាកដ៕ដោយលោក ហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ និងជាអ្នកនិពន្ធសៀវភៅ ភាពជាអ្នកមានកំពូល៕