មន្ត្រីក្រសួងទេសចរណ៍បានចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលបាននិងកំពុងរួមចំណែកក្នុងវិស័យទេសចរណ៍យ៉ាងខ្លាំងក្នុងការជំរុញកំណើនភ្ញៀវទេសចរ ប៉ុន្តែវាទាមទារជាចាំបាច់នូវការបណ្ដុះបណ្ដាលបំប៉នសមត្ថភាពបន្ថែមដល់មន្ត្រី និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដមរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម 4.0” ដែលបានប្រព្រឹត្តទៅរយៈពេល 10ថ្ងៃដោយមានប្រធានបទសំខាន់ៗមួយចំនួន ដូចជា៖ 1- ការស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើតអាជីវកម្ម Online,ECommerce។ 2- របៀបនៃការសិក្សា និងវិភាគទីផ្សារ ជំរុញការ-ផ្សព្វផ្សាយផលិតផល និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដោយប្រើបច្ចេកវិទ្យាឌីជីថល។ 3- ការកែទម្រង់នៃការធ្វើធុរកិច្ចពី Offline to Online ដែលកំពុងមាននិន្នាការកើនឡើង ដូចករណីOnline Travel Agent (OTA)។ 4- ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ដោយប្រើបច្ចេកវិទ្យា Internet of Things,V Rand AR, GPS Technology។ 5- ការស្វែងយល់ពីអនាគតនៃវិស័យទេសចរណ៍ តាមរយៈការវិវឌ្ឍនៃឧស្សាហកម្ម 4.0 ជាដើម។
ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងថា ទាំងអស់នេះសុទ្ធតែជាបច្ចេកវិទ្យាថ្មីៗ ដែលពិភពលោកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន និងទៅអនាគត ហើយបានក្លាយទៅជាកត្តាចម្បង ចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយការប្រកួតប្រជែងខ្ពស់។ ការបណ្ដុះបណ្ដាលធនធានមនុស្សជាភារកិច្ចចម្បង ដែលមិនអាចមើលរំលងបាន ក្នុងការឆ្លើយតបនឹងកំណើន 2ខ្ទង់ នៃទេសចរអន្តរជាតិដែលមកកម្ពុជាជារៀងរាល់ឆ្នាំ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះក៏បានបញ្ជាក់ដែរថា នៅឆ្នាំ2020 កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាង 7លាននាក់ ដែលនឹងនាំមកនូវចំណូលប្រមាណ 5ប៊ីលានដុល្លារ បង្កើតឱកាសការងារបានប្រមាណជិត 1លាននាក់ និងនៅឆ្នាំ2030 អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ 15លាននាក់ហើយនឹងនាំមកនូវចំណូលប្រមាណ 10ប៊ីលានដុល្លារបង្កើតឱកាសការងារប្រមាណជិត 2លាននាក់។
ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីរាជការ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ត្រូវយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះឱ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើរឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកនាសម័យទំនើបនេះ។
ស្របតាមចក្ខុវិស័យ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ 2017-2025 នៅឆ្នាំ2020 ក្រសួងទេសចរណ៍ ត្រូវជំរុញឱ្យអ្នកជំនាញយ៉ាងតិច 50% ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្របញ្ជាក់សមត្ថភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន តាមរយៈការបណ្តុះ បណ្តាល ឬការវាយតម្លៃសមត្ថភាព ហើយនៅឆ្នាំ2025 ត្រូវសម្រេចឱ្យបានយុទ្ធនាការ “បុគ្គលិក ម្នាក់ជំនាញមួយ”ពោលគឺជំរុញឱ្យអ្នកជំនាញទេសចរណ៍ទាំងអស់ត្រូវមានវិញ្ញាបនបត្រ ឬសញ្ញាបត្រ បញ្ជាក់សមត្ថភាព។
ឯកឧត្តម ហោ មុនីរ័ត្ន បានលើកឡើងថា វិស័យទេសចរណ៍កម្ពុជា បាននាំចំណូលចូលសេដ្ឋកិច្ចជាតិ ប្រមាណ 4,375លានដុល្លារ ស្មើនឹង 12.7% នៃផលិតផលក្នុងស្រុកសរុប (GDP) និងបានបង្កើតការងារផ្ទាល់ជាង 62ម៉ឺននាក់ ស្មើនឹង 13% នៃការងារសរុប។
ឯកឧត្ដមក៏បានលើកឡើងដែរអំពីសារៈសំខាន់នៃទីផ្សារប្រទេសចិនដែលចាំបាច់ត្រូវបំពេញតាមតម្រូវការដ៏ធំធេងនៃផ្នែកផ្សព្វផ្សាយ ទីផ្សារ រចនាសម្ព័ន្ធ និងធនធានមនុស្សប្រកបដោយសមត្ថភាពក្នុងវិស័យទេសចរណ៍។
កាលពីខែកក្កដាកន្លងទៅ កម្ពុជាក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ App “Kingdom of Wonder” ជាផ្លូវការនៅលើទូរស័ព្ទដៃ ឬ Mobile Application ផងដែរ ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាតាមប្រព័ន្ធឌីជីថលទៅកាន់ទីផ្សារទេសចរណ៍ពិភពលោក ឱ្យកាន់តែមានសក្កានុពលបន្ថែមទៀត។
App “Kingdom of Wonder”ដែលអាចប្រើនៅលើទូរស័ព្ទដៃនេះ គឺអាចឱ្យពលរដ្ឋ ពិសេសទេសចរជាតិ-អន្តរជាតិទាញយក (Download ) ដោយឥតគិតថ្លៃ នៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS (App Store) និងក្នុងប្រព័ន្ធប្រតិបត្តិការ Android (Play Store) ដែលពិធីប្រកាសឱ្យប្រើប្រាស់App នេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី16 កក្កដា ឆ្នាំ2019 នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រោមអធិបតីភាព លោក គុជ បញ្ញាសាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
បើតាមលោក គុជ បញ្ញាសា App “Kingdom ofWonder” គឺជាបណ្តុំព័ត៌មានទេសចរណ៍សំខាន់ៗរបស់កម្ពុជា រួមមានគោលដៅទេសចរណ៍ ព្រឹត្តិការណ៍ទេសចរណ៍ ផែនទីទេសចរណ៍ ជើងហោះហើរ អាកាសធាតុ ភោជនីយដ្ឋាន កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរក្នុងស្រុក និងព័ត៌មានសំខាន់ៗដទៃទៀត ដែលផ្តល់ភាពងាយស្រួលក្នុងការស្វែងរកព័ត៌មាន និងគ្រប់ជ្រុងជ្រោយសម្រាប់ភ្ញៀវទេសចរ ដែលមានបំណងមកកម្សាន្តនៅកម្ពុជា ទាំងពេលបច្ចុប្បន្ន និងអនាគត។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“វិស័យទេសចរណ៍យើងដើរមកដល់យុគសម័យនេះហើយ យើងត្រូវការ បច្ចេកវិទ្យា Digital ជាចាំបាច់ បើយើងក្រឡេកមើលទៅការវិវឌ្ឍរបស់ពិភពលោក ឬប្រទេសអាស៊ានជាដើម គេដើរមុនយើងបាត់ទៅហើយ គឺគេងាកទៅរកបច្ចេកវិទ្យា Digital គ្រប់កន្លែងហើយ។
លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា៖“ដូច្នេះយើងត្រូវបត់បែនខ្លួនទៅតាមគេ នេះគឺជារឿងសំខាន់នៅក្នុងវិស័យទេសចរណ៍យើង ដើម្បីឱ្យភ្ញៀវទេសចរបានឆែកមើលព័ត៌មានឱ្យបានទូលំទូលាយអំពីកម្ពុជា ថាតើគេអាចទៅលេងបាននៅឯណាខ្លះ? គេអាចមើលឃើញថា មានអ្វីខ្លះ? គេអាចធ្វើផែនការទុកមុន គេមិនចាំបាច់មកដល់ទើបបានធ្វើការស្រាវជ្រាវនោះទេ គេរៀបផែនការទុកមុនបាន ប្រសិនបើមានការជួយពីបច្ចេកវិទ្យាឌីជីថលនេះ គេក៏អាចក្តាប់ព័ត៌មានសំខាន់ៗពីកន្លែងទេសចរណ៍ដែលយើងមានបានយ៉ាងងាយ។
លោកជំទាវ ឆាយ ស៊ីវលីន ក៏បានបញ្ជាក់ផងដែរថា៖“ដូច្នេះយើងពិតជាត្រូវការនូវបច្ចេកវិទ្យា Digital ដែលពិតជាសំខាន់នៅក្នុងវិស័យទេសចរណ៍ ហើយបាននិងកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រនេះ។ វាក៏មានភាពចាំបាច់ណាស់ដែរក្នុងការជំរុញកំណើន និងអភិវឌ្ឍន៍វិស័យទេសចរណ៍”៕