ផ្អែកតាមការណែនាំថ្មីមួយដែលចេញផ្សាយដោយមន្ទីរសុខភាពនៃរដ្ឋ California បានឱ្យដឹងថា ការទុកទូរស័ព្ទស្មាតហ្វូននៅក្បែរខ្លួនពេលគេង អាចបណ្ដាលឱ្យកើតមានជំងឺមហារីក និងមេជីវិតថយចុះ។
មន្ទីរសុខភាពនោះបានណែនាំថា គួរដាក់នៅឱ្យឆ្ងាយពីខ្លួនគ្រប់ពេល ហើយពេលគេងគួរដាក់វានៅចម្ងាយឈោងដៃផុត។ ការធ្វើដូចនេះអាចកាត់បន្ថយការសាយភាយនៃសារធាតុវិទ្យុសកម្មពីសេវាទូរស័ព្ទបាន។ ទូរស័ព្ទបានបញ្ចេញរលកវិទ្យុសកម្មដែលមានកម្រិតហ្រេ្វកង់ទាប ជាសារធាតុវិទ្យុសកម្មអេឡិចត្រូម៉ាញេទិកមួយប្រភេទដែលកន្លងមកគេសិក្សាឃើញថា មិនមានប៉ះពាល់ដល់សុខភាពឡើយ។ ប៉ុន្តែមន្ទីរសុខភាពនៃរដ្ឋ California បាននិយាយថា ពេលនេះមានការសិក្សាគ្រប់គ្រាន់ ដែលបង្ហាញថាសេវាទូរស័ព្ទ ផ្ដល់ផលប៉ះពាល់អវិជ្ជមានដល់សុខភាព ដែលគ្រប់គ្នាគួរប្រុងប្រយ័ត្ន។
គ្មានការឯកភាពទូលំទូលាយក្នុងសហគមន៍វេជ្ជសាស្ត្រ ឬវិទ្យាសាស្ត្រអំពីចំណុចដែលថា សេវារបស់ទូរស័ព្ទអាចប៉ះពាល់ដល់សុខភាព ឬមិនប៉ះពាល់នោះឡើយ។ យ៉ាងណាក្ដី នៅទីក្រុងមួយចំនួនក្នុងរដ្ឋ California ចាប់ផ្ដើមចេញការព្រមានជាសាធារណៈ មិនឱ្យកាន់ទូរស័ព្ទជាប់នឹងខ្លួនរយៈពេលយូរនោះទេ។ ជាពិសេសការទុកទូរស័ព្ទនៅជាប់ខ្លួន ពេលកំពុងដោនឡូដឯកសារធំៗ ឬពេលទស្សនាវីដេអូ ដោយសារវាជាពេលដែលទូរស័ព្ទជះវិទ្យុសកម្មខ្លាំងជាងធម្មតា។
វេជ្ជបណ្ឌិត Devra Davis នៃ Environmental Health Trust បាននិយាយថា៖ ”ការទុកទូរស័ព្ទជាប់ខ្លួនមិនមែនជាគំនិតល្អនោះទេ”។ ថ្មីៗនេះរដ្ឋាភិបាលប្រទេសបារាំង បានចេញការហាមឃាត់មិនឱ្យប្រើទូរស័ព្ទចាប់ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់មធ្យមសិក្សា ដោយសារតែលទ្ធផលនៃការស្រាវជ្រាវថ្មីបានរកឃើញពីផលប៉ះពាល់នៃទូរស័ព្ទនេះ ប៉ុន្តែវេជ្ជបណ្ឌិត Devra និយាយថា យុវវ័យក៏គួរតែបារម្ភពីរឿងនេះដែរ៕