អ្នកភ្នួងការត្រូវទម្រង់ម្នាក់ប្រកាសផ្ទេរជំនាញដល់អ្នកចង់សម្អាងឱ្យត្រូវទម្រង់ខ្មែរ និងចង់ឱ្យអ្នកជំនាញសម្អាងខ្មែរស្លៀកឈុតត្រូវទម្រង់។
បរិបទចុងក្រោយ គេកត់សម្គាល់ថា សម្អាងការនៅក្នុងប្រទេសកម្ពុជាកាន់តែប្រកួតប្រជែងម៉ូដគ្នា រំលេចឈុតប្លែកៗចម្លងតាមប្រទេសក្បែរខាង ដោយឈុតមួយចំនួនជាឈុតទិញស្រាប់របស់ប្រទេសជិតខាង ដោយធ្វើឱ្យគេបារម្ភពីការចុះខ្សោយនៃទម្រង់ខ្មែរក្នុងវិស័យសម្អាងផង។ អ៊ីចឹងហើយ ទើបអ្នកឯកទេសខាងផ្នែកតែងសម្អាងឱ្យត្រូវទម្រង់ខ្មែរមួយរូប ប្រកាសជាសាធារណៈថា ខ្លួននឹងផ្ទេរចំណេះជំនាញពីការតែងសម្អាងឱ្យត្រូវទម្រង់នោះទៅឲ្យអ្នកជំនាន់ក្រោយដោយគ្មានលក្ខណ្ឌ ដើម្បីកុំឱ្យបាត់បង់ការយល់ដឹង។
លោក ហេងឡុង ម្ចាស់សម្អាងការហេងឡុងហ្គោល នៅបណ្ដោយផ្លូវជាតិលេខ៦A ទល់មុខផ្សារព្រែកលាភ ដែលត្រូវគេស្គាល់ថាជាអ្នកឯកទេសផ្នែកតែងសម្អាងត្រូវទម្រង់បែបខ្មែរបានល្អ បានអះអាងកាលពីថ្ងៃទី៥ កញ្ញា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធហាងថ្មី អមជាមួយការផ្លាស់ឈ្មោះពីសម្អាងការហេងឡុង មកជាហេងឡុងហ្គោលថា ឯកទេសតែងសម្អាងរបស់លោកស្ទាត់ជំនាញប្រមាណ២០ឆ្នាំមកហើយ ដោយជំនាញដែលយល់ដឹង មិនមែនចេះតាមគ្នានោះទេ ពោលគឺទទួលការហាត់រៀនច្បាស់លាស់ពីគ្រូៗនៅក្រសួងវប្បធម៌ និងការសិក្សាស្រាវជ្រាវ។ លោកថា ខ្លួនស្គាល់សំលៀកបំពាក់ទម្រង់ខ្មែរ ស្គាល់ក្បាច់ខ្មែរ តាំងពីក្លាយជាម្ចាស់សម្អាង ខណៈដែលលោកក៏បានប្រើជំនាញឌីហ្សាញជាសំលៀកបំពាក់កូនក្រមុំ កុម្ម៉ង់ជាក្បិន ជាឈៀង ជាខ្សែក្រវាត់ បានជាច្រើនម៉ូដ ក្នុងរចនាបទខ្មែរ ដោយមិនខ្វល់ពីការចំណាយដើមទុនខ្ពស់ ដើម្បីបន្សល់ទុកស្នាដៃ។ យ៉ាងណាមិញលោកថាខ្លួនមិនអាចប្រើតែទម្រង់ខ្មែរសុទ្ធ ដើម្បីឈរជើងក្នុងអាជីពសម្អាងការបានទេ គឺត្រូវតែមានឈុតបែបប្រទេសជិតខាង និងឈុតច្នៃបំពេញតម្រូវការផងដែរ។ លោកថាខ្លួនស្នាដៃគ្រប់ម៉ូដទាំងបែបប្រពៃណីសុទ្ធ និងបែបសម័យ ដោយគ្រាន់តែលោករមែងប្រាប់ភ្ញៀវជាប្រចាំ ថានោះមិនមែនជាឈុតទម្រង់ខ្មែរ មិនមែនជារចនាបទខ្មែរ ដើម្បីឱ្យអតិថិជនធ្វើការជ្រើសរើស។
លោក ហេង ឡុង ប្រកាសថា ខ្លួនមិនយកចំណេះជំនាញដែលខ្លួនចេះចាំទៅកប់ចោលទេ គឺត្រូវតែចែករំលែក ហើយក៏មិនគិតកម្រៃដែរ ឱ្យតែអ្នកទាំងនោះចំណាយពេលមកសួរនាំ ឬ ស្មើឲ្យលោកបង្ហាត់បង្ហាញ។ លោកថាក្នុងវិស័យសម្អាង លោកចង់តែភ្នួងក្នុងឈុតដែលជាទម្រង់ខ្មែរប៉ុណ្ណោះ ដើម្បីអភិរក្ស ប៉ុន្តែដោយសារតែការប្រកួតប្រជែងទើបឈុតក្លាយត្រូវតែធ្វើឲ្យខ្លាំងស្របគ្នា។ ក្នុងអាជីព២០ឆ្នាំ លោកថាយល់ដឹងស៊ីជម្រៅពីទម្រង់ខ្មែរ ទាំងរបៀបស្លៀកសំឡុយ ចងក្បិន រចនាបទគ្រឿង និងពិធីកិច្ចនីមួយៗជាដើម ដោយលោកបន្តថា គឺជារឿងលំបាកមួយសម្រាប់ម្ចាស់សម្អាងការ ដោយសារតែសំលៀកបំពាក់ និងគ្រឿងទម្រង់ខ្មែរ ត្រូវចំណាយខ្ពស់ ព្រោះត្រូវផលិតថ្មីទាំងអស់ មិនដូចឈុតស្រាប់ៗរបស់ប្រទេសក្បែរខាងឡើយ។
សូមជម្រាបបន្ថែមថា ក្នុងពិធីសម្ពោធសម្អាងការហេងឡុងហ្គោលនៅក្នុងថ្ងៃនោះ គេឃើញមានសុទ្ធតែវត្តមានអ្នកផាត់មុខអាជីព តារាចម្រៀងបុរាណ ម្ចាស់សម្អាងការល្បីៗ និងតារាមួយចំនួនផងដែរ៕