នៅរាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុមុខលើកទី៨ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ព្រមទាំងយុវផលិតករវ័យក្មេងកម្ពុជា ជាច្រើនរូប។
មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុម«ភាពយន្តឈូករ័ត្ន» ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានប្រកាសឱ្យដឹងថា «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖១. ការប្រកួតភាពយន្តឯកសារខ្លី ២. រង្វាន់ច្រើនមុខ ៣. កម្មវិធីពិសេសនៃការដាក់បញ្ចាំងរឿង«១លានឆ្នាំ» នាថ្ងៃប្រកាសបើកមហោស្រពតែម្ដង។ ហើយចាប់ពីថ្ងៃបើកនេះតទៅមហាជនទាំងអស់អាចមកទស្សនាភាពយន្ដខ្លីនៅសាលចតុមុខតែមួយគត់ និងធ្វើការបោះឆ្នោតគាំទ្រដល់រឿងដែលលោកអ្នកស្រឡាញ់ពេញចិត្តគិតថាល្អមើលជាងគេ»។
មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ក៏បានបោះជំហាន ទៅមុខប្រកបដោយក្តីសង្ឃឹម និង មោទកភាព ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ មានស្នាដៃ ភាពយន្តដែលនឹងត្រូវដាក់បញ្ចាំងចំនួន៥៣ស្នាដៃ ក្នុងនោះមាន១២ស្នាដៃ ជាភាពយន្តរបស់ យុវផលិតករវ័យក្មេងកម្ពុជាយើង។ នេះគឺជាជោគជ័យថ្មី មួយទៀតសម្រាប់ មហោស្រពភាពយន្ត ខ្នាតខ្លីចតុមុខ ដែលមានផលិតករភាពយន្តបរទេស ជាច្រើនចាប់អារម្មណ៍ និងបាន យកស្នាដៃភាពយន្ត របស់ពួកគេចូលរួមក្នុងមហោស្រពនេះ ហើយការចូលរួមនេះ គឺជាកាលានុវត្តន៍ភាពថ្មី មួយសម្រាប់យុវផលិតករភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រពីគំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួនទៅថ្ងៃអនាគត់។