របាយការណ៍ចុងក្រោយចេញពីការសិក្សារបស់ក្រុមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្ត្រនៃសាកលវិទ្យាល័យ Pennsylvania បានបង្ហាញពីទំនាក់ទំនងរវាងការប្រើប្រាស់បណ្ដាញសង្គម និងបញ្ហានៃជំងឺបាក់ទឹកចិត្ត ការធុញថប់អារម្មណ៍ និងភាពឯកាដែលកំពុងជជែកវែកញែកជាសាធារណៈ។
លោកស្រី Melissa G.Hunt នាយិកាផ្នែកបណ្ដុះបណ្ដាលនៃ Clinical Training និងមិត្តរួមការងារនៅ Upenn បានសាកល្បងធ្វើតេស្តដោយឱ្យមនុស្សប្រើប្រាស់បណ្តាញសង្គមបែបធម្មតា ធៀបនឹងការកំណត់ពេលវេលាត្រឹម 10នាទីក្នុង 1ថ្ងៃ។ ការសាកល្បងធ្វើឡើងលើបណ្តាញសង្គមពេញនិយមធំៗចំនួន៣ រួមមាន Instagram, Facebook និង Snapchat ដោយចំណាយពេលធ្វើតេស្តសរុប 3សប្តាហ៍លើនិស្សិត ចំនួន 143នាក់។
ជាលទ្ធផល ក្រោយសាកល្បងនេះបានបញ្ចប់ អ្នកជំនាញបានណែនាំឱ្យអ្នកប្រើប្រាស់គួរដាក់កំហិតពេលវេលាប្រើបណ្ដាញសង្គមត្រឹម 30នាទីបានហើយក្នុង 1ថ្ងៃ ដើម្បីពង្រឹងអារម្មណ៍ និងសុខភាពផ្លូវចិត្តឱ្យបានល្អ៕