DeepMind ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា AI របស់ Google បានប្រកាសថា កម្មវិធី AI របស់ពួកគេអាចកំណត់អត្តសញ្ញាណនៃជំងឺតម្រងនោមក្នុងអ្នកជំងឺ ដែលត្រូវការលាងឈាមដោយបន្ទាន់។ កម្មវិធីនេះអាចសម្គាល់ជំងឺមុនការចេញរោគសញ្ញា 48ម៉ោង ដោយមានកម្រិតភាពច្បាស់លាស់ 90%។
កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគម្រោងមួយរបស់ក្រុមហ៊ុន DeepMind និងដេប៉ាតឺម៉ង់កិច្ចការអតីតយុទ្ធជនសហរដ្ឋអាមេរិក (U.S. Department of Veterans Affair ឬ VA) សម្រាប់ធ្វើជាជំនួយការរបស់វេជ្ជបណ្ឌិត ក្នុងការកំណត់អត្តសញ្ញាណជំងឺ។ កម្មវិធី A.I. នេះអាចធ្វើរោគវិនិច្ឆ័យបានច្បាស់ ដោយសារការសិក្សារបស់ VA និង Royal Free Hospital in London។ DeepMind បានធ្វើការវិភាគទិន្នន័យអំពីអ្នកជំងឺរាប់សែននាក់ដែលបានយកមកពីមន្ទីរពេទ្យជាង 100កន្លែង។
នៅជុំវិញពិភពលោក មនុស្សប្រមាណជាង 2លាននាក់បានស្លាប់ក្នុង 1ឆ្នាំ ដោយសារជំងឺតម្រងនោម។ ជំងឺទាំងនេះអាចធ្វើឱ្យតម្រងនោមឈប់ដំណើរការ ធ្វើឱ្យមានការខូចខាតតម្រងនោម។ វេជ្ជបណ្ឌិតមានការលំបាកក្នុងការធ្វើរោគវិនិច្ឆ័យជំងឺទាំងនេះ ដោយសារតែជំងឺមានភាពមិនច្បាស់លាស់ និងបង្ហាញរោគសញ្ញាក៏នៅពេលដែលតម្រងនោមបានចាប់ផ្ដើមខូចខាតបាត់ទៅហើយ។
គួរបញ្ជាក់ដែរថា Google បានទិញក្រុមហ៊ុន DeepMind កាលពីឆ្នាំ2014 ក្នុងតម្លៃ 500លានដុល្លា ដើម្បីឈានចូលទីផ្សារបច្ចេកវិទ្យា AI និងយកចូលអ្នកបច្ចេកទេសសម្រាប់បញ្ហា Machine Learning របស់ Google។ គំរូសុខាភិបាលរបស់ DeepMind ទាំងអស់ នឹងផ្ទេរចូលគម្រោង Google Health ដែលសិក្សាក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីក និងការព្យាករពីការជាសះស្បើយអ្នកជំងឺ៕