ដើម្បីទទួលបាននូវភាពរីកចម្រើន ឬលទ្ធផលជាវិជ្ជមានសម្រាប់ជីវិត ទាំងជីវិតការងារ ជីវិតគ្រួសារ និងជីវិតអាជីវកម្មជាដើម មនុស្សម្នាក់ៗត្រូវការធាតុផ្សំជាច្រើនបញ្ចូលគ្នាដើម្បីអនុវត្តសកម្មភាពប្រកបដោយសក្តានុពលឆ្ពោះទៅរកចំណុចអភិវឌ្ឍន៍ជាលំដាប់។
លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ជាទូទៅយើងម្នាក់ៗតែងតែគិតថា ធាតុផ្សំដែលអាចធ្វើឱ្យមនុស្សម្នាក់ៗក្លាយជាមនុស្សមានសក្តានុពលខ្ពស់ក្នុងផ្នែកការងារ និងផ្នែកអាជីវកម្ម គឺចំណេះ ជំនាញ និងអត្តចរិតល្អ។ ជាការពិតណាស់ វាជាផ្នែកដែលអាចរុញច្រានឱ្យមនុស្សគ្រប់គ្នាទទួលបានលទ្ធផលល្អ តែវាមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ចំណុចសំខាន់មួយផ្សេងទៀតដែលមិនអាចខ្វះបាន និងក្តោបលើគុណសម្បត្តិទាំងប៉ុន្មានខាងលើនេះគឺ គំនិត។ គំនិត ជាចំណុចចាប់ផ្តើមដ៏សំខាន់ដែលកំណត់វាសនារបស់មនុស្ស ព្រោះប្រសិនបើមនុស្សម្នាក់ៗរៀបចំគំនិតមិនបានល្អ ទោះខំរៀនប៉ុនណាក៏មិនអាចឆ្លើយតបជាមួយនឹងការអភិវឌ្ឍជាក់ស្តែងបានដែរ ហើយប្រសិនបើមានតែជំនាញ ឬមានចរិតល្អប៉ុនណាក៏ដោយ បើគ្មានការគិតដែលត្រឹមត្រូវទេនោះ ប្រាកដជាមិនអាចទាញយកប្រយោជន៍ជាវិជ្ជមានពីការងារ ឬអាជីវកម្មបានដែរ។
លោក ប៉ិច បូឡែន បាននិយាយថា៖ «គំនិតដែលអាចរុញច្រានមនុស្សឱ្យទទួលបានការអភិវឌ្ឍជាប់ជាប្រចាំគឺការគិតបែបយុទ្ធសាស្រ្ត។ ការគិតបែបយុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើចំណុចសំខាន់ៗ3។ ទី1 គឺការគិតបែបវិភាគស៊ីជម្រៅ (critical thinking)។ ទី2 គឺការគិតបែបច្នៃប្រឌិត (creative thinking) និងទី3 គឺការគិតបែបជាប្រព័ន្ធ (ecosystem thinking)»។
អ្នកជំនាញអប់រំខាងលើបានលើកឡើងថា មនុស្សមួយចំនួនមានជំនាញពូកែដូចគ្នា មានចរិតល្អដូចគ្នា តែទទួលបានលទ្ធផលខុសគ្នា គឺដោយសារពួកគេមានគំនិតខុសគ្នា មានការមើលឃើញខុសគ្នាលើរឿងរ៉ាវតែមួយដែលកំពុងកើតឡើង។ មានមនុស្សខ្លះមានឱកាសច្រើននៅជុំវិញខ្លួន តែមើលមិនឃើញថានោះជាឱកាសឡើយ ខណៈមនុស្សខ្លះទៀតចាប់ឱកាសទាំងអស់នោះសឹងតែមិនទាន់។ ហេតុនេះ ការបណ្តុះគំនិត ឬរបៀបគិត គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍដំណើរជីវិតម្នាក់ៗឱ្យក្លាយជាបុគ្គលប្រកបដោយគុណតម្លៃជាវិជ្ជមានសម្រាប់គ្រប់ស្ថានការណ៍ទាំងអស់។ ដោយមើលឃើញពីសារៈសំខាន់នៃវិធីសាស្រ្តក្នុងការរៀបចំគំនិតនេះហើយ ទើបយើងនាំយកកម្មវិធីថ្មីមួយដែលមានឈ្មោះថា PRiTS ដែលជាកម្មវិធីសិក្សាផ្តោតលើការបង្កើតគំនិតច្នៃប្រឌិត វិភាគស្ថានការណ៍ អភិវឌ្ឈភាពឆ្លាតវៃ និងចំណេះដឹងជំនាញថ្មីៗតាមបំណិនជីវិតនាសតវត្សរ៍ទី21 មកដាក់បន្ថែមសម្រាប់ជាជម្រើសដល់អាណាព្យាបាលក្នុងការជំរុញការបណ្តុះបណ្តាលដល់កូនៗរបស់ពួកគាត់។
គួរបញ្ជាក់ផងដែរថា PRiTS ជាកម្មវិធីមួយរបស់ក្រុមហ៊ុន Genius Brain ដែលបង្កើតឡើងតាំងពីឆ្នាំ2004 ហើយចែកចាយទៅតាមប្រទេសមួយចំនួនដូចជា ប្រទេសម៉ាឡេស៊ី សិង្ហបុរី អូមែន បារ៉ែន ចក្រភពអង់គ្លេស ប្រ៊ុយណេ អាហ្វ្រិក និងប្រទេសកម្ពុជា។ កម្មវីធីនេះត្រូវបានទទួលសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ និងចែកចាយបន្តនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ចាប់ពីថ្ងៃទី26 ខែកក្កដា ឆ្នាំ2018 មកម្ល៉េះ។ វាជាកម្មវិធីដែលអាចរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងបន្ថែម លើជំនាញសហគ្រិនភាព គន្លឹះក្នុងការដោះស្រាយបញ្ហា ការគ្រប់គ្រង ការកសាងទំនុកចិត្តលើខ្លួនឯង ការអភិវឌ្ឍសមត្ថភាពទំនាក់ទំនង និងបង្កើនភាពក្លាហាន រួមទាំងបណ្តុះភាពច្នៃប្រឌិតជាដើម៕