ខ្សែការពារ Nathan Ake កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរទៅកាន់ក្លិប Bournemouth ក្នុងតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបនេះចំនួន20លានផោន (ស្មើនឹង25.88លានដុល្លារអាមេរិក) ពីក្លិបតោខៀវ Chelsea។
ការព្រមព្រៀងគ្នាមួយនេះត្រូវបានឈានដល់លក្ខខណ្ឌសំខាន់ផ្សេងៗរវាងក្លិបទាំងពីរដោយនៅសល់តែសេចក្តីលម្អិតបន្តិចបន្តួចប៉ុណ្ណោះក្នុងការដោះស្រាយ ខណៈដែល Ake ត្រូវបានគេរំពឹងទុកថា នឹងចុះហត្ថលេខារយៈពេល5ឆ្នាំក្នុងរយៈពេល48ម៉ោងទៀតហើយនិងត្រូវចូលរួមជាមួយនឹងមិត្តរួមក្រុមថ្មីរបស់គេនៅពេលហ្វឹកហាត់មុនបើករដូវកាលក្រោយចាប់ផ្តើម។ ការនាំយក Ake នេះ ត្រូវបានគេចាត់ទុកថា ជាការទទួលជោគជ័យមួយសម្រាប់ក្លិប Bournemouth ដែលបានយកឈ្នះក្នុងការប្រជែងពីសំណាក់ក្លិប West Bromwich Albion, Newcastle United, Southampton និង West Ham United ក៏ដូចជាក្លិបមកពីក្រៅប្រទេសជាច្រើនទៀតដែរ។ ខ្សែការពារវ័យ22ឆ្នាំរូបនេះ បានចំណាយពេលពាក់កណ្តាលរដូវកាលមុនក្នុងនាមជាកីឡាករកម្ចីនៅឯក្លិប Bournemouth និងបានបង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ក្រោមការដឹកនាំរបស់លោក Eddie Howe ដែលបានរងនូវការខកចិត្តយ៉ាងខ្លាំងនៅពេលដែល Chelsea បានធ្វើការកោះហៅ Ake ឱ្យចូលរួមជាថ្មីជាមួយនឹងក្រុមរបស់ខ្លួនវិញកាលពីខែមករា។
អ្នកចាត់ការទូទៅរបស់ក្លិប Bournemouth រូបនេះធ្លាប់បានទទួលបរាជ័យក្នុងការចុះហត្ថលេខាជាមួយនឹង Akeក្នុងកិច្ចសន្យាជាអចិន្ត្រៃយ៍រួចមកហើយនៅថ្ងៃចុងក្រោយនៃការបិទទីផ្សារដោះដូរកីឡាករកាលពីខែមករា ប៉ុន្តែឥឡូវបានបង្ហាញពីការចាប់អារម្មណ៍ជាថ្មីរបស់ខ្លួនភ្លាមៗនៅរដូវក្តៅនេះ៕
ប្រភពពី៖ The Guardian