បច្ចុប្បន្ននេះ សមិទ្ធផលដែលមានការអភិវឌ្ឍខ្លាំង និងលឿនជាងគេលើពិភពលោក គឺវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រោះជារៀងរាល់ថ្ងៃអ្នកវិទ្យាសាស្ត្រលើពិភពលោកកំពុងប្រកួតប្រជែងគ្នាខ្លាំងលើសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗដើម្បីទាញយកប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងដោះស្រាយបញ្ហានៃការរស់នៅរបស់មនុស្ស។
លោក ប៉ិច បូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងបដិវត្តន៍ឧស្សហកម្ម 4.0 ដែលអ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្របពេលដែលសមិទ្ធផលវិទ្យាសាស្ត្រថ្មីៗជាច្រើនបានកើតឡើងដែលធ្វើឱ្យការធ្វើអាជីវកម្ម និងការធ្វើការងារកាន់តែមានលក្ខណៈងាយស្រួល។ ទោះជាយ៉ាងនេះក្តី ទន្ទឹមនឹងភាពងាយស្រួលនេះ ប្រភេទការងារសំខាន់ៗ រួមទាំងចង្វាក់ផលិតកម្មនានានឹងត្រូវជំនួសដោយម៉ាស៊ីន ហើយឱកាសការងារមួយចំនួនធំនឹងត្រូវបាត់បង់។ ការងារដែលនឹងមានច្រើននាពេលអនាគត គឺការងារដែលម៉ាស៊ីនជំនួសមិនបាន ឬជាការងារសម្រាប់អ្នកជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលទៅគ្រប់គ្រងម៉ាស៊ីនទាំងអស់នោះ។ ចំណែកឯអ្នកដែលមានជំនាញតិច ឬអ្នកបត់បែនមិនទាន់គេ នឹងប្រឈមជាមួយបញ្ហាខ្វះការងារធ្វើ ឬធ្វើត្រឹមតែការងារតូចៗប៉ុណ្ណោះ។
លោក ប៉ិច បូឡែន បាននិយាយថា៖ “ដោយមើលឃើញថាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាជំនាញសំខាន់ សម្រាប់ការងារនៅថ្ងៃអនាគត ក្នុងនាមជាស្ថាប័នបណ្តុះបណ្តាល យើងបានខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកម្មវិធីជាច្រើនដើម្បីអភិវឌ្ឍសមត្ថភាពសិស្សរបស់យើងឱ្យមានគុណភាពកាន់តែប្រសើរលើផ្នែកដ៏សំខាន់នេះ”។
ស្ថាបនិកគ្រឹះស្ថានអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីអភិវឌ្ឍសមត្ថភាពសិស្សរបស់យើងឱ្យកាន់តែមានសក្តានុពលផ្នែកវិទ្យាសាស្ត្រ យើងបានបណ្តុះបណ្តាលសិស្សដោយយកចិត្តទុកដាក់តាមកម្មវិធីសិក្សាគោលរបស់ក្រសួងអប់រំ ដោយបញ្ចូលនូវការពិសោធជាក់ស្តែងដើម្បីឱ្យសិស្សយល់កាន់តែច្បាស់ពីគោលបំណងនៃមេរៀន។ ក្រៅពីនេះ យើងបញ្ចូលបន្ថែមនូវកម្មវិធី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដើម្បីផ្តល់ឱ្យពួកគេនូវជំនាញជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍចំណេះដឹងលើផ្នែកដែលពិភពលោកកំពុងត្រូវការនៅពេលបច្ចុប្បន្ន និងអនាគត។ បន្ថែមពីលើនេះ ថ្មីៗនេះ វេសឡាញ ក៏បានសហការជាមួយក្រុមហ៊ុន KOOMPI បង្កើតជាក្លិបអ្នកវិទ្យសាស្ត្រវ័យក្មេង ដោយអភិវឌ្ឍជាមជ្ឈមណ្ឌលសហសិក្សា សម្រាប់សិស្សសិក្សាផ្នែកបច្ចេកវិទ្យាតាមចំណង់ចំណូលចិត្ត ជាមួយនឹងអ្នកណែនាំផ្ទាល់ដើម្បីបង្ហាញផ្លូវឱ្យពួកគេកាន់តែខ្លាំង។ យើងរំពឹងថា ក្មេងៗជំនាន់ថ្មីរបស់កម្ពុជា នឹងមានសមត្ថភាពបង្កើតផលិតផលវិទ្យាសាស្ត្រថ្មីៗ ដែលមានតម្លៃសម្រាប់សង្គម និងពាណិជ្ជកម្មដូចក្មេងៗនៅបណ្តាប្រទេសអភិវឌ្ឍន៍ធំៗក្នុងពេលឆាប់ៗនេះ។ ហើយវេសឡាញ ក៏ត្រៀមខ្លួនផងដែរដើម្បីជំរុញឱ្យពួកគេមានការអភិវឌ្ឍកាន់តែខ្លាំងទាំងការលើកទឹកចិត្តជាស្មារតី និងថវិកាសម្រាប់ការវិនិយោគជាដើម។
លោកបានបន្ថែមទៀតថា ក្រៅពីការដាក់បញ្ចូលនូវកម្មវិធីសិក្សាវេសឡាញ ក៏បានដាក់ឱ្យប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបំផុតដល់សិស្សានុសិស្សដើម្បីឱ្យពួកគេទទួលបានបទពិសោធថ្មីៗផ្នែកបច្ចេកវិទ្យា ដូចជាបច្ចេកវិទ្យា Argument Reality (AR) និងកម្មវិធី Virtual Reality (VR) ជាដើម។
សាលារៀន វេសឡាញ និងណត្សឡាញន៍ ចាប់ផ្តើមចុះឈ្មោះចូលរៀនពីថ្ងៃនេះតទៅ និងចូលរៀនកម្មវិធីមត្តេយ្យភាសាអង់គ្លេស និងភាសាចិន នៅថ្ងៃទី1 ខែសីហា ឆ្នាំ2019 និងថ្នាក់ចំណេះដឹងទូទៅខ្មែរចូលរៀននៅថ្ងៃទី2 ខែកញ្ញា ឆ្នាំ2019៕