ភ្នំពេញៈ ផ្តើមចេញពីមាសមួយជី និងជ្រូកមួយក្បាល លោកឧកញ៉ាលី ហួរបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញរបស់ខ្លួនលើច្រើនវិស័យ ប៉ុន្តែជំនួញរបស់លោកឧកញ៉ាបានលេចធ្លោក្នុងវិស័យអចលនទ្រព្យ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានរូបនេះបានចែករំលែកពីវិធីធ្វើជាអ្នកមានរបស់ខ្លួនកាលពីសប្តាហ៍មុនថា ចង់ធ្វើជាអ្នកមានត្រូវមានមហិច្ឆតាធំ និងត្រូវមានគោលដៅច្បាស់លាស់ថាខ្លួនចង់បានអ្វី និងធ្វើអ្វី ប៉ុន្តែមិនត្រូវធ្វើអ្វីដែលប្រាសចាកពីច្បាប់នោះទេ។ លោកឧកញ៉ាបានបន្តថា យើងមិនត្រូវអស់សង្ឃឹមក្នុងជីវិតទេ យើងត្រូវតែតស៊ូ និងត្រូវមានមហិច្ឆតា ព្រោះបើគ្មានមហិច្ឆតា យើងធ្វើអ្វីក៏អត់បានសម្រេចដែរ។
លោកឧកញ៉ាបានបន្តថា “កុំគិតទុទិដ្ឋិថា ខ្លួនឯងធ្វើមិនបានឱ្យសោះ ព្រោះគេធ្វើបាន យើងក៏ធ្វើបានដែរ។ ត្រូវយល់ពីចំណុចនេះ”។ លោកបន្តថា “ទំរាំបានដូចសព្វថ្ងៃ អាយុខ្ញុំជាង 60ឆ្នាំទៅហើយ ហើយអ្នកណាថា អ្នកមានស្រួល?”។ លោកឧកញ៉ា លី ហួរ ជាអ្នកវិនិយោគគម្រោងអចលនទ្រព្យធំមួយនៅភាគខាងជើងរាជធានីភ្នំពេញ គឺគម្រោងបុរីវិមានភ្នំពេញ ដែលបច្ចុប្បន្នគម្រោងនេះបានបញ្ចប់ដំណាក់កាលទី4ហើយ។
តើអ្នកមានគេកត់សម្គាល់លើកត្តាអ្វីខ្លះ? សម្រាប់លោកឧកញ៉ាលី ហួរបានថ្លែងថា តើអ្នកមានគេសម្គាល់លើអ្នកមានប្រាក់ប៉ុន្មានឬ? មិនទាន់មាននិយមន័យទេ តែសម្រាប់ទស្សនៈរបស់លោកគឺ អ្នកមានផ្ទះនៅ មានរថយន្ត និងមានប្រាក់ចាយ គឺជាអ្នកមានហើយ។ បើមានសុភមង្គលទៀត គឺពិសេសតែម្តង។ លោកបន្តថា ត្រូវគិតពីអនាគតវែងឆ្ងាយ ត្រូវធ្វើឲ្យបានល្អ ហើយការសាងអំពើល្អមិនមែនជារឿងងាយឡើយ បើយើងថាយើងជាអ្នកមានប្រាក់ ហើយថាខ្លួនឯងជាមនុស្សល្អដែរនោះ គឺមិនពិតទេ ទាល់តែសាធារណមតិឲ្យតម្លៃ។ លោកបន្តថា “ដូច្នេះការខិតខំយូរអង្វែង តស៊ូយូរអង្វែង ទើបយើងទទួលបានជោគជ័យ”៕