ពិធីករស្រស់សង្ហាររបស់ស្ថានីយទូរទស្សន៍ ភីអ៊ីនអ៊ិន លោក អឿង សុខស៊ីណារ៉ា បាននិយាយថាលោកចង់ពង្រឹងអាជីពជាពិធីកររបស់ខ្លួនកាន់តែខ្លាំងថែមទៀតបន្ទាប់ពីទទួលការងារថ្មីជាពិធីករនៅ ភីអ៊ីនអ៊ិន។ ក្នុងនោះលោកក៏ត្រៀមចូលរួមសកម្មភាពសង្គមនានា ប្រសិនបើមានតម្រូវការពីពីស្ថាប័នផ្សេងៗ។
ការបញ្ជាក់ដូច្នេះដោយសារតែលោកយល់ឃើញថា ក្នុងនាមជាសិល្បករមួយរូបការចូលរួមការងារសង្គមគឺជារឿងចាំបាច់ទោះជាការងារនោះស្ថិតក្នុងកម្រិតណាក៏ដោយ។ ពិធីករក្នុងកម្មវិធីសិល្បៈ កម្សាន្តរបស់ភីអ៊ីនអ៊ិន បានបញ្ជាក់ថា៖”ខ្ញុំសប្បាយរីករាយនៅពេលក្លាយជា MC ម្នាក់ក្នុងកម្មវិធីព័ត៌មានសិល្បៈ កម្សាន្ត និងកម្មវិធីសិល្បៈកម្សាន្តរបស់ភីអ៊ីនអ៊ិន។ វាជារឿងមួយដែលយើងត្រូវតែយកចិត្តទុកដាក់បំផុតរឿងការងារសង្គមនេះ ប្រសិនបើយើងជាតារាម្នាក់ ទោះជាល្បី ឬមិនល្បីក៏ដោយ តែជាការងារមួយដែលតារាៗរីករាយនឹងចូលរួម”។ បើទោះជាមិនទាន់មានឈ្មោះបោះសំឡេងក្នុងសង្គមសិល្បៈដូចជាតារាមួយចំនួនក្ដី ក៏ប៉ុន្តែពិធីករស្រស់សង្ហាររូបនេះ ហាក់មិនអាក់អន់ស្រពន់ចិត្តនោះទេ។ លោកមានតែបង្ហាញក្ដីសប្បាយរីករាយនៅពេលក្លាយជាពិធីករម្នាក់ក្នុងកម្មវិធី ព័ត៌មាន ជីវិតកម្សាន្ត និងកម្មវិធី សិល្បៈ កម្សាន្តរបស់ស្ថានីយទូរទស្សន៍ភីអ៊ីនអ៊ិន ។
ពិធីករបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក Business នៅ CAMIU បន្ថែមថាលោកនឹងពង្រឹងសមត្ថភាពរបស់ខ្លួនថែមទៀតដើម្បីក្លាយជាពិធីករអាជីពម្នាក់នាពេលដ៏ខ្លីខាងមុខ។ ក្នុងនោះតារាវ័យ ២៦ឆ្នាំរូបនេះក៏ប្រកាសទទួលការថតស្ប៉ត និងភាពយន្តផងដែរប្រសិនបើមានបណ្ដាផលិតកម្មចង់ទាក់ទង។ បច្ចុប្បន្នលោក រឿង សុខស៊ីណារ៉ា កំពុងកាន់កម្មវិធី២នៅ PNN គឺកម្មវិធីព័ត៌មានជីវិតកម្សាន្តរបស់ភីអ៊ីនអ៊ិន ផ្សាយរៀងរាល់ថ្ងៃពីចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ៧ដល់ម៉ោង ៧និង៥០នាទីយប់ និងទី២កម្មវិធីសិល្បៈ កម្សាន្តផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង១១ ដល់ម៉ោង ១១ និង៣០នាទីថ្ងៃត្រង់។
តារារូបនេះក៏កំពុងសិក្សាបន្ថែមភាសា អង់គ្លេស និងភាសា ថៃ ដើម្បីជួយបង្កើតចំណេះដឹង និងតម្រូវការទីផ្សារផ្នែកពិធីករ។ លោកធ្លាប់ជា ធ្លាប់ជាបុគ្គលិកជំនួយការអ្នកផលិតកម្មវិធី និង creative កម្មវិធីកម្សាន្ត ២០១៥-២០១៧ និងធ្វើជាពិធីករក្នុងកម្មវិធី PNN Hi-Light និង Funny Clip និង outdoor reporter ឆ្នាំ២០១៦៕