ភ្នំពេញៈ មើលផ្ទះវីឡាដែលអនាគតគឺជាទ្រនំរួមស្នេហ៍ រួមខ្នើយរបស់គូស្នេហ៍តារាពីរដួង កញ្ញា កុល ដាវី និងលោក សុខ រក្សា ដែលមហាជនធ្លាប់ដឹងថា ពួកគេបានចូលលុយគ្នាទិញផ្ទះនៅឯបុរីជីបម៉ុងឡេនដ៍ ស្ថិតនៅក្បែរតំបន់ផ្សារទំនើបអ៊ីអនម៉ល់ទី២ នោះជិតរួចរាល់មែនទែនហើយ ខណៈចិត្តអ្នកទាំងពីរក៏អន្ទះសារខ្លាំងណាស់ដែរ ព្រោះទីនេះគឺជាជម្រកសុភមង្គល នៃការប្រារព្ធពិធីអាពាហ៍ពិពាហ៍ បន្ទាប់ពីសង់រួចរាល់ភ្លាមនោះ។
កាលពីម្សិលមិញនេះ គេបានឃើញ តារាសម្តែងស្រីសាច់សខ្ចីដូចពងមាន់បក ដើមទ្រូងសិចស៊ីទ្រលុកទ្រលន់នាង កុល ដាវី កំពុងតែជាប់ចំណងស្នេហ៍ជាមួយនឹងតារាចម្រៀងប្រុសសំឡេងធ្ងន់ ចេះទាំងនិពន្ធទំនុកច្រៀង និងបទភ្លេងខ្លួនឯងលោកសុខ រក្សា បណ្តើរគ្នាទៅមើលផ្ទះវីឡាកូនកាត់នោះ ហើយក៏បានបង្ហោះរូបភាព និងសារមួយឃ្លាខ្លីថា៖ «មុនទៅលក់ខោអាវ ឆ្លៀតមកមើលផ្ទះម៉ាផ្លេតសិន!»។
ពេលកន្លងមកធ្លាប់លេចឮព័ត៌មានថា តារាទាំងពីរដួងកាន់តែ មានសម្ព័ន្ធភាពស្អិតល្មួតបេះមិនដាច់ គឺលោក សុខ រក្សា និងកញ្ញា កុល ដាវី បានចូលលុយគ្នាទិញផ្ទះវីឡាតម្លៃជិតកន្លះលានដុល្លារ ឯណោះ ដែលស្ថិតនៅបុរីជីបម៉ុងឡេនដ៍។ តែថ្មីៗនេះ កញ្ញា កុល ដាវី បញ្ជាក់ថា៖ «ផ្ទះវីឡាកូនកាត់កម្ពស់ ២ជាន់ មានក្បាលទំហំ ៥ ម៉ែត្រ និងបណ្តោយ ១៦ ម៉ែត្រ នេះ កាលនាងខ្ញុំទិញនោះមានតម្លៃជាង ៩ ម៉ឺន ដុល្លារ ប៉ុណ្ណោះ»។ តារាសម្តែងស្រីរូបនេះ ក៏បានបង្ហើបបញ្ជាក់ពីវេលានៃការរៀបចំពិធីមង្គលការខ្លួនដែរថា៖ «សង្ឃឹមថាសង់ឆាប់រួចចុះ!ផ្ទះនេះកាលណារួចរាល់ ហើយក៏ត្រូវប្រើសម្រាប់រៀបការរបស់ពួកយើងភ្លាមៗដែរ»៕