មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុម«ភាពយន្តឈូករ័ត្ន» ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។
CSFF បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានរបស់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល ធនធានសោតទស្សន៏បុប្ផាណា ដែលមានការចូលរួមពីប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ហ៊ុយ សុជាតិ ប្រធានមហោស្រពឆ្នាំ២០១៩លោក ស៊ុំ ស៊ីថែន តំណាងគណៈ មេប្រយោគលោក ជៀប សុវិជ្ជា និងអ្នកឧបត្ថម្ភ ដៃគូសហការផ្សេងៗ និងសមិទ្ធិករភាពយន្តជាច្រើនរូប។
កម្មវិធីសន្និសីទសារព័ត៌មាននេះដែរ មហោស្រពធ្វើឡើងក្នុងគោលបំណង ចែករំលែកព័ត៌មានសំខាន់ៗ និងលក្ខណៈ ពិសេសរបស់មហោស្រពនៅឆ្នាំនេះផ្ទាល់ ទៅកាន់ដៃគូសហការ ក៏ដូចជាទស្សនិកជន ដែលតែងតែគាំទ្រ និងទន្ទឹង រងចាំពីមហោស្រពកន្លងមក។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖
១. ការប្រកួតភាពយន្តឯកសារខ្លី
ឆ្នាំនះ ក្រៅពីរឿងប្រឌិតខ្មែរទាំង១២រឿង នៅមានភាពយន្តឯកសារខ្លីខ្មែរ២រឿង និងបរទេស៤រឿងទៀត។ នេះមិនរាប់បញ្ចូលទាំង ភាពយន្តឯកសារ១៣រឿង ដែលផលិតក្រោមកម្មវិធី«តោះថតឯកសារនៅកម្ពុជា»របស់ក្រុម «ភាពយន្តឈូករ័ត្ន»ផ្ទាល់ផង។
២. រង្វាន់ច្រើនមុខ
🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា – ១ ០០០ដុល្លារ ជាសាច់ប្រាក់ (cash award) ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍ«សម្បួរមាស 6A-261» និងជាសេវាកម្មក្រោយថត (post-production award)ពីផលិតកម្ម «កងចក្រ»សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាមស្តង់ដារអន្តរជាតិ
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា – ៥០០ដុល្លារ
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០ ដុល្លារ
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – ៣០០ ដុល្លារ
🏆 រង្វាន់«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» – ៥០០ដុល្លារ
🏆 រង្វាន់«ជំរំភាពយន្តឯកសារ» – ៥០០ដុល្លារ
៣. កម្មវិធីពិសេស
ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងនៅតែសាលសន្និសីទចតុម្មុខតែមួយគត់។ ពិធីបើកមហោស្រព នាថ្ងៃទី៥កញ្ញា នឹងមានចាក់បញ្ចាំងរឿង«១លានឆ្នាំ» ដែលដឹកនាំដោយកញ្ញាសាន ដានេច និងផលិតដោយលោកជូ ដេវី។ ជារឿង ទទួលបានពានរង្វាន់ជាច្រើនពីទី្វបអាស៊ី និងអឺរ៉ុប។ លើសពីនេះ មហោស្រពឆ្នាំនេះមានរៀបចំសិក្ខាសាលាផលិត ភាពយន្តខ្លី និងកម្មវិធីជជែកពីអត្ថបទភាពយន្តខ្លីដែលទាក់ទាញ។
រីឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌វិញ បានលើកឡើងថា៖ «ខ្ញុំពិតជាកោតសសើរដល់ការខិតខំរបស់ក្រុម«ភាពយន្តឈូករ័ត្ន» ក៏ដូចជាគណៈកម្មការ មហោស្រព។ ឆ្នាំនះជាឆ្នាំពិសេស ព្រោះថា ក្រុមពួកគាត់បានចុះបណ្តុះបណ្តាលដល់យុវជន តាមខេត្តទៀតលើផ្នែកភាពយន្តឯកសារខ្លី ដែលជាខ្លឹមសារសំខាន់សម្រាប់ទស្សនិកជនយើងដែរ។»
មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯសាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេ។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
https://csff.co ឬ https://www.facebook.com/CSFF.co/
ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!