សម្រែកហូរកញ្ច្រៀវពេលរោងភាពយន្ដ Major នៅផ្សារទំនើបអ៊ីអន១ នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ខណៈដែលតារាវ័យក្មេងស្រស់ស្អាតហ្វីលីពីន២រូបជាតួឯករឿង«សួស្ដី ស្នេហា លាសិនហើយ ឬ Hello, Love, Goodbye » ដែលជាភាពស្នេហាល្បីល្បាញនៅប្រទេសហ្វីលីពីន។
តួឯកប្រុសស្រីទាំងពីរ ត្រូវអ្នកគាំទ្រចោមរោមមកលើកទឹកចិត្តដល់រោងកុនយ៉ាងណែនតាន់តាប់ ជាពិសេសគឺជនជាតិហ្វីលីពីន ដែលរស់នៅ និងបម្រើការនៅកម្ពុជា។ តួឯកស្រីប្រុសក្នុងរឿងបានអះអាងថា ជាលើកដំបូង ដែលបានមកដល់កម្ពុជា ហើយមានអារម្មណ៍រំភើប និងពេញចិត្តជាខ្លាំងដែលមានការទទួលយ៉ាងកក់ក្ដៅបែបនេះ។ ប្រសិនមានការសម្ដែងជាមួយតារាខ្មែរ លើទឹកដីខ្មែរ និងមានផលិតករផលិតភាពយន្តឱ្យអ្នកទាំងពីរបានរួមការងារសម្ដែង អ្នកទាំងរីករាយនឹងទទួលជានិច្ច។ អ្នកទាំងពីរក៏បង្ហាញអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែកផងដែរ នៅពេលសម្ពោធភាពយន្តរឿង”សួស្ដី ស្នេហា លាសិនហើយ” សម្រេចដាក់បញ្ចាំងលើកដំបូងនៅកម្ពុជា ហើយមានអ្នកគាំទ្រមកគាំទ្រពួកខ្លួនកកកុញពេញមុខវេទិកាបែបនេះ។
សូមជម្រាបផងដែរថា រឿង «សួស្ដី ស្នេហា លាសិនហើយ ឬ Hello, Love, Goodbye » តួឯកស្រីគឺ កញ្ញា Kathryn Bernardo សម្ដែងជា Joy និងកំឡោះសង្ហាតឯកប្រុស Alden Richards សម្ដែងជា Ethan ។សាច់រឿងប្លែកហើយប្រទាក់ក្រឡាធ្វើឱ្យអ្នកទស្សនា សើច ញញឹម ស្រក់ទឹកភ្នែក រំភើប ក្នុងការរម្មណ៍ដោយលន្លង់លន្លោចតាមរឿងទាំងមូល។ ភាពយន្ដរយៈពេលជិត 2 ម៉ោងនេះ និយាយអំពី នាង Joy បានចាកចេញពីហ្វីលីពីនទៅធ្វើការតាមផ្ទះនៅហុងកុង ដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាងនៅហ្វីលីពីន និងមានបំណងចង់ធ្វើចំណាកស្រុកទៅប្រទេសកាណាដា។ កំឡោះសង្ហា Ethan គឺជាអ្នកក្រឡុកស្រាខណៈដែលគាត់រង់លរដ្ឋពេញសិទ្ធនៅហុងកុង។ Joy នាងព្យាយាមគេចវេសឆ្ងាយពីទំនាក់ទំនងស្នេហារបស់ Ethan ប៉ុន្តែមិនអាចរួចផុតពីស្នេហានេះបានឡើយ។ នៅពេលនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយ ពួកគេទាំងពីរនាក់ព្រមព្រៀងគ្នាថា ទំនាក់ទំនងនឹងមានលក្ខណៈបណ្តោះអាសន្នតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលចំណងរបស់ពួកគេកាន់តែស៊ីជម្រៅតើពួកគេនឹងអាចរក្សាកិច្ចព្រមព្រៀងរបស់ពួកគេបានទេ?ចង់ដឹងថាសាច់រឿងស៊ីជម្រៅ គឺមានតែក្នុងរោងកុនទំនើបប៉ុណ្ណោះដែលមានដាក់បញ្ចាំងពីថ្ងៃនេះតទៅហើយ។ កុំភ្លេចកក់សំបុត្រទុកមុនណា ព្រោះកន្លែងអង្គុយមានកំណត់៕