មានការលើកឡើងថា វុទ្ធ សុគន្ធា លេចធ្លោក្នុងគម្រោងទៅសម្ដែងនៅអូស្ត្រាលីនេះ គឺដោយសារតែតាំងពីនាងបង្ហាញខ្លួននៅលើទឹកដីសំបូរដោយកុងហ្គូរ៉ូ គឺនាងរមែងបង្ហោះរូបភាពច្រៀងរាំនៅតាមផ្ទះរបស់បងប្អូនខ្មែរ ដែលរៀបចំពិធីទទួលនាង ដោយនាងមានមុខមិនអន់ជាងតារារួមក្រុមនោះទេ ខណៈដែលក្នុងឱកាសខ្លះនាងទទួលបានការអញ្ជើញពីសំណាក់អ្នកគាំទ្រច្រើនជាងមិត្តរួមក្រុមផង។ នាងក៏ត្រូវគេអះអាងថាត្រូវបានប្អូនខ្មែរ និងអ្នកធានាទទូចឲ្យបន្តការច្រៀងនោះផង ប៉ុន្តែនាងមិនអាចបន្តបានដោយសារតែការងារក្នុងស្រុក។
កញ្ញា វុទ្ធ សុគន្ធា ទទួលស្គាល់ថា ការបង្ហាញខ្លួនមកច្រៀងលើកនេះ ទទួលបានការគាំទ្រខ្លាំងជាងមុនច្រើន បើធៀបនឹងពេលដែលនាងចេញច្រៀងក្នុងប្រទេសអូស្ត្រាលីកន្លងមក។ ក្នុងនោះសម្រាប់ឱកាសដើរកម្សាន្ត ក៍ត្រូវបានបងធម៌ៗដែលស្រលាញ់រាប់អាននាងរស់នៅទីនោះ ជូននាងដើរបានច្រើនជាងមុនផងដែរ ដោយនាងយល់ថាដំណើរលើកនេះ គឺការរាក់ទាក់ពីបងប្អូនខ្មែរ គឺកក់ក្ដៅ។
យ៉ាងណាមិញនាងមិនទាន់ប្រកាន់ថាបានទៅច្រៀងនៅប្រទេសញូហ្សេឡិន តបតាមការអញ្ជើញរបស់ស្ពុនស័រនៅឡើយទេ ដោយសារតែបញ្ហាទិដ្ឋាការនៅញូហ្សេឡិនមិនទាន់ធ្លាក់។ នាងអាចត្រលប់មកស្រុកសិន ទើបឡើងទៅវិញ ឬ អាចបន្តទៅញូហ្សេឡិនតែម្ដង បើគ្មានបញ្ហា ដោយរង់ចាំមើលភាពជាក់ស្ដែង។ ក្នុងនោះកញ្ញា ក៏មិនអាចបន្តពេលវេលាច្រៀងលើសពូថ្ងៃទី៥ កញ្ញា ខាងមុខបានដែរ ដោយសារតែការងារក្នុងស្រុកក៏ជាប់កុងត្រា មិនអាចលើកបាន។ នាងថាខ្លួនត្រូវសម្ដែង១ខែនៅអូស្រ្តាលី និង កន្លះខែនៅញូហ្សេឡិន ដោយនាងនឹងបំពេញបានតែក្នុងរយៈពេលដែលបានព្រមព្រៀងជាមួយស្ពុនស័រមុនឡើងមកប៉ុណ្ណោះ ដោយមិនអាចបង្អូសពេលបានទេ។
សូមជម្រាបថា ការបង្ហាញខ្លួនច្រៀងរាំនៅក្នុងប្រទេសអូស្ត្រាលីលើកនេះ គេកត់សម្គាល់ថាតារាចម្រៀងកញ្ញា វុទ្ធ សុគន្ធា ទទួលបានការគាំទ្រខ្លាំងមិនចាញ់តារារួមក្រុមរួមមាន លោក អេឡិច ចាន់ត្រា លោក សៅ ឧត្តម និងកញ្ញា ព្រះកាយច័ន្ទ នោះទេ។ ផ្ទុយទៅវិញ ធៀបនឹងការបង្ហាញខ្លួនចេញច្រៀងនៅក្រៅប្រទេសមុនៗ គឺនាងទទួលបានការគាំទ្រជាងមុន៕