អ្នកនាង សាន សុខកក្កដា ត្រូវបានមហាជនជាច្រើនស្គាល់ថាជាតារាចម្រៀងជើងចាស់មួយដែលមានប្រជាប្រិយភាពនៅអំឡុងឆ្នាំ ១៩៩៥ និងជាម្ចាស់ជ័យលាភីលេខ១តាមរយៈការប្រឡងចម្រៀងនៅខេត្តព្រះសីហនុទៀតផង។ មួយរយៈចុងក្រោយនេះ អ្នកនាងបានបាត់មុខពីសិល្បៈឡើងឆាកសម្ដែង និងច្រៀងតាមកញ្ចក់ទូរទស្សន៍ ដោយសារមមារញឹកជាមួយមុខរបបរក្រៅសិល្បៈ និងការមើលថែគ្រួសារ។
ថ្មីៗនេះអ្នកនាង សាន សុខកក្កដា ត្រូវគេអះអាងថា កំពុងតែកាក់កបនឹងមុខរបរលក់តាមអនឡាញយ៉ាងខ្លាំង ដោយអ្នកនាងល្បីឈ្មោះនឹងធ្វើងៀតគោ ងៀតក្របី និងត្រីងៀត ដែលអាចឲ្យអ្នកនាងកើបលុយដល់ថ្នាក់ទិញបានវីឡាថ្មីៗនោះផង។ ជាមួយនឹងជោគជ័យនេះ អ្នកនាងឈានដល់ការបើកហាងមួយកន្លែងនៅខាងមុខបុរីពិភពថ្មីនៅតាខ្មៅតែម្ដង ដើម្បីបញ្ចេញថ្វីដៃងៀតគោងៀតក្របី ដែលល្បីល្បាញជាយូរមកហើយឱ្យកាន់តែខ្ទរខ្ទារ។
អ្នកនាង សាន សុខកក្កដា ហៅម៉ាក់ដា បានបញ្ជាក់ប្រាប់ថា ដោយសារតែងៀតគោ ងៀតក្របី និងត្រីងៀតរបស់ខ្លួនទទួលបានការគាំទ្រ និងមានការទទួលស្គាល់ខ្លាំងឡើង ទើបអ្នកនាងសម្រេចចិត្តបើកហាងសាច់អាំងងៀតគោងៀតក្របីតែម្ដង ដើម្បីពង្រីកប្រាក់ចំណូលឲ្យកាន់តែកើន។ អ្នកនាង បានសារភាពថា ខ្លួនធ្លាប់បើកអាជីវកម្មធំដុំច្រើនមុខមកហើយ ដោយទើបតែបិទសាឡនធំមួយចោលមិមស្ដាយប៉ុណ្ណោះ ដោយសារតែមុខរបរនោះ គឺល្អតែមើល។ អ្នកនាងថាខ្លួនទើបតែស្គាល់ចំណេញក្ឌាំងៗ និងមិនសូវហត់ចិត្តក្រោយបើករបរលក់ត្រីងៀត គោងៀត ក្របីងៀត និងជ្រក់ជាដើម តាមអនឡាញប៉ុណ្ណោះ ខណៈដែលមុខរបរនេះ តាំងពីអ្នកនាងចេញលក់គឺស្ទើរតែធ្វើមិនទាន់នឹងតម្រូវការកុម្ម៉ង់ទិញ។ អតិថិជនទាំងនោះ ភាគច្រើនជាអ្នកក្រៅស្រុក និងអ្នកដែលមានជីវភាពធូរធារ ដែលកុម្ម៉ង់ម្ដងៗដប់ម្ភៃគីឡូផង៕