ភ្នំពេញៈ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបាត់បង់ចំណូល 1.3ភាគរយនៃផលទុនជាតិសរុប (GDP) ហើយចំនួននេះនឹងកើនឡើងដល់ 1.5ភាគរយនៅឆ្នាំ 2030 ខាងមុខ។
ទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការបានថ្លែង និងលើកឡើងបែបនេះនៅក្នុងសិក្ខាសាលាស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនៃគម្រោងវិនិយោគ ការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងការបញ្រ្ជាបយេនឌ័រនាព្រឹកថ្ងៃទី28 ខែមិថុនា ឆ្នាំ2017នេះថា បញ្ហាប្រែប្រួលអាកាសធាតុត្រូវបានទទួលស្គាល់ថា ជាកត្តាសំខាន់មួយដែលអាចប៉ះពាល់ដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនោះកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេសទី1 ដែលងាយរងគ្រោះ និងប្រឈមពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ គឺមានកត្តារួមផ្សំជាច្រើន ជាពិសេសសមត្ថភាពបន្សាំ និងចំណេះដឹងនៅមានកម្រិត។
ចំណែកកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសបានជួបប្រទះនូវការបាត់បង់ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះដែលបានធ្វើឲ្យមានផលវិបាកដល់ជីវភាពរស់នៅរបស់ប្រជាជននៅតាមជនបទ និងបានកាត់បន្ថយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកស្រី កែវ វឌ្ឍនា ប្រធានគម្រោងការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុបានលើកឡើងក្នុងបទបង្ហាញរបស់ខ្លួនថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមិនត្រឹមតែខាតបង់ថវិកាផលទុនសរុបរបស់ជាតិប៉ុណ្ណោះទេ គឺអាចធ្វើឲ្យមានការប៉ះពាល់ដល់ធនធានមនុស្សនៅកម្ពុជាផងដែរ ដូច្នេះទាមទារឲ្យមានការធ្វើសកម្មភាពជាបន្ទាន់នៅទូទំាងប្រទេស ព្រោះបញ្ហាស្រ្តី កុមារ បុរស ចាស់ជរា និងជនពិការសុទ្ធតែទទួលផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុមិនដូចគ្នានោះឡើយ
ដូចនេះដើម្បីធានានូវប្រសិទ្ធភាពសម្រាប់គម្រោងវិនិយោគនៃការប្រែប្រួលអាកាសធាតុ គឺត្រូវការនូវគំនិតផ្តូចផ្តើមពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ក្នុងប្រទេសដែលជាកត្តាមិនអាចចៀសបាន៕