មានមុខរបរជាច្រើននៅកម្ពុជាដែលប្រជាជនមិនសូវចាប់អារម្មណ៍ តែវាជាមុខរបរដែលផ្តល់ផលប្រយោជន៍ច្រើនដល់ម្ចាស់អាជីវកម្មខ្លួនឯងផង និងដល់ប្រជាជនក្នុងសហគមន៍ផង។ ការកែច្នៃដីទំនេរ ឬតំបន់ដែលមានសក្តានុពលទេសចរណ៍ឱ្យក្លាយជាតំបន់ទេសចរណ៍សហគមន៍ ជាចំណុចល្អមួយដែលប្រជាជនទូទៅមិនសូវចាប់អារម្មណ៍ បើទោះបីជាវាផ្តល់ផលប្រយោជន៍ច្រើន និងយូរអង្វែងក៏ដោយ។
លោក ពត សុផល សហស្ថាបនិកអង្គការ OBT ដែលបានបង្កើតជាតំបន់ទេសចរណ៍សហគមន៍នៅខេត្តកំពង់ចាមបានលើកឡើងថា ការបង្កើតឱ្យមានតំបន់ទេសចរណ៍សហគមន៍អាចផ្តល់ផលចំណេញច្រើនដល់ប្រជាជនក្នុងសហគមន៍ឱ្យមានជីវភាពធូរធារ និងអាចជួយអភិវឌ្ឍសមត្ថភាពកូនៗរបស់គាត់បានល្អថែមទៀតផង។ លោកថា ផលចំណេញដែលម្ចាស់ទីតាំងទទួលបានពីការគាំទ្រ និងថ្លៃសេវាស្នាក់នៅ ក៏ដូចជាថ្លៃម្ហូបអាហារជាដើមពីភ្ញៀវទេសចរដែលមកស្នាក់នៅកម្សាន្តនៅក្នុងសហគមន៍។ ចំណែកឯប្រជាជននៅក្នុងសហគមន៍វិញ គាត់ក៏អាចនឹងមានភាពងាយស្រួលក្នុងការលក់ផលិតផលកសិកម្មរបស់គាត់ដើម្បីផ្គត់ផ្គង់ឱ្យតំបន់ទេសចរណ៍ទាំងអស់នោះផងដែរ។ ជាធម្មតាប្រជាជនយើងច្រើនតែទុកដីទំនេរនៅជុំវិញផ្ទះចោលដោយមិនបានប្រើប្រាស់វាឱ្យអស់ពីសក្តានុពលនោះទេ ហេតុនេះនៅពេលដែលមានទីតាំងទេសចរណ៍នៅជិតផ្ទះរបស់គាត់ គាត់អាចប្រើប្រាស់ដីទាំងអស់នោះដើម្បីបង្កើតជាកន្លែងចិញ្ចឹមសត្វ និងដាំដំណាំតាមបែបធម្មជាតិសម្រាប់ផ្គត់ផ្គង់ឱ្យគេបាន ព្រោះភ្ញៀវទេសចរណ៍ទៅលេងសហគមន៍ភាគច្រើន ចង់ទទួលទានអាហារស្រស់ៗបែបធម្មជាតិ។
លោក សុផល បានបញ្ជាក់ផងដែរថា តំបន់ដែលលោកបានបង្កើតឡើងជាទេសចរណ៍សហគមន៍នេះ គឺប្រើប្រាស់ដីដែលនៅជិតមាត់ទន្លេដែលមានទេសភាពស្រស់ស្អាតដើម្បីកែច្នៃ និងអភិវឌ្ឍឱ្យមានផ្ទះស្នាក់នៅសម្រាប់ភ្ញៀវទេសចរដែលភាគច្រើនជាបរទេសមកស្នាក់នៅក្នុងតម្លៃសមរម្យ។ ទន្ទឹមនឹងនោះលោកក៏បានបង្កើតជាសាលារៀននៅទីនោះដើម្បីជួយបង្រៀនកូនអ្នកភូមិឱ្យចេះភាសាអង់គ្លេស ជំនាញទេសចរណ៍ និងជំនាញមួយចំនួនទៀត ដែលផ្តល់ផលចំណេញសម្រាប់កុមារនៅក្នុងសហគមន៍ ស្របពេលដែលវាក៏ធ្វើឱ្យភ្ញៀវទេសចរក៏មានភាពស្និទ្ធស្នាល និងអាចចំណាយពេលវេលាបង្រៀនពួកគេពីភាសាអង់គ្លេស ហើយរៀនពីភាសាខ្មែរពីក្មេងៗទាំងនោះមកវិញទៀតផង។
លោក ពត សុផល បាននិយាយថា៖ “ភ្ញៀវទេសចរក្នុងស្រុកប្រហែលជាមិនសូវចាប់អារម្មណ៍ពីការទស្សនាទេសភាព និងទស្សនាសហគមន៍ប៉ុន្មានទេប៉ុន្តែសម្រាប់ភ្ញៀវទេសចរបរទេសវិញ គាត់ពិតជាចូលចិត្តការទស្សនាពីទេសភាពប្លែកដែលគ្មាននៅក្នុងប្រទេសគាត់ និងចូលចិត្តចូលឱ្យដល់សហគមន៍របស់ប្រជាជនដើម្បីស្វែងយល់ពីភាពរីករាយក្នុងការរស់នៅក្នុងតំបន់ជនបទ”។
ក្រៅពីការរៀបចំឱ្យមានចំណុចទាក់ទាញពីទេសចរណ៍ធម្មជាតិដែលអាចមើលឃើញព្រះអាទិត្យលិចនៅមាត់ទន្លេហើយនោះ ថ្មីៗនេះលោកសុផលបាននឹកឃើញរបរថ្មីមួយទៀត នោះគឺការដាំផ្កាឈូករ័ត្នដើម្បីចិញ្ចឹមឃ្មុំនៅលើដីដែលសេសសល់ក្នុងតំបន់របស់គាត់។ ស្របពេលដែលរបរចិញ្ចឹមឃ្មុំចាប់ផ្តើមដំណើរការល្អ ផ្កាឈូករ័ត្នក៏បានក្លាយជាទេសភាពស្រស់ស្អាតសម្រាប់ថតរូបកម្សាន្តពីសំណាក់ប្រជាជនខ្មែរទាំងក្នុង និងក្រៅខេត្តផងដែរ។
លោកបានឱ្យដឹងថា ដំបូងឡើយ លោកមិននឹកស្មានថា វាអាចនឹងទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបែបនេះទេ តែបន្តិចម្តងៗប្រជាជនបានមកថតរូប ហើយបង្ហោះក្នុងបណ្តាញសង្គមច្រើនឡើងៗ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ដែលឆ្លងកាត់ទីនោះតែងតែចូលមកច្រើនឡើងៗ ធ្វើឱ្យតំបន់របស់លោកអាចរកចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ឱ្យការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បន្តទៀត។
លោក ពត សុផល បាននិយាយថា៖ “តាមពិតទៅការបង្កើតឱ្យមានកន្លែងបែបនេះ មិនចំណាយច្រើនពេកទេ ព្រោះយើងអាចស្វែងរកប្រភពវត្ថុធាតុដើមសម្រាប់សាងសង់បាននៅក្នុងសហគមន៍ តែវាត្រូវការការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ពិតប្រាកដដើម្បីធ្វើវា”។
ដើម្បីជាសារមួយសម្រាប់ប្រជាជនទូទៅលោកបានបញ្ជាក់ថា ប្រសិនបើមានដីទំនេរ គួរប្រើប្រាស់វាឱ្យអស់ពីសក្ដានុពល និងសមត្ថភាព ហើយកុំគិតបែបស្មុគស្មាញច្រើនពេក ប្រសិនបើយើងពិតជាស្រឡាញ់ទេសចរណ៍ និងការអភិវឌ្ឍសហគមន៍ពិតប្រាកដ។ យើងអាចប្រើប្រាស់ធនធានដែលមានស្រាប់ទាំងនោះគ្រប់យ៉ាង បន្តិចម្តងៗដើម្បីអភិវឌ្ឍ និងទាញយកផលយូរអង្វែងទាំងអស់គ្នាជាមួយប្រជាជនក្នុងសហគមន៍ ដើម្បីការរីកចម្រើន និងចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រីផងដែរ៕