មនុស្សមួយចំនួនយល់ឃើញថា ការបន្តការសិក្សានៅកម្រិតឧត្តមសិក្សា គួរតែជ្រើសរើសយកមុខវិជ្ជាណាដែលធ្វើឱ្យខ្លួនឯងរីករាយ ឬស្របតាមចំ-ណង់ចំណូលចិត្ត ព្រោះគេយល់ឃើញថា ការអប់រំ គឺដើម្បីទទួលបានសេចក្តីសុខពេញមួយជីវិត ខណៈមនុស្សមួយចំនួនទៀតយល់ថា ការចាប់យកអាជីពសម្រាប់អនាគត គួរតែជ្រើសរើសយកអាជីពណាដែលគេពេញនិយម ទទួលបានលុយកាក់ច្រើន ឬមានមុខមាត់ល្បីជាដើម។
លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា ការជ្រើសរើសការងារដែលខ្លួនពេញចិត្ត ជាកត្តាសំខាន់ដែលមនុស្សម្នាក់ៗគួរពិចារណា។ ប្រសិនបើយើងជ្រើសរើសមុខជំនាញដែលមិនត្រូវនឹងអ្វីដែលយើងស្រឡាញ់ពិតប្រាកដ នោះការសិក្សាក៏មិនអាចធ្វើបានល្អដែរ ព្រោះយើងមិនចូលចិត្ត ហើយគិតថា វាជាសម្ពាធសម្រាប់ការអភិវឌ្ឍខ្លួនឯង ហើយបើទោះបីជាខំសិក្សា ឬធ្វើការងារបានល្អហើយក៏ដោយ ក៏ពេលខ្លះយើងនៅតែមិនសប្បាយចិត្តដែរ។ ជាក់ស្តែង យើងឃើញថា មានមនុស្សមិនតិចទេដែលបានបោះបង់អាជីពដែលមានប្រាក់ចំណូលខ្ពស់ៗ ហើយមកធ្វើការងារដែលខ្លួនស្រឡាញ់វិញ បើទោះបីជាអាជីពនោះមានចំណូលតិចជាងអាជីពចាស់ក៏ដោយ។
លោក អាំង ភារៈ បាននិយាយថា៖ «មុនចាប់អាជីពការងារ គួរស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់ថា តើយើងជាមនុស្សមានទេពកោសល្យផ្នែកណាខ្លះ មានចំណង់ចំណូលចិត្តអ្វីខ្លះ ហើយការងាររបៀបណាខ្លះដែលធ្វើឱ្យយើងធ្វើការងារដោយមិននឿយហត់»។
អ្នកជំនាញផ្នែកការងារខាងលើបានលើកឡើងផងដែរថា មានមនុស្សខ្លះឆាប់ដឹងខ្លួនឯងថា ពេលមិនសូវស្រឡាញ់ការងាររបស់ខ្លួនឯង ក៏អាចឆាប់ងាកទៅស្វែងរកអ្វីដែលខ្លួនស្រឡាញ់ តែមានមនុស្សខ្លះទៀតចំណាយពេលវេលាជាច្រើនឆ្នាំដើម្បីមកវិញ។ គោលដៅនៃការរស់នៅរបស់មនុស្សម្នាក់ៗ ចង់បានសេចក្តីសុខ ហេតុនេះការធ្វើអ្វីដែលខ្លួនស្រឡាញ់ពេញចិត្តពិតប្រាកដ អាចធ្វើឱ្យយើងរីករាយជាមួយនឹងអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃ ហើយកម្លាំងជំរុញវិជ្ជមានជាច្រើននឹងចូលមកក្នុងជីវិតរបស់យើងធ្វើឱ្យការងារកាន់តែប្រសើរឡើង តែប្រសិនបើយើងធ្វើការងារដែលមិនស្រឡាញ់វិញនោះ យើងនឹងមានអារម្មណ៍ថា ឆាប់នឿយហត់ ឬងាយបាក់ទឹកចិត្ត ទោះបីជាមានលុយកាក់ច្រើនក៏មិនប្រាកដថា សប្បាយចិត្តដែរ។
លោក អុិន ច័ន្ទធារ៉ា ស្ថាបនិកក្រុមហ៊ុននាឡិ៍ បានលើកឡើងថា នាពេលបច្ចុប្បន្ន មានមនុស្សវ័យក្មេងជាច្រើនដែលបរាជ័យក្នុងការរកស៊ីជាច្រើនលើកច្រើនសា ហើយនៅតែបន្តធ្វើមិនបានល្អដដែល បើទោះបីជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ បញ្ហាទាំងអស់នោះកើតមកពួកគេរកមិនឃើញពីអ្វីដែលខ្លួនស្រឡាញ់ពិតប្រាកដ។ លោកថា បច្ចុប្បន្ននេះមនុស្សវ័យក្មេងមួយចំនួនបានមើលឃើញពីរូបភាពខាងក្រៅច្រើនជាងមើលឃើញពីចំណូលចិត្តខាងក្នុងរបស់ខ្លួន ដូចជាស្វែងរកមុខរបរដែលគេរកលុយបានច្រើន រកមុខរបរដែលអាចលេចមុខលេចមាត់ ឬហ៊ឺហាជាងមុខរបរដែលពួកគេពេញចិត្តនឹងធ្វើយ៉ាងអស់ពីចិត្ត។
លោក អុិន ច័ន្ទធារ៉ា បាននិយាយថា៖ «សម្រាប់ខ្ញុំក៏ដូចគ្នា ខ្ញុំបានចំណាយពេលជាយូរឆ្នាំដើម្បីស្វែងរកអ្វីដែលខ្ញុំស្រឡាញ់ពិតប្រាកដ មុននឹងខ្ញុំសម្រេចចិត្តអភិវឌ្ឍចង្វាក់ផលិតកម្មនេះឡើង រហូតមានការអភិវឌ្ឍជាបន្តបន្ទាប់»។
សហគ្រិនខាងលើបានលើកឡើងថា ការធ្វើអាជីវកម្មមិនមែនងាយស្រួលដូចគ្រប់គ្នា ជាពិសេសយុវជនយល់ឃើញនោះទេ តែវាមានឧបសគ្គជាច្រើនដែលទាមទារឱ្យខិតខំប្រឹងប្រែងក្នុងការដោះស្រាយវាឱ្យបានស្វិតស្វាញបំផុត ហេតុនេះប្រសិនបើយើងមិនស្រឡាញ់វាពិតប្រាកដ ឬវាមិនស្របជាមួយនឹងចំណង់ចំណូលចិត្តពិតប្រាកដយើងអាចនឹងមានភាពនឿយណាយបន្តិចម្តងៗរហូតបោះបង់វាចោលនៅពេលរវល់ខ្លាំងជាមួយនឹងការដោះស្រាយបញ្ហាច្រើនពេក។ លោកថា ពេលខ្លះចំពោះអាជីវកម្មចាប់ផ្តើមដំបូង ត្រូវដោះស្រាយរឿងហិរញ្ញវត្ថុ និងបញ្ហាបុគ្គលិកជាដើម ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ និងតស៊ូរហូតដល់ចំណុចវិជ្ជមានមួយ ហេតុនេះប្រសិនបើយើងពិតជាស្រឡាញ់វាពិតប្រាកដ នោះមានន័យថា វាជាឱកាសដែលធ្វើឱ្យយើងបញ្ចេញសមត្ថភាពដើម្បីបំពេញរឿងដ៏មានន័យសម្រាប់ជីវិត មិនមានសម្ពាធខ្លាំងពេកនោះទេ។ ការធ្វើបែបនេះធ្វើឱ្យយើងមានកម្លាំងជំរុញវិជ្ជមានជាប់ជានិច្ច ព្រោះគោលដៅរបស់យើងគឺដើម្បីធ្វើរឿងអស្ចារ្យមួយដែលចិត្តយើងចង់ និងរីករាយក្នុងការធ្វើវា៕