នវានុត្តន៍ ដែលមានន័យថាជាគំនិតច្នៃប្រឌិត ឬការបង្កើតអ្វីដែលថ្មី គឺជាវិធីសាស្រ្តដែលល្អបំផុតសម្រាប់ធ្វើឱ្យមនុស្សគ្រប់គ្នា ឬអង្គភាពក្រុមហ៊ុនមួយទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់លោក Gabriel Helmy ប្រធាននាយកប្រតិបតិ្តនៃក្រុមហ៊ុន The Capacity Specialist ប្រចាំនៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងពីគំរូរបស់ Steve Jobs ស្ថាបនិកក្រុមហ៊ុន Apple ដែលផលិតកុំព្យូរទ័រយួរដៃដំបូងគេ និងផលិតស្មាតហ្វូនម៉ាក iPhone ល្បីទូទាំងពិភពលោកផងនោះ ធ្លាប់បាននិយាយថា «នវានុវត្តន៍ឬគំនិតបង្កើតថ្មីគឺជាវិធីសាស្រ្តល្អបំផុតសម្រាប់ឱ្យក្រុមហ៊ុនទទួលបានជោគជ័យ»។ លោកបន្តថា នវានុវត្តន៍អាចត្រូវបានគេប្រើក្នុងគោលដៅ សម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្ម ដំណើរការអាជីវកម្មដើម្បីជួយឱ្យក្រុមហ៊ុនដើរឆ្ពោះទៅមុខក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ និងបង្កើនប្រាក់ចំណេញរបស់ខ្លួន។ តែយ៉ាងណាក៏ដោយលោក Helmy ក៏បានបញ្ជាក់ផងដែរថា ការបង្កើតថ្មីក៏អាចបន្សល់ទុកនូវបញ្ហាជាច្រើនសម្រាប់ក្រុមហ៊ុនផងដែរ បើយើងបង្កើតអ្វីថ្មីមួយដោយមិនបានគិតឱ្យគ្រប់ជ្រុងជ្រោយ។
លោក ស៊ីវ ស្រេង គ្រូបណ្តុះបណ្តាលនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានគាំទ្រទៅនឹងគំនិតបង្កើតថ្មី ថាពិតជាធ្វើឱ្យមនុស្ស និងក្រុមហ៊ុនទទួលបានជោគជ័យពិតប្រាកដមែន។ លោកបន្តថា លោក Steve Jobs បានរកឃើញ និងបង្កើតក្រុមហ៊ុន Apple ដំបូងគេ ហើយគ្មានអ្នកណាម្នាក់ជឿថា ក្រុមហ៊ុននេះមានភាពល្បីល្បាញទូទាំងពិភពលោកមកទល់បច្ចុប្បន្នដូច្នេះឡើយខណៈដែលក្រុមហ៊ុនត្រូវបានបង្កើតឡើងថ្មីនៅពេលដែលលោករៀនមិនទាន់ចប់មហាវិទ្យាល័យផងនោះ។ អ្វីដែលធ្វើឱ្យលោក Steve Jobs ជោគជ័យនោះគឺគាត់បានផលិតកុំព្យូទ័រយួរដៃ និងទូរស័ព្ទម៉ាក iPhone យកទៅឱ្យមនុស្សដែលមានឥទ្ធិពល ឬមេដឹកនាំប្រទេសប្រើប្រាស់ជាមុន បន្ទាប់មកផលិតផលទាំងពីររបស់គាត់ត្រូវបានគាំទ្រលើទីផ្សារខ្លាំងជាងគេនៅទូទាំងពិភពលោក។
គួររំលឹកថា ទ្រឹស្តីនៃពាក្យ«នវានុវត្តន៍»ត្រូវបានបង្កើតឡើងដោយលោក Natalie Turner ជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Entheo Networks, a global leadership innovation company។ ការបង្កើតទ្រឹស្តីនេះគឺដើម្បីផ្តល់នូវវិធីសាស្រ្តសមស្របសម្រាប់បុគ្គល និងអង្គភាពក្រុមហ៊ុនទូទៅ សម្រាប់វាស់កម្រិតនៃការរៀបចំបុគ្គលិកលក្ខណៈ ជំនាញ សមត្ថភាព នៅក្នុងវប្បធម៌មួយដើម្បីជួយអភិវឌ្ឍគំនិតបង្កើតថ្មី៕