បច្ចុប្បន្នទីផ្សារអចលនទ្រព្យកំពុងស្ថិតក្នុងបរិបទនៃការលក់ និងទិញដីឡូត៍តូចៗសម្រាប់សង់លំនៅឋានយ៉ាងសកម្មឥតឈប់ឈរ ទោះជាស្ថិតនៅក្នុងរដូវភ្លៀងធ្លាក់ក៏ដោយ ក៏សកម្មភាពនៃការលក់-ទិញនៅតែមានសកម្មភាពនៅតាមគម្រោងរបស់ក្រុមហ៊ុនមួយចំនួន ខណៈដែលអ្នកទិញភាគច្រើនយល់ឃើញថា ការទិញដីឡូត៍ទុកលក់ នៅតែអាចទទួលបានប្រាក់ចំណេញច្រើនក្រោយពីការវិនិយោគរួច។
ប្រធានផ្នែកទីផ្សារអចលនទ្រព្យនៃក្រុមហ៊ុន Sanny Group លោក វិន ឈុនហ៊ាត ដែលបាននិងកំពុងទទួលគម្រោងលក់ដីឡូត៍នៅតាមតំបន់ផ្លូវជាតិមួយចំនួន ជាពិសេសនៅតាមផ្លូវជាតិលេខ4 បានឱ្យដឹងថា៖ “ការពុះដីឡូត៍នៅតាមបណ្តោយផ្លូវជាតិលេខ4 ពិតជាមានសកម្មភាពខ្លាំងឡើងៗក្នុងមួយរយៈកន្លងមកនេះប្រាកដមែន ខណៈដែលរដ្ឋាភិបាលទទួលបានជំនួយ 110លានដុល្លារពីធនាគារពិភពលោក ដើម្បីស្ថាបនាផ្លូវជាតិលេខ4ឡើងវិញ”។
លោកបានបន្តថា៖“ខណៈសកម្មភាពពុះដីឡូត៍ កំពុងមានសកម្មភាពកាន់តែគគ្រឹកគគ្រេងនោះ គេឃើញពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបាននិងកំពុងសម្រុកទិញដីឡូត៍កាន់តែច្រើនឡើងៗដែរ។ ទន្ទឹមគ្នានោះ អ្នកដែលមានចំណូលទាប និងមធ្យម និងកម្មករ-កម្មការិនីរោងចក្រភាគច្រើនក៏បាននាំគ្នាទិញទុកសម្រាប់សង់លំនៅឋានរស់នៅជារបស់ខ្លួនឯងផ្ទាល់ជាជាងជួលផ្ទះគេនៅតទៅទៀត”។
លោកបានបញ្ជាក់ថា៖ “សម្រាប់ប្រជាពលរដ្ឋភាគច្រើនដែលមកទិញដីឡូត៍ ភាគច្រើនគឺទិញទុកលក់បន្ត ឬទុកសង់ជាផ្ទះសម្រាប់រស់នៅខ្លួនឯង ដោយអ្នកខ្លះទិញ1 ទៅ 2ឡូត៍ ខ្លះទៀតនាំបងប្អូនមកទិញ 2 ទៅ 6ឡូត៍ក្នុងម្នាក់ៗ និងខ្លះទៀតទិញរហូតដល់ 12ឡូត៍ម្នាក់ឯងក៏មាន ហើយក្រុមហ៊ុនរបស់ខ្ញុំបានលក់អស់ នៅសល់ប្រមាណមិនដល់ 10%ទេ ដោយដីឡូត៍ទាំងនោះមានទំហំ 5 X 20m ក្នុងតម្លៃប្រមាណជា 6,000-7,000 ដុល្លារ ក្នុង1ឡូត៍”។
ជាមួយគ្នានេះ លោកប្រធានផ្នែកទីផ្សារលក់ដីឡូត៍ក៏បានឱ្យដឹងបន្ថែមទៀតដែរថា សកម្មភាពសាងសង់សំណង់ផ្ទះល្វែងលក់ និងសកម្មភាពពុះដីឡូត៍លក់ នៅតាមបណ្តោយផ្លូវជាតិលេខ3 ចាប់ពីរង្វង់មូលចោមចៅ រហូតដល់គីឡូម៉ែត្រទី13 ឬហួសពីហ្នឹងទៅមុខប្រហែលជា 5គីឡូម៉ែត្រទៀត កំពុងតែមានសកម្មភាពសស្រោកសស្រាំខ្លាំងឡើងៗ ទន្ទឹមនឹងការជួសជុល និងស្ថាបនាផ្លូវជាតិលេខ3 ឆ្ពោះទៅកំពង់ផែទឹកជ្រៅខេត្តកំពតដែរ ហើយរោងចក្រឧស្សាហកម្មនានា ក៏កំពុងរំកឹលខ្លួនចេញពីភូមិសាស្ត្ររាជធានីភ្នំពេញទៅរកតំបន់ជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ3 និងលេខ4 នេះដែរ។
លោក វិន ឈុនហ៊ាត បានទទួលស្គាល់ថា៖“បច្ចុប្បន្ននេះដោយសារតែរដូវភ្លៀង ការទិញ-លក់ដីឡូត៍មានការរយាលបន្តិច តែវាមិនថមថយចុះទេនិងអាចបន្តទៅបាន 2-3ឆ្នាំទៅមុខទៀតដោយមិនមានបញ្ហា ដោយសកម្មភាពនេះនឹងមានបន្តនៅតាមតំបន់ជាយក្រុង តំបន់ផ្លូវ41 ផ្លូវ51 (ផ្លូវថ្នល់ទទឹង)នៅតែមានតម្រូវការ ដោយសាររដ្ឋាភិបាលមានគម្រោងរើឃ្លាំងស្តុកទំនិញធំៗ ក្រុមហ៊ុន និងរោងចក្រមួយចំនួនទៅនៅជាយក្រុងវិញ។ ដូច្នេះការពុះដីឡូត៍វាកំពុងតែមានវិសាលភាព និងបានពង្រីកខ្លួននៅតាមតំបន់អភិវឌ្ឍន៍តាមបណ្តោយផ្លូវក្រវាត់ក្រុង”។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានទទួលស្គាល់ថា៖“ការពុះដីឡូត៍លក់នៅតំបន់ជាយ-ក្រុង ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្តល់ឱកាសឱ្យអ្នកមានចំណូលទាប និងមធ្យមមានអចលន-ទ្រព្យនៅក្នុងដៃនឹងគេ ដែលនឹងអំណោយផលដល់ពួកគាត់ដើម្បីសាងសង់ផ្ទះរស់នៅផ្ទាល់ខ្លួន សម្រាប់បំពេញការងារផ្សេងៗ មិនលំបាកជួលគេរស់នៅតទៅទៀត”។
លោកស្រីបន្តថា៖“សម្រាប់អ្នកមានចំណូលទាប និងមធ្យម អ្នកធ្វើការក្រុមហ៊ុន សហគ្រាស ឬនៅតាមរោងចក្រ ក៏អាចមានឱកាសទិញដីឡូត៍ទុកសម្រាប់សាងសង់ផ្ទះនៅដោយខ្លួនឯងបានដែរ។ បើយើងមានលុយមិនគ្រប់សង់ផ្ទះក្ដី ឱ្យតែមានលុយទិញដី គឺអាចយកប្លង់ដីទៅដាក់ធនាគារ រួចយកលុយមកសង់ផ្ទះរស់នៅខ្លួនឯងបាន ទោះជាអស់ការប្រាក់បន្តិចក្ដី ប៉ុន្តែប្រសើរជាងជួលផ្ទះគេនៅដែរ និងដោយសារបច្ចុប្បន្នការផ្តល់កម្ចីទិញដី ឬសង់ផ្ទះមានភាពងាយស្រួលពីស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬធនាគារផង”។
លោកស្រី តាំង ហួរ បានបញ្ជាក់ថា៖“ ដោយសារមានបញ្ហាខ្លះ ដែលក្រុមហ៊ុនពុះដីឡូត៍លក់មួយចំនួនបានធ្វើកន្លងមក បានធ្វើឱ្យមានបញ្ហា និងការមិនអាចទទួលបានប្លង់រឹងភា្លមៗ ធ្វើឱ្យការជួញដូរដីឡូត៍ពុះលក់នេះធ្លាក់ចុះបន្តិច ហើយម្យ៉ាងទៀតនោះ ការពុះដីឡូត៍លក់កន្លងមក ក៏មានទំហំតូចៗ គឺ5 X 20m ដូច្នេះក្រុមហ៊ុនដែលមានដីធំៗ និងកំពុងពុះបំបែកជាឡូត៍លក់នោះ គួរតែពុះក្នុងទំហំ 10 X 20m ឬទំហំ 20 X 30m ក្រែងវាអាចនឹងជួយជំរុញការអភិវឌ្ឍលំនៅឋាន និងដីឡូត៍ឱ្យកាន់តែប្រសើរឡើង និងផ្តល់ផលប្រយោជន៍ដល់ទាំងអ្នកទិញ និងអ្នកលក់”។
តែទោះជាយ៉ាងណា លោកស្រី តាំង ហួរ ក៏មើលឃើញដែរថា គម្រោងលក់ដីឡូត៍តូចៗសម្រាប់សាងសង់លំនៅឋាននៅតែមានសក្តានុពលនៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីៗ និងបានផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋ ពិសេសអ្នកមានចំណូលទាប និងចំណូលមធ្យមដែលអាចសន្សំបាននូវទុនរបស់ខ្លួននាពេលអនាគត ដោយសារទីតាំងនៅក្នុងគម្រោងទាំងអស់នោះ សុទ្ធតែជាទីតាំងដែលកំពុងមានការរីកចម្រើននិងកាន់តែរីកចម្រើនខ្ពស់ឡើងនាពេលអនាគត។
ជាមួយនឹងទីតាំងដែលមានការរីកចម្រើនទាំងអស់នោះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនអ្នកទិញ ក៏ដូចជាប្រជាពលរដ្ឋដែរ ព្រោះនៅពេលមានទីប្រជុំជនធំៗ មានមនុស្សរស់នៅច្រើន វានឹងមានផ្សារ មានសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ពិសេសមានប្រព័ន្ធទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ប្រកបដោយស្តង់ដាយ៉ាងពិតប្រាកដ៕