អ្នកធ្លាប់ឃើញមនុស្សដែលមានអារម្មណ៍ភ្ញាក់ខ្លាចៗ នៅពេលបានឮសំឡេងស្រែកទ្រហឹងចុះមកពីលើពិដានផ្ទះដែរឬទេ? អាការនេះអាចជារោគសញ្ញាមួយដែលគេហៅថា “ជំងឺស្អប់សំឡេង” ឬពាក្យបច្ចេកទេសហៅថា Misophonia។ រោគស្អប់សំឡេង ជាសភាវដែលកើតឡើងនៅក្នុងស្ថានភាពកន្លែងមានសំឡេងអ្វីម្យ៉ាង ដែលបានធ្វើឱ្យមនុស្សយើងមានអារម្មណ៍ភ័យខ្លាច ស្អប់ ធុញទ្រាន់ និងតានតឹងក្នុងអារម្មណ៍ ហាក់បីដូចជាមានសម្ពាធមកលើខ្លួនឯង ដែលមិនអាចស្រាយចំណងបាន រហូតដល់អ្នកខ្លះទៀតមានអារម្មណ៍ថា ខ្លួនកំពុងតែស្ថិតនៅក្នុងពិភពដាច់ដោយឡែកមួយផ្សេងទៀត ; ដែលកំពុងតែតទល់ជាមួយសំឡេងប្លែក ដែលមនុស្សធម្មតាស្ដាប់មិនឮ។
តើជំងឺស្អប់សំឡេងមានអាការយ៉ាងដូចម្ដេច?
អាការនៃជំងឺស្អប់សំឡេងអាចបណ្ដាលមកពីកត្តាមនុស្សយើងជាច្រើនប្រភេទដូចជា សំឡេងដែលមនុស្សបង្កើត ឬទទួលពីមជ្ឈដ្ឋានជុំវិញខ្លួនដែលបង្កសំឡេងដដែលៗ។ ដូច្នេះហើយ បើទោះបីជាសំឡេងតែមួយ សំឡេងស្ងាប សំឡេងអ៊ូអរ រញ៉េរញ៉ៃ សំឡេងដកដង្ហើមក៏ដោយ ក៏សំឡេងទាំងអស់នោះអាចបង្កជាផលប៉ះពាល់ដល់អាការនៃជំងឺស្អប់សំឡេងបានដែរ។
រោគសញ្ញានៃជំងឺស្អប់សំឡេង ក្នុងករណីមិនធ្ងន់ធ្ងរ អ្នកជំងឺបង្ហាញឱ្យឃើញសញ្ញាមួយចំនួនដូចជា៖
– កើតវិតក្កកង្វល់
- ធុញធប់មិនស្រណុកក្នុងចិត្ត
- ចង់រត់គេចពីអ្វីម្យ៉ាង
– កើតអារម្មណ៍ទើសស្អប់ច្រើន
ក្នុងករណីដែលអ្នកជំងឺធ្ងន់ធ្ងរ អាចមានរោគសញ្ញាដូចជា៖
– មានអារម្មណ៍ក្រេវក្រោធ
– រហ័សឡើងកំហឹង
– ភ្ញាក់កន្ត្រាក់ ឬភ័យខ្លាច
– មានអារម្មណ៍តឹងណែនច្របូកច្របល់
- សេចក្តីប្រាថ្នាដំបូងរបស់អ្នកជំងឺ គឺតទល់ជាមួយសំឡេង
– កើតអាការរមាស់នៅលើស្បែក
– ចង់សម្លាប់ខ្លួន ដោយមិនដឹងខ្លួន
រោគស្អប់សំឡេង ធ្វើឱ្យអ្នកជំងឺមិនមានសេចក្ដីសុខនៅក្នុងជីវិតបានយ៉ាងពេញលេញនោះទេ វាអាចធ្វើឱ្យអ្នកជំងឺមិនហ៊ានប្រឈមមុខជាមួយមនុស្សជុំវិញខ្លួន សូម្បីតែការញ៉ាំអាហារជុំគ្នា គ្មានមិត្តភក្ដិ និងគ្រួសារ ឬមិនមានគូស្រករជាដើម។ នៅពេលខ្លះទៀត អ្នកជំងឺអាចនឹងបង្កឱ្យមានគ្រោះថ្នាក់អាក្រក់ចំពោះមនុស្សដែលខ្លួនគិតថា បង្កើតសំឡេងរំខាន មិនថាតែការនិយាយស្ដី ឬសំឡេងពីឧបករណ៍អេឡិចត្រូនិកនោះទេ។ ខណៈដែលរាងកាយទទួលរងសម្ពាធពីមជ្ឈដ្ឋានហើយនោះ អាការអ្នកជំងឺនឹងកាន់តែស្ដែងឱ្យឃើញឡើងនូវភាពភ័យខ្លាច ហើយបង្កគ្រោះថ្នាក់ដល់មនុស្សនៅក្បែរខ្លួន។ យើងអាចមើលឃើញអ្នកជំងឺស្ថិតក្នុងសភាពស្ងប់ស្ងាត់ នៅពេលដែលគេកំពុងតែទទួលទានអារហារ នោះគេប្រែក្លាយជាមិនកំរោលចូលនោះទេ។
មូលហេតុនៃការកើតរោគស្អប់សំឡេង វេជ្ជបណ្ឌិតនៅមិនទាន់រកឃើញមូលហេតុនៃជំងឺនេះនៅឡើយទេ។ គេជឿថាវាអាចបណ្តាលមកពីបញ្ហាផ្លូវកាយ និងអារម្មណ៍ ដែលពាក់ព័ន្ធនឹងសំឡេងប៉ះពាល់ដល់ខួរក្បាល និងធ្វើឱ្យរាងកាយឆ្លើយតបទៅនឹងសំឡេងរំញោច ដែលគ្រូពេទ្យខ្លះគិតថា ជំងឺស្អប់សំឡេងនេះគឺជាជំងឺដែលកំពុងរីករាលដាលទៅលើយុវវ័យភាគច្រើន។ រោគស្អប់សំឡេង គឺជាលក្ខខណ្ឌមួយដែលបានកើតឡើងពេញមួយជីវិត។ ជំងឺនេះកើតឡើងនៅពេលអ្នកជំងឺចូលវ័យចន្លោះពី9ឆ្នាំ ទៅ13ឆ្នាំ។ ស្ត្រីងាយនឹងមានជំងឺនេះច្រើនជាងបុរស។ ការធ្វើរោគវិនិច្ឆ័យនៃសំឡេងដែលគេស្អប់គឺជាបញ្ហាមួយ ហើយក្នុងករណីមួយចំនួនទៀតគ្រូពេទ្យអាចធ្វើការវិនិច្ឆ័យរោគខុស ហើយសន្មតថា ជាជំងឺថប់បារម្ភ ឬជំងឺស្រេ្តស។
តើអ្នកជំងឺស្អប់សំឡេង គួររៀបចំជីវិតបែបណាដែរ?ដំណោះស្រាយក្នុងការព្យាបាលចំពោះអ្នកជំងឺស្អប់សំឡេងគឺពិបាកខ្លាំងណាស់។ ប៉ុន្តែមានវិធីសាស្ត្រម្យ៉ាងដែលអាចជួយអ្នកជំងឺបាន ដោយអ្នកជំងឺត្រូវព្យាយាមទទួលការព្យាបាលដោយសំឡេង៖
– រួមគ្នាជាមួយការផ្តល់ដំបូន្មានផ្លូវចិត្ត គ្រូពេទ្យអាចប្រើសំឡេងខ្លះៗដែលមិនប៉ះពាល់ដល់ផ្លូវចិត្តអ្នកជំងឺ។
– បង្កើតសកម្មភាពណាដែលប្រឆាំងនឹងសំឡេងអាក្រក់រំញោចរោគសញ្ញានៃជំងឺនោះ អ្នកអាចត្រូវការឧបករណ៍ជំនួយដែលមើលទៅដូចជាឧបករណ៍ស្តាប់សំឡេង។ ឧបករណ៍នេះនឹងបង្កើតសំឡេងដែលមិនរំខានអ្នកជំងឺ។
– ក្រៅពីឧបករណ៍នេះ អាចប្រើម៉ាស៊ីនចាក់ MP3 ឬកាសជំនួស និងការប្រើថ្នាំប្រឆាំងសំឡេងដែលនាំឱ្យអ្នកជំងឺធ្លាក់ទឹកចិត្ត។
– រស់នៅជាមួយការថែទាំសុខភាពដ៏តឹងរឹង គឺជាវិធីមួយទៀតដើម្បីជួយ ដោយប្រើការអនុវត្តជាទៀងទាត់ដល់អ្នកជំងឺ។
– អ្នកជំងឺត្រូវទទួលបានការគេងគ្រប់គ្រាន់ និងគ្រប់គ្រងភាពតានតឹង។លើសពីនេះទៀត អ្នកអាចកំណត់តំបន់សុវត្ថិភាពរបស់អ្នកជំងឺ ដែលគ្មាននរណាម្នាក់ ឬអ្វីមួយ អាចរំខានដល់អ្នកជំងឺបាន៕