ក្រុមហ៊ុនចិន ZTE បានក្លាយជាក្រុមហ៊ុនដំបូងគេដែលបញ្ចេញលក់ស្មាតហ្វូន 5G នៅចិន ជាមួយការចេញលក់ស្មាតហ្វូនម៉ូដែល Axon 10 Pro 5G។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhau។
ស្មាតហ្វូននេះបានបង្ហាញមុខដំបូងតាំងពីខែកុម្ភៈ ក្នុងកម្មវិធីទូរស័ព្ទ MWC ដែលវាមានបំពាក់នូវអេក្រង់ AMOLED ទំហំ 6.47អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត 1080P ប្រើប្រាស់ Model 5G ជំនាន់ដំបូងរបស់ Qualcomm ដែលជាម៉ូដែល X50 សម្រាប់ភ្ជាប់ជាមួយប្រព័ន្ធ 5G របស់ចិន។
ទោះជាអតិថិជនអាចប្រើប្រាស់ស្មាតហ្វូន 5G នេះចាប់ពីពេលនេះក្ដី តែក៏ពួកគេមិនអាចប្រើប្រាស់សេវា 5G បាននៅឡើយដែរ ព្រោះថា 5G នៅចិនអាចនឹងលេចមុខនៅខែតុលាខាងមុខ ពីក្រុមហ៊ុន China Mobile។ China Mobile រំពឹងថានឹងបញ្ចេញ 5G ឱ្យប្រើប្រាស់ក្នុងទីក្រុងជាង50 នៅចិនត្រឹមដំណាច់ឆ្នាំ2019នេះ។
ការបញ្ចេញលក់របស់ ZTE នេះដែរ មានន័យថា ក្រុមហ៊ុនអាចឈ្នះ Huawei ក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទ 5G មុនគេនៅចិន។ Huawei ត្រូវបានគេរំពឹងថា នឹងដាក់លក់ Mate 20 X 5G នៅថ្ងៃទី16 ខែសីហា ប៉ុន្តែស្មាតហ្វូននេះបានចេញលក់រួចហើយនៅទីផ្សារបរទេស ដូចជាចក្រភពអង់គ្លេស កាលពីចុងខែកក្កដាកន្លងទៅ។
Axon 10 Pro 5G មានតម្លៃលក់ចាប់ពីប្រមាណ 454ដុល្លារសម្រាប់ប្រភេទ RAM ទំហំ 6GB/ROM 128GB។ តម្លៃ 525ដុល្លារសម្រាប់ RAM 8GB/ROM 256GB និងតម្លៃ 596ដុល្លារសម្រាប់ RAM 12GB/ROM 256GB៕