យោងតាមរបាយការណ៍ថ្មីពី Canalys បានបង្ហាញឱ្យឃើញអំពីស្ថានភាពទីផ្សារស្មាតហ្វូននៅលើទីផ្សារអឺរ៉ុបប្រចាំត្រីមាសទី2 ឆ្នាំ2019 ដែលគេបានមើលឃើញថា Samsung បានកើនចំនួនលក់ច្រើនឡើង តាមរយៈការបញ្ចេញលក់ស្មាតហ្វូន Galaxy A ដែលមានតម្លៃធូរថ្លៃ។
ស្មាតហ្វូនដែលលក់ដាច់ជាងគេទាំង5 ស៊េរីនៅអឺរ៉ុប គឺមានម៉ូដែល Galaxy A50 លក់បាន 3.2លានគ្រឿង ម៉ូដែល A40 លក់បាន 2.2លានគ្រឿង ម៉ូដែល Redmi Note 7 លក់បាន 2លានគ្រឿង ម៉ូដែល Galaxy A20e លក់បាន 1.9លានគ្រឿង និង iPhone XR លក់បាន 1.8លានគ្រឿង។
Samsung ក្ដោបក្ដាប់ទីផ្សារធំជាងគេ ដោយលក់ស្មាតហ្វូនបាន 18.3លានគ្រឿង កាន់កាប់ទីផ្សារ 40.6% ដែលកើនឡើង 20% បើធៀបនឹងពេលដូចគ្នាកាលឆ្នាំមុន។ Huawei ឈរលើលេខ2 ជាមួយចំនួនលក់ 8.5លានគ្រឿង ក្ដោបក្ដាប់ទីផ្សារ 18.8% ថយចុះ 16%។ លេខ3 បានលើ Apple មានទីផ្សារ 14.1% លក់បាន 6.4លានគ្រឿង ថយចុះ 17%។
Xiaomi ម៉ាកទូរស័ព្ទចិន ត្រូវបានគេសង្កេតឃើញថា មានកំណើនខ្លាំងនៅត្រីមាសទី 2 ឆ្នាំ2019 ដែលកើនចំនួនលក់ 48% ខណៈដែលម៉ាកទូរស័ព្ទ Nokia ធ្លាក់ចុះចំនួនលក់ 18%។ គិតជារួមទីផ្សារស្មាតហ្វូននៅអឺរ៉ុប មិនមានការប្រែប្រួលខ្លាំងឡើយ បើធៀបនឹងឆ្នាំមុន៕