ថ្មីៗនេះ Facebook បានសារភាពថា ខ្លួនពិតជាធ្លាប់បានលួចស្ដាប់ការសន្ទនារបស់អ្នកប្រើប្រាស់ទាំង call និង voice message ពិតប្រាកដមែន តែ គឺដើម្បីជួយពង្រឹងប្រព័ន្ធ AI របស់ខ្លួនតែប៉ុណ្ណោះ។
Bloomberg បានបង្ហើបថា Facebook បានជះលុយឱ្យអ្នកសហការរបស់ខ្លួន ដែលពុំមានអ្នកដឹងថាជាអ្នកណានោះមកបកប្រែពីសំឡេងទៅជាតួអក្សរ។ Facebook បានសារភាពត្រង់ៗថា ខ្លួនពិតជាធ្លាប់លួចស្តាប់សំឡេងរបស់អ្នកប្រើប្រាស់ពិតមែន ប៉ុន្តែនៅពេលនេះខ្លួនបានបញ្ឈប់សកម្មភាពនេះហើយ។
Facebook បានបន្តថា ការបកប្រែសំឡេងនេះ គឺចង់ធើ្វតេស្ដថា តើ AI របស់ខ្លួនអាចបកប្រែពីសំឡេងមកជាតួអក្សរបានត្រឹមត្រូវ ឬអត់? និងធ្វើការកែលម្អទៅលើមុខងារ Voice-to-text របស់ខ្លួន ដែលមុខងារនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជា Messenger ឱ្យសរសេរជាអក្សរ តាមរយៈសំឡេងដែលបាននិយាយនោះបាន។
មិនមែនមានតែ Facebook តែមួយទេ ក្រុមហ៊ុនផ្សេងទៀត ដូចជា Apple, Amazon, និង Google ក៏ធ្លាប់ប្រើវិធីសាស្ត្រលួចស្តាប់ ឬថតយកសំឡេងអ្នកប្រើប្រាស់ទៅឱ្យអ្នកដទៃស្តាប់ ដើម្បីស្វែងរកវិធីពង្រឹង AI របស់ខ្លួនដូចគ្នាដែរ។ នៅខែមេសាឆ្នាំនេះ Amazon ជាក្រុមហ៊ុនដំបូងគេដែលត្រូវបានរកឃើញថា បានជួលបុគ្គលិករាប់ពាន់នាក់នៅជុំវិញពិភពលោកដើម្បីលួចស្តាប់ការសន្ទនារបស់អ្នកប្រើប្រាស់ទូទៅតាម Alexa speaker របស់ខ្លួន។ បន្ទាប់មកក្រុមហ៊ុន Apple និង Google ក៏ត្រូវគេចាប់បានថា បានធ្វើដូចគ្នានេះដែរ។
លោក Mark Zuckerberg បានបដិសេធចោលនូវរាល់ការសង្ស័យដែលថា ខ្លួនលួចស្តាប់សំឡេងទាំងនេះ ដើម្បីធ្វើពាណិជ្ជកម្ម៕