ការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានរដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន បញ្ជាក់ថាបានបញ្ចប់ដោយរលូនដោយសារតែមានការចូលរួមពីគ្រប់ភាគីទាំងអស់ មានដូចជាមន្ត្រីអប់រំ ភាគីពាក់ព័ន្ធ មន្ត្រីសុខាភិបាល និងជំនួយការអប្បមាទជាដើម។
ប្រភពពីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី19 ខែសីហា ឆ្នាំ2019 នេះដំណើរការបានល្អ និងរលូន ហើយគ្មានបាតុភាពមិនប្រក្រតីធំដុំនោះទេ ដោយសារតែបេក្ខជនគោរពតាមបទប្បញ្ញត្តិនៃការប្រឡងបានល្អ។ ក្នុងចំណោមបេក្ខជនប្រឡងរាប់ម៉ឺននាក់ មន្ត្រីអប់រំរកឃើញថា ស្ទើរតែពុំមានអ្នកនាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់នានា ដូចជាម៉ាស៊ីនគិតលេខជាដើមនេាះទេ។
ទោះជាយ៉ាងនេះក្តី ក្រសួងអប់រំ បញ្ជាក់ថា ក្នុងការប្រឡងនេះ មានបេក្ខជនមានកំហុសឆ្គងធ្ងន់ធ្ងរចំនួន 2ករណី គឺករណីទី1 ដកហូតទូរស័ព្ទដៃ និងករណីទី2យកសំណៅឯកសារចូលក្នុងបន្ទប់ប្រឡង។ ចំពោះបញ្ហាសុខភាព មានបេក្ខជនចំនួន 152នាក់មានបញ្ហា តែក្រោយពេលសង្គ្រោះមានបេក្ខជន 141នាក់ អាចបន្តដំណើរការប្រឡងបាន ចំណែកឯបេក្ខជនចំនួន 11នាក់ផ្សេងទៀតត្រូវបញ្ចូនទៅមន្ទីរពេទ្យមិនអាចត្រឡប់មកបន្តការប្រឡងបានទេ។
ចំពោះការចំណាយលើការប្រឡងឆ្នាំនេះ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រសួងបានរៀបចំគ្រោងចំណាយប្រមាណ 5លានដុល្លារ សម្រាប់ដំណើរការងារប្រឡងទាំងមូលក្នុងឆ្នាំ 2019នេះ។ ខ្ទង់ចំណាយដែលក្រសួងនឹងចំណាយ គឺសម្រាប់ឧបត្ថម្ភដល់មន្ត្រីអប់រំដែលមានចំនួនប្រមាណ 20,000នាក់នៅទូទាំងប្រទេស។
តាមលទ្ធផលផ្លូវការចុងក្រោយបំផុត បានបញ្ជាក់ថានៅឆ្នាំ 2019នេះ មានបេក្ខជនប្រឡងសរុបចំនួន 117,043នាក់ ក្នុងនោះមានបេក្ខជនស្រីចំនួន 60,427នាក់។ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា បានបែងចែកជា 202មណ្ឌល ដែលមានថ្នាក់វិទ្យាសាស្ត្រពិតចំនួន 44,690មណ្ឌល ស្មើនឹង 75មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន 72,353នាក់ ស្មើនឹង 127មណ្ឌល។
ចំពោះបុគ្គលិកអប់រំ និងភាគីពាក់ព័ន្ធ ក្រសួងអប់រំ បានបញ្ជាក់ថា សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ មានការចូលរួមពីបុគ្គលិកអប់រំ 17,430នាក់ មានដូចជាគណៈកម្មការកណ្តាលចំនួន 2,405នាក់ គណៈកម្មការត្រួតពិនិត្យតាមអគារចំនួន 1,181នាក់ ប្រធានមណ្ឌលចំនួន 202នាក់ អនុរក្សប្រមាណ 10,631នាក់ អប្បមាទចំនួន 606នាក់ និងជំនួយការអប្បមាទចំនួន 2,405នាក់៕