យោងតាមការបញ្ជាក់របស់អាជ្ញាធររាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងរៀបចំឱ្យមានការស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន 2កន្លែងបន្ថែមទៀត ដោយស្ពានទី1ស្ថិតនៅលើមហាវិថីម៉ៅសេទុងខាងកើតសាលាបឋមសិក្សាសន្ធរម៉ុក និងគម្រោងទី2 ស្ថិតនៅតាមមហាវិថីនេះដូចគ្នា តែស្ថិតនៅខាងលិចផ្សារដើមគ។
គម្រោងស្ពានអាកាសនេះត្រូវបានសាលារាជធានីភ្នំពេញបញ្ជាក់ឱ្យដឹងថា រៀបចំធ្វើឡើងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព មិនប្រឈមនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ម្យ៉ាងវិញទៀត វាក៏ជាការរៀបចំដើម្បីឆ្លើយតបជាមួយនឹងកំណើនប្រជាជន រួមទាំងយានយន្តដែលឆ្លងកាត់ដងផ្លូវនេះកុំឱ្យមានការកកស្ទះ និងបញ្ហាប្រឈមនានានៅតាមដងផ្លូវផងដែរ។
គួរបញ្ជាក់ថា កន្លងមកនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើង 3កន្លែងរួចមកហើយ គឺ2កន្លែងនៅតំបន់វត្តជម្ពូវ័ន្ត ខណ្ឌពោធិសែនជ័យ និង 1កន្លែងទៀតនៅតំបន់ភ្លើងស្តុបនាងគង្ហីង ខណ្ឌ7មករា៕