បើគ្មានការប្រែប្រួលទេ ថ្ងៃប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅឆ្នាំ2019 នេះនឹងចេញជាផ្លូវការនៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2019 សម្រាប់មណ្ឌលនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី 11 ខែកញ្ញា សម្រាប់គ្រប់មណ្ឌលប្រឡងនៅទូទាំងប្រទេស។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកឡើងក្រោយពេលបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ។
ចំពោះការកែវិញ្ញាសាវិញ នៅគ្រប់មណ្ឌលកំណែទាំងអស់នាថ្ងៃទី26 ខែសីហា ឆ្នាំ2019 នេះក្រសួងអប់រំ បានបញ្ជាក់ថា នៅគ្រប់មណ្ឌលកំណែ មានការអនុវត្តតាមវិន័យយ៉ាងតឹងរ៉ឹងដើម្បីធានាពីសុក្រឹតភាពនៃការធ្វើកំណែ។ សមាជិកកំណែនៅតាមមណ្ឌលទាំង10 កំពុងបំពេញភារកិច្ចដោយមានការពង្រឹងវិន័យតាមម៉ោងកំណត់ ទ្វារត្រូវបិទដោយមិនអនុញ្ញាតឱ្យចូល និងចេញក្នុងម៉ោងធ្វើការនោះទេ។ សម្រាប់មន្ត្រីកំណែទាំងអស់ មិនអនុញ្ញាតឱ្យយកទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកចូលឡើយ។ ហេតុនេះការកែវិញ្ញាសានៅឆ្នាំនេះធ្វើឡើងដោយរលូន និងមិនមានភាពមិនប្រក្រតីណាមួយកើតឡើងឡើយ៕