ដំណាំស្វាយចន្ទី ជាប្រភេទដំណាំសក្ដានុពល ដែលអាចរស់បានប្រមាណជាជាង 30ឆ្នាំ និងចាប់ផ្ដើមផ្ដល់ផលចាប់ពីអាយុបាន 3ឆ្នាំ។ ម្យ៉ាងវិញទៀត តម្រូវការលើទីផ្សារអន្តរជាតិមានការកើនឡើងយ៉ាងខ្លាំង និងទទួលទិញក្នុងតម្លៃខ្ពស់ពីប្រទេសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីទៀតផង ដែលនេះជាមូលហេតុសំខាន់សម្រាប់កសិករដែលមានដីមិនសូវមានជីវជាតិ ដែលទុកទំនេរចោល គឺអាចបង្វែរមកដាំដំណាំស្វាយចន្ទី សម្រាប់បង្កើនចំណូលក្នុងគ្រួសារបាន។
ស្វាយចន្ទី គឺជាប្រភេទដំណាំងាយស្រួលដាំ និងថែទាំ ឆ្នាំនេះស្វាយចន្ទីហាក់បានថ្លៃឡើងវិញបន្តិច ធ្វើឱ្យប្រជាកសិករពេញចិត្តចំពោះតម្លៃទីផ្សារនេះ ក៏ប៉ុន្តែ កសិករដែលនិយមដាំដំណាំប្រភេទនេះភាគច្រើនក្នុងខេត្តកំពង់ចាម ដោយដាំមិនទាន់បានទទួលទិន្នផលខ្ពស់ ស្របតាមតម្រូវការនាំចេញទៅក្រៅប្រទេសនៅឡើយ។
លោក ឆេង ថុង ប្រធានសហគមន៍កសិកម្មសំបូរមានជ័យ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បាន ប្រាប់ ឡារ៉ែន ពាណិជ្ជ ឱ្យដឹងថា៖ “សហគមន៍ក៏មានដាំដើមស្វាយចន្ទីច្រើនហិកតាដែរសម្រាប់ឈ្មួញនាំចេញ និងសម្រាប់លក់ក្នុងស្រុក។ ដោយតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីនៅដើមរដូវឆ្នាំនេះ បានឡើងថ្លៃជាងពីពេលមុនៗបន្តិច សម្រាប់សហគមន៍ខ្ញុំ យើងបានផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីក្នុងទីផ្សារបានច្រើនគួរសមដែរ។ សព្វថ្ងៃ សហគមន៍យើងមានផ្ទៃដីប្រមាណ 270ហិកតា ដែលក្នុងចំនួននេះយើងប្រមូលផលបានប្រមាណ 70%នៃផ្ទៃដីដាំដុះទាំងអស់”។
លោកបានឱ្យដឹងផងដែរថា៖ “នៅខេត្តកំពង់ចាម យើងខ្ញុំសង្កេតឃើញថា ដំណាំស្វាយចន្ទីដែលប្រជាពលរដ្ឋយើងដាំ មានពូជ 2ប្រភេទ គឺពូជគ្រាប់ក្នុងស្រុកធម្មតា និងពូជតត្រួយ ហៅថា M23។ ពូជថ្មីM23 នេះ គេនាំចូលមកពីប្រទេសម៉ាឡេស៊ី។ ពូជM23នេះ មានគ្រាប់ធំៗណាស់”។ លោកបន្ថែមថា លោកបានកត់សម្គាល់ឃើញថា ចន្ទីពូជ M23នេះ គ្រាប់វាស្ងួតៗតែ 120គ្រាប់ប៉ុណ្ណោះ គឺមានទម្ងន់ 1Kgទៅហើយ ឯចន្ទីពូជធម្មតាក្នុងស្រុកវិញ គឺប្រហែលជា 200គ្រាប់ឯណោះ ទើបបានទម្ងន់ 1Kg”។
បើតាមប្រសាសន៍របស់លោក ឆេង ថុង បានឱ្យដឹងថា៖ “នៅលើផ្ទៃដីដែលសហគមន៍ខ្ញុំបានដាំដុះសព្វថ្ងៃនេះ ខ្ញុំអាចប្រមូលផលស្វាយចន្ទីបានប្រមាណ283.5តោន ឬក្នុងដីដាំដុះ 270ហិកតានេះ យើងទទួលបានចំណូលសរុបប្រមាណជា 1,415,000,000រៀល(1,415ប៊ីលានរៀល)សម្រាប់ការប្រមូលផល 1ឆ្នាំ។ បើគិតជាមធ្យមក្នុង 1ហិកតា យើងទទួលបានផលប្រមាណជា 1.5តោន”។
ដោយឡែកតម្លៃនៅលើទីផ្សារ លោកថុង បានប្រាប់ កាសែតឡារ៉ែន ពាណិជ្ជ ថា៖“គ្រាប់ស្វាយចន្ទី នៅមានតម្លៃខ្ពស់ តែក៏មានការឡើងចុះខ្លាំងដែរ ដោយសារតែមានការប្រកួតប្រជែងច្រើន យើងអាចលក់បានតែក្នុងតម្លៃជាង 5,000រៀលប៉ុណ្នោះក្នុង 1គីឡូក្រាម។ បច្ចុប្បន្នស្វាយចន្ទីរបស់សហគមន៍ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងលក់ទៅឱ្យឈ្មួញក្នុងស្រុក និងឈ្មួញវៀតណាម ដោយសារសហគមន៍មិនទាន់រកបានដៃគូក្នុងការបោះដុំនៅឡើយ”។
បញ្ហាតម្លៃគ្រាប់ស្វាយចន្ទីកាលពីដើមឆ្នាំនេះ បានងើបតម្លៃឡើងបានបន្តិច តែបើបៀបនឹងឆ្នាំមុនគឺសម្រាប់តម្លៃនៅក្នុងខែកុម្ភៈកន្លងមក គឺ1Kgគ្រាប់ស្វាយចន្ទីទើបបេះហើយថ្មីៗ តម្លៃ 5,800រៀល ហើយគ្រាប់ដែលហាលថ្ងៃស្ងួតហើយតម្លៃ 6,800រៀល។ តម្លៃនេះបើប្រៀបធៀបទៅកាលពីឆ្នាំមុន ក្នុងការប្រមូលផលលើកដំបូងដូចគ្នា គឺខុសគ្នាពី 3,000-4,000រៀល។
ម្យ៉ាងវិញទៀតនៅកម្ពុជា ដោយសារខ្វះបច្ចេកទេសដើម្បីបកយកគ្រាប់ស្វាយចន្ទី និងរោងចក្រសម្រាប់កែច្នៃរបស់យើងនៅមានកម្រិត ទើបធ្វើឱ្យយើងមិនអាចស្រូបយកទិន្នផលស្វាយចន្ទីទាំងអស់នោះបាន។ ទន្ទឹមនឹងកម្ពុជាខ្វះរោងចក្រកែច្នៃ និងខ្វះបច្ចេកទេសនេះ ប្រទេសវៀតណាមគឺជាអ្នកដែលមានតម្រូវការខ្ពស់ បានបំពេញកិច្ចសន្យាបញ្ជាទិញជាមួយអន្តរជាតិដែលបានចូលមកទិញ ដើម្បីកែច្នៃនាំចេញទៅទីផ្សារអន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោក ឆេង ថុង។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មបានប្រាប់ឡារ៉ែន ពាណិជ្ជ ថា៖“គ្រាប់ស្វាយចន្ទីយើងបច្ចុប្បន្ននេះ ផលិតបានច្រើន ដោយសារតែកន្លងមក មិនត្រឹមតែទីផ្សារអាមេរិក អឺរ៉ុប ឬប្រទេសចិនទេ ដែលទិញពីយើង ពិសេសគឺប្រទេសវៀតណាមតែម្តង ជាទីផ្សារមួយធំសម្រាប់កសិករកម្ពុជា ព្រោះពីដើមវៀតណាមគាត់ច្រើនទិញគ្រាប់ស្វាយចន្ទីពីឥណ្ឌា និងពីប្រេស៊ីល តែវាមានតម្លៃខ្ពស់ ទើបគាត់សហការជាមួយកម្ពុជា ឱ្យយើងដាំឱ្យគាត់”។
លោកឧកញ៉ាបញ្ជាក់ថា៖“ស្វាយចន្ទីដែលមិនទាន់បកសម្បក គឺនាំចេញទៅប្រទេសវៀតណាម ហើយក៏មានក្រុមហ៊ុនចិន និងក្រុមហ៊ុនខ្មែរយើងក្នុងស្រុកបានបង្កើតរោងចក្រដើម្បីកែច្នៃទៅជាផលិតផលសម្រេចដែលយើងអាចបរិភោគបាន និងនាំចេញទៅប្រទេសកូរ៉េ និងចិន ដែលគាត់ចាប់អារម្មណ៍ខ្លាំង ឱ្យតែមានប៉ុន្មាន គឺគាត់ទទួលយកទាំងអស់ដែរ”។
លោកឧកញ៉ាបានបញ្ជាក់ទៀតថា បច្ចុប្បន្នយើងមិនពិបាករកទីផ្សារទេ តែកាលពីប៉ុន្មានឆ្នាំមុន គឺ4-5ឆ្នាំជាប់គ្នា តម្លៃមានការធ្លាក់ចុះខ្លាំង ងើបមិនរួចទេធ្វើឱ្យពិបាកចំណេញ ហើយថ្លៃកម្មករជំនាញក៏ថ្លៃទៀត។ លោកឧកញ៉ាបានថ្លែងថា “ខ្ញុំមើលឃើញថា ទាំងវិស័យឯកជន និងរដ្ឋាភិបាលបានខំជំរុញឱ្យមានការដាំស្វាយចន្ទីឱ្យបានច្រើន ព្រោះទីផ្សារក៏ល្អ តម្លៃក៏បានខ្ពស់ ហើយយើងមិនចាំបាច់កម្មករជំនាញទេ និងត្រូវការកម្មករតិច ហើយការចំណាយដើមទុនដាំស្វាយចន្ទី ក៏មិនច្រើនដូចការដាំកៅស៊ូ ហើយដំណាំស្វាយចន្ទីនេះ ក៏វាងាយស្រួលក្នុងការថែទាំដែរ”។
យោងតាមតួលេខរបស់ក្រសួងកសិកម្ម ចម្ការស្វាយចន្ទី ក្នុងឆ្នាំ2019 ទាំងកំពុងប្រមូលផល និងទើបបានដាំដុះ មានចំនួនសរុប 24,364ហិកតា។ ក្នុងនោះស្រុកដែលមានដំណាំស្វាយចន្ទីច្រើនជាងគេ គឺស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកជើងព្រៃ ស្រុកកំពង់សៀម និងស្រុកបាធាយ។ ដោយឡែកការនាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសក្នុងអំឡុងឆមាសទី1 ឆ្នាំ2019នេះ មានចំនួន 167,285.26 តោន ដោយប្រទេសដែលនាំចូល រួមមានប្រទេសវៀតណាម រុស្ស៊ី កូរ៉េ ចិន ប៉េរូ អារ៉ាប៊ីសាអូ៊ឌីត និងមីយ៉ាន់ម៉ា។
លោក ឆេង ថុង បានប្រាប់ ឡារ៉ែន ពាណិជ្ជឱ្យដឹងថា៖ “សហគមន៍របស់ខ្ញុំបាននិងកំពុងគិត និងសិក្សាថា នឹងពង្រីកការងារនេះនាពេលខាងមុខទៀត ដោយចង់រៀបចំជាសិប្បកម្មកែច្នៃ ដោយប្រមូលទិញគ្រាប់ស្វាយចន្ទីបន្ថែមពីសហគមន៍ដទៃទៀតមកធ្វើជាផលិតផលសម្រេច(បក លីង វេចខ្ចប់)សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលកំពុងមានតម្រូវការច្រើន និងនាំចេញទៅប្រទេសកូរ៉េ។ ការគ្រោងទុកនេះ សហគមន៍ខ្ញុំនឹងធ្វើនៅឆ្នាំ2020 ខាងមុខនេះ”៕