មុន នរណាៗក៏មិនចង់កើតដែរ យើងនាំគ្នារិះរកវិធីគ្រប់យ៉ាងមកថែទាំស្បែក ដើម្បីកុំឱ្យកើតមុន តែបើកើតមុនឡើងហើយនោះប្រហែលជាកែកុនអីមិនបានច្រើនប៉ុន្មានទេ មានតែប្រញាប់ព្យាបាលឱ្យវាឆាប់បាត់ពីលើផ្ទៃមុខរបស់អ្នកឱ្យបានលឿនបំផុតប៉ុណ្ណោះ។ ថ្ងៃនេះ ឡារ៉ែន មានដំបូន្មានល្អៗក្នុងការព្យាបាលមុនមកជម្រាបជូនមិត្តអ្នកអានក្នុងប្រធានបទ “រឿង 6យ៉ាងដែលអ្នកមិនគួរធ្វើជាដាច់ខាតពេលកើតមុន” ដើម្បីជួយឱ្យមុនឆាប់បាត់ទៅវិញ ព្រោះមានទង្វើខ្លះ អ្នកគិតថាជាការព្យាបាលមុន តែបែរជាហុចផលប៉ះពាល់ដល់រាងកាយរបស់អ្នកទៅវិញក៏មានដែរ។
1. ជក់បារី
ក្រៅពីនាំឱ្យកើតមហារីកសួត រោគបេះដូង និងធ្វើឱ្យស្បែកឆាប់ចាស់ជ្រីវជ្រួញហើយនោះ ការជក់បារីនៅធ្វើឱ្យសរសៃឈាមតូចៗនៅក្រោមស្បែកបង្រួញខ្លួន ធ្វើឱ្យអុកស៊ីហ្សែ៊នដែលមានតួនាទីចិញ្ចឹមកោសិកាស្បែកដែលត្រូវដឹកជញ្ជូនតាមសរសៃឈាមតូចៗទាំងនោះត្រូវថយចុះធ្វើឱ្យស្បែករបស់អ្នកទទួលនូវសារធាតុអាហារមិនគ្រប់គ្រាន់ ជាហេតុធ្វើឱ្យស្បែកឡើងស្រអាប់ខ្មៅ ឆាប់ចាស់ជ្រីវជ្រួញយារ នាំឱ្យមុនមិនងាយជាបាត់ទៅវិញនោះទេ គឺពិតជាអាក្រក់ខ្លាំងណាស់។
2. ប្រើថ្នាំដែលមានចំណែកផ្សំរបស់ ស្ទៀរ៉យដ៍ (Steroid)
ក្នុងអំឡុងពេលដែលកើតមុនអ្នកគួរឈប់ប្រើថ្នាំលាបទាំងឡាយណាដែលមានចំណែកផ្សំរបស់សារធាតុស្ទៀរ៉យដ៍ព្រោះអាចនឹងធ្វើឱ្យការកើតមុនរបស់អ្នករឹតតែយ៉ាប់យ៉ឺន និងអូសបន្លាយពេលកាន់តែយូរឡើង។ ទោះជាថ្នាំដែលមានសារធាតុ ស្ទៀរ៉យដ៍ ធ្វើឱ្យមុនដែលកំពុងក្លាយឆាប់ជាល្អក៏ពិតមែន តែការពិតវិញ វាមិនបានកែបញ្ហាដើមហេតុនៃការកើតមុននោះទេ ដូច្នេះមុនដែលមាននៅលើផ្ទៃមុខរបស់អ្នកនឹងកើតឡើងទៀតជាបន្តបន្ទាប់ ហើយសភាពស្បែកដែលបានប្រើសារធាតុ ស្ទៀរ៉យដ៍ ច្រើនដងហើយនោះ នឹងរឹតតែយ៉ាប់យ៉ឺនឡើងជាបន្តបន្ទាប់។
3. ទទួលទានថ្នាំសម្លាប់មេរោគ
ការទទួលទានថ្នាំសម្លាប់មេរោគជាប្រចាំ ដើម្បីព្យាបាលអាការកើតមុន មិនមែនជាមធ្យោបាយដែលល្អនោះទេ ព្រោះវានឹងហុចផលមិនល្អដល់ស្បែក និងសភាពនៃការកើតមុននៅលើផ្ទៃមុខរបស់អ្នកឱ្យមានរយ:ពេលកាន់តែយូរ ហើយថែមទាំងបំផ្លាញប្រព័ន្ធផ្នែកខាង ក្នុងនៃរាងកាយរបស់អ្នកថែមទៀតផង។ ដោយសារតែថ្នាំសម្លាប់មេរោគខ្លះដូចជា តេត្រាស៊ីឃ្លីន (Tetracycline) មិនអាចញែកមេរោគដែលល្អ ឬអាក្រក់ចេញពីគ្នាបាននោះទេ ដូច្នេះធ្វើឱ្យបាក់តេរីដែលល្អក៏ត្រូវបំផ្លាញអស់ដែរ រួមទាំងបាក់តេរីដែលមាននៅក្នុងប្រព័ន្ធរំលាយអាហារក៏ត្រូវកម្ចាត់ចោលដែរ ធ្វើឱ្យផ្សិត និងប៉ារ៉ាស៊ីតដែលបង្កប់នៅក្នុងរាងកាយចេញមករុកគួនប្រព័ន្ធការងារផ្ទៃក្នុង ជាពិសេសប្រព័ន្ធសំខាន់មួយគឺ ថ្លើម ដែលមានតួនាទីទទួលខុសត្រូវក្នុងកម្មវិធីព្យាបាលខ្លួនឯងរបស់កោសិកាស្បែកទៀតផង។
4. កោររោមលើផ្ទៃមុខ ដោយកាំបិតកោរដែលមានផ្លែច្រើនជាន់
កាំបិតកោរប្រភេទមានផ្លែច្រើនជាន់ (3-4ជាន់) មានគុណសម្បត្តិល្អ គឺកោរបានរលីងស្អាត តែវាក្លាយជាគុណវិបត្តិចំពោះស្បែកដែលកើតមុនទៅវិញ ជាពិសេសមុនដែលកំពុងទុំ ឬជិតក្លាយ ព្រោះវានឹងកកិតលើស្បែកធ្វើឱ្យស្បែកមុខកាន់តែឡើងក្រហម ឬក្លាយជាដំបៅតែម្តង។ បើត្រូវការកោររោមមុខក្នុងអំឡុងពេលកើតមុននោះ ចូរជ្រើសរើសប្រើកាំបិតកោរដែលមានផ្លែតែមួយជាការប្រសើរបំផុត។
5. ច្របាច់ កេះ អេះ និងញេច
មិនថាយ៉ាងណាក៏ដោយ ក៏មិនត្រូវច្របាច់ កេះ អេះ ញេច ឬប៉ះពាល់កន្លែងដែលកើតមុនជាដាច់ខាត ទោះជាអ្នកមានអារម្មណ៍ថា វាគួរឱ្យចង់ញេច ឬញេចហើយប្រហែលជាឆាប់ជាយ៉ាងណាក៏ដោយ ព្រោះវាអាចប្រថុយនឹងការធ្វើឱ្យស្បែកនៅម្តុំនោះរលាកក្លាយរឹតតែធំឡើងនិងស៊ីជ្រៅទៅក្នុងសាច់មុខថែមទៀតផង។ វិធីដែលល្អគឺទុកដៃនៅឱ្យស្ងៀម ហើយទុកឱ្យគ្រូពេទ្យព្យាបាលមុនឱ្យវិញទើបប្រសើរជាង។
6. ទទួលទានវីតាមីន A ច្រើនជ្រុលពេក
វីតាមីន A ពីប្រភពធម្មជាតិដូចជា នៅក្នុងបន្លែផ្លែឈើផ្សេងៗនោះ មានចំណែកជួយក្នុងកម្មវិធីព្យាបាលខ្លួនឯងរបស់ស្បែកបានយ៉ាងល្អប្រសើរ តែបើវីតាមីន A តាមរយ:ការទទួលទានអាហារបំប៉ន ដែលទទួលទានត្រឹមតែមួយគ្រាប់ក៏ផ្តល់នូវបរិមាណវីតាមីន A ដ៏ច្រើននោះ បែរជាទៅបំផ្លាញប្រព័ន្ធធ្វើការងាររបស់ថ្លើម និងហុចផលប៉ះពាល់ដល់សុខភាពទៅវិញ ដូច្នេះទោះជាដឹងថា វីតាមីន A ល្អចំពោះស្បែកក៏ដោយ ក៏មិនចាំបាច់ត្រូវសង្កត់ធ្ងន់ទៅលើការទទួលទានថ្នាំវីតាមីន A បំប៉ននៅក្នុងអំឡុងពេលកើតមុននោះដែរ។
នាំគ្នាព្យាបាលមុនយ៉ាងត្រឹមត្រូវតាមវិធីសាស្ត្រដ៏ល្អ ដោយការនឹកដល់ចំណុចហាមឃាត់ទាំង 6យ៉ាងខាងលើនេះជាប់ជានិច្ច នឹងធ្វើឱ្យមុនឆាប់ជា ហើយស្បែកមុខរបស់អ្នកក៏ស្រស់ស្អាតបានយូរថែមទៀតផង៕