បម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមមួយដែលត្រូវបានយកចិត្តទុកដាក់ខ្ពស់ ទាំងក្នុងប្រទេសកម្ពុជា ក៏ដូចជាសាកលលោកទាំងមូលនាអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាការពិតណាស់ ព្រៃឈើ គឺជាចលករទប់ស្កាត់បញ្ហាបម្រែបម្រួលអាកាសធាតុ និងថែរក្សាភពផែនដីបានយ៉ាងល្អប្រសើរ ព្រមទាំងផ្តល់នូវភាពស្រស់បំព្រងដល់ជីវិតក្នុងលោកយើងទាំងអស់ផងដែរ។ ហេតុនេះហើយទើបធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) បានសម្រេចរួមចំណែកដល់កម្មវិធីដាំកូនឈើ នៅវិទ្យាល័យ ឧដុង្គ ដោយមានការចូលរួមពីគណៈគ្រប់គ្រង រួមមានប្រធាននាយកប្រតិបត្តិ និងបុគ្គលិកធនាគារទាំងមូល កាលពីថ្ងៃទី20 ខែកក្កដា ឆ្នាំ2019 កន្លងទៅនេះ។
ថ្លែងក្នុងឱកាសដាំកូនឈើនេះ លោកប៊ុន យីនប្រធាននាយកប្រតិបត្តិរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ “កម្មវិធីនៃការទទួលខុសត្រូវចំពោះសង្គម របស់ធនាគារ CIMB រួមមានសកម្មភាពចូលរួមចំណែកការកសាងជាមួយមូលដ្ឋាននូវវិស័យនានា ដូចជាការសិក្សាអប់រំ សុខុមាលភាព សង្គមកិច្ច និងបរិស្ថាន ហើយថ្ងៃនេះ ធនាគារយើងខ្ញុំបានចូលរួមការងារបរិស្ថានដោយការដាំកូនឈើ។ យើងខ្ញុំជ្រើសយកវិទ្យាល័យ ឧដុង្គ សម្រាប់សកម្មភាពដាំកូនឈើនេះ ដោយយើងចង់បានកូនឈើទាំងនេះនឹងបានការបីបាច់ថែរក្សាពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងឡាយ ដើម្បីធានាឱ្យដើមឈើទាំងនេះនឹងគង់វង្សស្ថិតស្ថេរចីរកាល”។
ស្ថិតក្នុងទឹកមុខរីករាយស្រស់ស្រាយ លោកឡៃ គួង នាយកវិទ្យាល័យ ឧដុង្គ បានមានប្រសាសន៍ថា៖ “សកម្មភាពសប្បុរធម៌របស់ធនាគារ CIMB នាពេលនេះ ពិតជាបានរួមចំណែកដល់ការអភិវឌ្ឍសាលាមួយកម្រិតទៀត។ ដោយសារសាលារបស់ខ្ញុំផ្តោតលើការថែរក្សាបរិស្ថាន ដូច្នេះសកម្មភាពដាំកូនឈើរបស់ធនាគារ CIMB បានជួយឱ្យសាលារបស់យើងកាន់តែមានភាពស្រស់បំព្រងបន្ថែមទៀត និងជំរុញឱ្យសិស្សានុសិស្សរបស់យើងបានស្គាល់ និងយល់ដឹងពីដើមឈើប្រណីតដែលបានដាំនាថ្ងៃនេះ។ ហើយការបរិច្ចាគសម្ភារកសិកម្មទៀតសោតក៏បានផ្តល់នូវមធ្យោបាយកាន់តែប្រសើរ ឱ្យពួកយើងអាចប្រើប្រាស់ ដែលជាប្រយោជន៍នៅក្នុងវិទ្យាល័យ ឧដុង្គទាំងមូល។ តាងនាមឱ្យលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណដល់គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ CIMB ដែលបានដំណើរមកដោយផ្ទាល់ និងឧបត្ថម្ភ ដល់សាលាយើងខ្ញុំ”។
សូមបញ្ជាក់ផងដែរថា ធនាគារ CIMB បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ2010 ហើយបច្ចុប្បន្នធនាគារមានសាខាចំនួន13 តាមបណ្តារាជធានី និងខេត្តសំខាន់ៗនៅក្នុងប្រទេស៕