ការប្រមូលពន្ធដារក្នុងរយៈពេល 7ខែ ឆ្នាំ2019 របស់អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន 6,949.22 ប៊ីលានរៀល (ប្រមាណ 1,737.31 លានដុល្លារអាមេរិក) ស្មើនឹង75.92% នៃផែនការប្រចាំឆ្នាំ។ ពោលគឺទឹកប្រាក់ 1.7ពាន់លានដុល្លារនេះ កើនជាង 28% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ។
របាយការណ៍ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធ ប្រចាំខែកក្កដា របស់អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ក្នុងរយៈពេល 7ខែ ចំណូលពន្ធអាករដែលប្រមូលបានមានចំនួន 1.73ពាន់លានដុល្លារ មានការកើនឡើងចំនួន 1,523.66ប៊ីលានរៀល (ប្រមាណជា 380,92 លានដុល្លារអាមេរិក) ស្មើនឹង28.08% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2018 ដែលមាន 1.52 ពាន់លានដុល្លារ។
ដោយឡែកក្នុងខែកក្កដា ឆ្នាំ2019 អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករបានចំនួន 212,99លានដុល្លារ កើនឡើង 23.52% បើធៀបនឹងខែកក្កដា ឆ្នាំ2018។
ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ចំណូលពន្ធដារក្នុងឆ្នាំ2019នេះ នឹងអាចមានកំណើន 2ខ្ទង់ ហើយការប្រមូលចំណូលពន្ធបានកើនឡើងជាបន្តបន្ទាប់ ពិសេសបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារបានធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការផ្សព្វផ្សាយពីកាតព្វកិច្ចបង់ពន្ធដារទៅដល់អ្នកជាប់ពន្ធគ្រប់ប្រភេទ។
ឯកឧត្តម គង់ វិបុល បានថ្លែងថា៖ «កំណែទម្រង់ពន្ធដារ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រមូលចំណូលពន្ធ ពិសេសកាត់បន្ថយអំពើពុករលួយតាមរយៈការពង្រឹងការអនុវត្តលើមុខងារស្នូល និងមុខងារគាំទ្រទាំងនេះ។ វាក៏ជាផែនការយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការរៀបចំយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ2019-2023 ផងដែរ»។ ចំណូលពន្ធដារដែលប្រមូលបាន ភាគច្រើនបានមកពីពន្ធលើប្រាក់ចំណូល ពន្ធលើតម្លៃបន្ថែម ពន្ធលើអាករពិសេស និងពន្ធលើប្រាក់បៀវត្សរ៍ជាដើម។
ឯកឧត្តម អគ្គនាយកពន្ធដារ បានណែនាំដល់គ្រប់អង្គភាពឱ្យបន្តខិតខំ ប្រឹងប្រែង ពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកទៅលើផ្នែកទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូលពន្ធ។
ជាមួយគ្នានេះដែរដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចផែនការឱ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ បន្តពង្រឹងការអនុវត្តតាមប្រព័ន្ធ (E-VAT System) បន្ថែមទៀត បន្តជំរុញការផ្តល់សេវាល្អជូនអ្នកជាប់ពន្ធ និងពន្លឿននីតិវិធីនៃការធ្វើបច្ចុប្បន្នភាពព័ត៌មានចុះបញ្ជីពន្ធដារ។
ឯកឧត្តម គង់ វិបុល បានថ្លែងបន្តថា៖ «ត្រូវបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ បន្តជំរុញការប្រើប្រាស់ប្រព័ន្ធដាក់លិខិតប្រកាសពន្ធអនឡាញ (E-Filing) បន្តខិតខំកែលម្អ និងជំរុញការគ្រប់គ្រងប្រមូលបំណុលពន្ធ ជំរុញ និងពន្លឿនការរៀបចំសេចក្តីព្រាងបទដ្ឋានគតិយុត្តនានា ជំរុញការផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ពន្លឿន និងជំរុញការផ្តល់សេវាបង់ពន្ធប្រថាប់ត្រា បន្តលើកកម្ពស់ និងបញ្រ្ជាបវប្បធម៌បង់ពន្ធ និងការពង្រឹងការអនុវត្តច្បាប់ស្តីពីសារពើពន្ធ៕