ទោះបីជាក្រុមហ៊ុន Apple មិនទាន់បានបញ្ចេញនាឡិកាឆ្លាតវៃជំនាន់ថ្មីបន្ថែមទៀតក៏ដោយ ប៉ុន្តែនាឡិកាជំនាន់មុនរបស់ក្រុមហ៊ុនមួយនេះត្រូវបានគេបង្ហាញថា បានក្ដាប់ចំណែកទីផ្សារសកលបាន 53% ហើយកាលពីត្រីមាសទី 1 ក្នុងឆ្នាំ2017 នេះ។
តាមរយៈទិន្នន័យអំពីចំណែកទីផ្សារសរុបនៃបណ្ដានាឡិកាឆ្លាតវៃ (Smartwatch) មកពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកដែលចេញផ្សាយដោយបណ្ដាញព័ត៌មាន CNBC បានឱ្យដឹងថា តួលេខនៃចំណែកទីផ្សារក្នុងត្រីមាសទី 1 នៅទូទាំងពិភពលោកគឺ នាឡិកា Samsung Gear S3 ឈរនៅលេខរៀងទី 2 ដោយបានផ្តូលក្រុមហ៊ុន Fitbit ហើយបានជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងដ៏ធំមួយនេះទទួលបានចំណែកទីផ្សារ 12.8% ខណៈដែលផលិតផលតាមដានសុខភាព Fitness bands មកពីក្រុមហ៊ុន Fitbit ទទួលបានចំណែកទីផ្សារតិចជាងតែបន្តិចបន្តួចប៉ុណ្ណោះគឺ 12.2%។
ដោយឡែកនាឡិកា Apple Watch បានគ្រងតំណែងជើងឯកជាមួយនឹងចំណែកទីផ្សារខ្ពស់ជាងគេរហូតដល់ទៅ 53% នៃទីផ្សារនាឡិកាឆ្លាតវៃពិភពលោក។ ចំណែកទីផ្សារដ៏ច្រើនលើសលុបមួយនេះ គឺដោយសារតែ Apple Watch មានរូបរាងស្អាតដ៏គួរឱ្យទាក់ទាញ និងពិសេសគឺវៃឆ្លាតដែលសម្រួលទៅដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សទូទៅហ្នឹងឯង៕