ដើម្បីរួមចំណែកបំពេញតម្រូវការធនធានមនុស្សក្នុងវិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យពួកគេទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលក្រសួងទេសចរណ៍ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តហៃណានប្រទេសចិនបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម 4.0 ដែលកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល 15ថ្ងៃ និងមានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន។
លោក ហ័ង ឆាងស៊ាង (HUANGChangxiong) ទីប្រឹក្សាមន្ទីរពាណិជ្ជកម្មខេត្តហៃណាន បានបញ្ជាក់ថា ការពង្រឹង និងអភិវឌ្ឍន៍សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ គឺជាទស្សនៈមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលចិន ក្នុងនោះការផ្ដល់ជំនួយលើការបណ្តុះបណ្តាល ក៏ជាខ្លឹមសារសំខាន់របស់មន្ទីរពាណិជ្ជកម្មខេត្តហៃណានផងដែរ ដែលជាសេដ្ឋកិច្ច នយោបាយ ស្របទៅនឹងយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍ “ខ្សែក្រវាត់ និងផ្លូវ” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបានលើកឡើងដែរថា “លក្ខណៈនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ក្នុងបរិបទឧស្សាហកម្ម 4.0 នឹងត្រូវយកមកបង្រៀនដល់សិក្ខាកាមកម្ពុជា ដោយផ្អែកលើមូលដ្ឋាននៃបណ្តាញទិន្នន័យធំៗ និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងពាណិជ្ជកម្មអេឡិចត្រូនិក ដែលជាបច្ចេក វិទ្យាស្នូលក្នុងការគ្រប់គ្រងសេវាកម្មទេសចរណ៍”។
ឯកឧត្តម ហោ មុនីរ័ត្ន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានរំឭកថា កាលពីឆ្នាំ2018 ភាគីកម្ពុជា-ចិនបានសហការរៀបចំវគ្គបណ្តុះបណ្តាល សម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍កម្ពុជានៅខេត្តព្រះសីហនុម្ដងហើយ ដោយពេលនោះមានសិក្ខាកាមចូលរួមចំនួន 50នាក់ មកពីស្ថាប័នរដ្ឋ និងឯកជន។ ទន្ទឹមនេះ ក្នុងឆ្នាំ2018 កន្លងទៅ កម្ពុជាក៏ទទួលបានទេសចរអន្តរជាតិជាង 6,2លាននាក់ កើនឡើង 10.7% និងនាំមកនូវប្រាក់ចំណូលប្រមាណ 4,356លានដុល្លារអាមេរិក។
ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជាមានចំនួន 636ជើងក្នុង 1សប្តាហ៍ មកពីទីក្រុងចំនួន38 ក្នុងប្រទេសចិន តាមរយៈក្រុមហ៊ុនអាកាសចរណ៍ចំនួន25ក្រុមហ៊ុន។ លោកបន្តថា កម្ពុជាត្រូវការវិនិយោគិន និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើតផលិតផល និងហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់ទេសចរណ៍ថ្មីៗ ព្រមទាំងពង្រីកការតភ្ជាប់ជើងហោះហើរ ពីទីក្រុងនានាៗ របស់ប្រទេសចិនបន្ថែមទៀត។
សម្រាប់ឆ្នាំ2019 កម្ពុជាក៏រំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ 6,7លាននាក់ ហើយនៅឆ្នាំ 2020 ប្រមាណជាង 7លាននាក់។ ឯកឧត្ដមបានបញ្ជាក់ថា “ភ្ញៀវទេសចរចិន គឺជាទីផ្សារដែលធំជាងគេលេខ1 របស់កម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ”។
ឯកឧត្ដមបានបញ្ជាក់ថា នៅឆ្នាំ2018 កន្លងទៅ កម្ពុជាទទួលបានទេសចរចិនចំនួន 2លាននាក់ មានការកើនឡើង 33% ហើយនៅឆ្នាំ2019 នេះ យើងរំពឹងថា ទេសចរចិន នឹងកើនឡើងដល់ 2.6លាននាក់និង 3លាននាក់នៅឆ្នាំ2020។
ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ទៀតដែរថា៖“ដើម្បីឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ នៅឆ្នាំ2020 កម្ពុជាត្រូវការកម្លាំងពលកម្មថ្មីចំនួនប្រមាណ 20ម៉ឺននាក់បន្ថែមទៀត ដូចនេះក្រសួងទេសចរណ៍កំពុងដោះស្រាយបញ្ហាប្រឈមខាងលើ ពោលគឺត្រូវជំរុញការបណ្តុះបណ្តាលកម្លាំងពលកម្មថ្មី និងបំពាក់បំប៉នជំនាញបន្ថែមទៀត ដល់អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍។ ដោយហេតុថា នាពេលបច្ចុប្បន្ន អ្នកកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍មានចំនួនប្រមាណតែ 20% ប៉ុណ្ណោះដែលបានឆ្លងកាត់ការសិក្សាជំនាញទេសចរណ៍តាមសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ សាកលវិទ្យាល័យទេសចរណ៍ និងវគ្គបណ្ដុះបណ្ដាលខ្លី”។
ពាក់ព័ន្ធនឹងបញ្ហាខាងលើ ក្រសួងទេសចរណ៍បាននិងកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រស្ដីពី ការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថល ដូចជាការចុះបញ្ជីអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធ Online ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជនីយដ្ឋានOnline ប្រព័ន្ធគ្រប់គ្រងមគ្គុទេ្ទសក៍ទេសចរណ៍ Online ប្រព័ន្ធវាយតម្លៃចលនាប្រឡងប្រណាំង“ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” តាមប្រព័ន្ធ QR-Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត ព្រមជាមួយការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR-Code មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass App ឬ Grab) ជាដើម។
លើសពីនេះ ក្រសួងទេសចរណ៍ក៏បាននិងកំពុងរៀបចំឯកសារ យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឌីជីថល ឆ្នាំ2020-2023 ដែលជាឯកសារគោលសម្រាប់ជំរុញការប្រើប្រាស់ និងអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មទី4 ដែលកំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យាពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្តាផលិតកម្ម ការគ្រប់គ្រង ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័នសេដ្ឋកិច្ច។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ប្រាប់ឡារ៉ែន ពាណិជ្ជថា៖“វគ្គបណ្តុះបណ្តាលនេះមានប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជាយើងព្រោះទេសចរបានស្វែងយល់តាម App &; Digital ដែលវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រនេះ។ វាក៏មានភាពចាំបាច់ណាស់ដែរក្នុងការជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលវគ្គបណ្តុះបណ្តាលសម្រាប់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ឌីជីថលនេះ ជាការផ្តល់កិច្ចសហការដោយខេត្តហៃណានប្រទេសចិននេះ”។
លោកជំទាវ បានមានប្រសាសន៍បន្ថែមទៀតថា៖“លំហូរទេសចរនៃបណ្តាប្រទេសជាច្រើនជាពិសេសជនជាតិចិនមកក្នុងតំបន់អាស៊ាន មានចំនួនកាន់តែច្រើនឡើង ធ្វើឱ្យការជំរុញវិស័យទេសចរណ៍របស់កម្ពុជាយើងកាន់តែមានសម្ទុះ ដោយសារតែការធ្វើទេសចរណ៍ក្រៅស្រុករបស់អ្នកទេសចរចិនគ្រប់វ័យ មានតួលេខឈានមុខនៅស្ទើរគ្រប់ប្រទេស រួមទាំងទេសចរដែលមកកាន់ប្រទេសកម្ពុជាផងដែរ”។
លោកជំទាវ ឆាយ ស៊ីវលីន ក៏បានបញ្ជាក់ផងដែរថា៖“វគ្គបណ្ដុះបណ្ដាលស្តីពីការអភិវឌ្ឍ និងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍កម្ពុជា ឆ្ពោះទៅឧស្សាហកម្ម 4.0 នេះ មានសកម្មភាពស្របទៅនឹងយុទ្ធសាស្ត្រស្ដីពីការអភិវឌ្ឍវិស័យទេសចរណ៍ឌីជីថលរបស់ក្រសួងទេសចរណ៍ដែលបានកំពុងដាក់ឱ្យអនុវត្តដែរ”៕