បញ្ហារឿងរោម មិនថាយុគសម័យណា ក៏វានៅតែជាបញ្ហាជានិច្ច ភាគច្រើនការកម្ចាត់រោមចោល យើងច្រើនតែប្រើការកោរ ព្រោះវាងាយស្រួល ឆាប់រហ័ស និងអាចធ្វើបានរាល់ថ្ងៃ តែនៅពេលបានសាកល្បងបករោមម្តងរួចមក ទើបបានដឹងថា តើហេតុអីបានជាការបករោមល្អជាងការកោររោម? ដូច្នេះបើចង់ដឹងកាន់តែច្បាស់សូមតាមដានជាបន្ត៖
1. រោមដុះឡើងវិញយឺតជាង
ការបករោម គឺជាការទាញយកសរសៃរោមចេញ រួមទាំងឬសរោមមកជាមួយផង ហើយលទ្ធផលដែលតាមមកនោះគឺ យើងនឹងលែងមានរោមអស់ជាច្រើនសប្តាហ៍ ចំណែកឯការកោររោមវិញយើងឃើញថា បើកោរនៅពេលព្រឹកដល់ពេលល្ងាចយើងនឹងមានអារម្មណ៍ដឹងថា វាដុះគល់ឡើងវិញស្រេចទៅហើយ ឬយ៉ាងយឺតបំផុតអាច2ថ្ងៃសម្រាប់អ្នកខ្លះ។ នេះហើយជាហេតុផលចម្បងរបស់ការបករោម។
2. ផ្សាក្រហាយតិចជាង
ថាៗទៅការកោររោមអាចមិនផ្សាក្រហាយណាស់ណាទេ បើធ្វើត្រឹមត្រូវតាមវិធី តែភាគច្រើន យើងច្រើនតែប្រញាប់ ទើបធ្វើឱ្យយើងកោរដោយមិនប្រើគ្រីមសម្រាប់កោររោម ឬប្រើសាប៊ូជួយ។ ទោះយ៉ាងណាក៏ដោយ ក៏ការកោររោមនៅតែផ្សាក្រហាយដែរ ព្រោះវាជាការកោសស្រទាប់ស្បែកខាងលើដែលអាចនឹងធ្វើស្បែកនៅកន្លែងនោះឡើងស្ងួត និងប្រថុយប្រថាននឹងមុខកាំបិតកោរទៀតផង ឯការបករោមវិញ ទោះជាកើតមានស្នាមអុចៗដែលបណ្តាលមកពីការទាញដោយទាំងឫសរោមចេញមកមែន តែត្រឹមតែមួយស្របក់ ឬអាចប្រហែលជា2ម៉ោង ស្នាមក្រហមៗទាំងនោះនឹងរលុបបាត់វិញហើយ។
3. គ្មាននៅសល់គល់រោម
គល់រោមក៏ជាបញ្ហាមួយដែរ ព្រោះនៅពេលយើងស្ទាបលើស្បែកកន្លែងដែលយើងកោរ ជាពិសេសម្តុំស្មងជើង យើងនឹងដឹងថា ស្បែកយើងមិនរាបរលោងសោះ កើតមានគល់រោមដុះឡើងដែលធ្វើឱ្យយើងដឹងបានជាមួយនឹងខោ ឬសំពត់ខ្លះ ធ្វើឱ្យអ្នកត្រូវកោររោមញឹកញាប់ ឬអាចនឹងរាល់ថ្ងៃទៀតផង ក្នុងខណៈដែលការបកវិញនោះគ្មានគល់រោមដុះឡើងឡើយ តែនៅពេលយើងបក អាចនឹងមានសរសៃរោមខ្លះមិនព្រមរបូតមកជាមួយឡើយ ដូច្នេះទាល់តែប្រើដង្កៀបដកចេញ។
4. រោមដុះឡើងស្តើងជាងមុន
នេះក៏ជាចំណុចល្អរបស់ការបករោមមួយដែរ នៅពេលដែលយើងប្រើវិធីបករោម យើងនឹងមានអារម្មណ៍ដឹងថា ពេលដែលវាដុះឡើងថ្មី សរសៃរោមនោះមិនសូវរឹង និងអាចស្តើងជាងមុនទៀតផង ខណៈដែលការកោររោមវិញ ក្រៅពីគល់ដុះឡើងហើយ សរសៃរោមថែមទាំងរឹងទៀតផង អ្នកណាដែលធ្លាប់កោរញឹកញាប់ ប្រហែលជាដឹងហើយថា វាមានអារម្មណ៍យ៉ាងណាជាមួយសរសៃរោមដែលដុះថ្មីមកនោះ។
5. មិនបាច់ជួបនឹងបញ្ហាស្លាកស្នាម
បើយើងកោរមិនប្រយ័ត្ន អាចនឹងមុតបណ្តាលឱ្យមានស្នាមរបួសបាន ទោះជាកាំបិតកោរមិនមុតក៏ដោយ ក៏ត្រូវតែប្រយ័ត្នដែរ ព្រោះបើមានស្នាមរបូសហើយនោះ នឹងអាចធ្វើឱ្យយើងមានស្លាកស្នាមនៅលើខ្លួនប្រាណបានយ៉ាងអចេតនា។
6. ប្រដាប់បករោមជាផលិតផលធម្មជាតិ
ប្រដាប់បករោមដែលយើងតែងប្រើនោះគឺជាចំណែកផ្សំពីធម្មជាតិ ពេលយើងបិទប្រដាប់បករោមនៅលើស្បែក ហើយទាញចេញនោះ ក្រៅពីសរសៃរោមដែលជាប់មកជាមួយហើយនោះ នៅមានស្រទាប់ស្បែកផ្នែកខាងលើដែលងាប់ហើយ និងរង់ចាំការផ្លាស់កោសិកាថ្មីនោះក៏របូតមកជាមួយដែរ ធ្វើឱ្យស្បែកយើងស្អាតឡើង តែការកោរវិញមិនមែនដូច្នោះទេ វាជាការកោសបំផ្លាញស្បែកទៅវិញ។
7. ជាការកម្ចាត់រោមជានិរន្តរ៍
នៅពេលយើងបកស្បែកញឹកញាប់ សរសៃរោមនឹងក្រដុះឡើង និងថែមទាំងដុះមកស្តើងទៀតផង បើអ្នកណាមានសរសៃរោមតូចៗ និងស្តើងស្រាប់ផងនោះ អាចនឹងមើលឃើញថា ស្ទើរតែគ្មាននៅសល់រោមតែម្តង ដែលអាចជាការកម្ចាត់រោមបែបនិរន្តរ៍តែម្តងសម្រាប់អ្នកខ្លះ៕