ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានឯកភាពលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រមាណ 5ម៉ឺននាក់ក្នុងមួយឆ្នាំ ដើម្បីបម្រើក្នុងវិស័យទេសចរណ៍ឱ្យបានគ្រប់គ្រាន់។
ឯកឧត្តមបានលើកឡើងថា ក្រសួងបានដាក់ចេញនូវយន្តការចម្បងតាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ទេសចរណ៍ និងនីតិវិធីចាត់ចែងប្រើប្រាស់មូលនិធិ កម្មវិធីកម្ចីនិស្សិតដែលជាឱកាសផ្តល់លទ្ធភាពដល់និស្សិតក្រីក្រអាចទទួលបានការអប់រំវិជ្ជាជីវៈជំនាញ និងប្រព័ន្ធធានាការងារជូននិស្សិតតាមរយៈកិច្ចសហប្រតិបត្តិការត្រីភាគីរវាងសាលា មូលដ្ឋានអាជីវកម្មសណ្ឋាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីគាំទ្រលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ឆ្នាំ 2017 – 2025 ដែលត្រូវបានរៀបចំឡើងដោយបានធ្វើការសិក្សាយោងលើគោលនយោបាយជាតិមុខរបរ និងការងារឆ្នាំ2015 – 2025 និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍អាស៊ាន2016 – 2025 ព្រោះថាយន្តការនេះត្រូវបានយកមកអនុវត្តក្នុងវិស័យទេសចរណ៍ដោយសារអាជីវកម្មទេសចរណ៍មានលក្ខណៈប្រមូលផ្តុំច្រើន ហើយវិស័យទេសចរណ៍មានលក្ខណៈជាប្រព័ន្ធទៀតផង។
នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងទេសចរណ៍ដែលដឹកនាំដោយឯកឧត្តម ថោង ខុន នៅព្រឹកថ្ងៃទី27 ខែមិថុនា ឆ្នាំ2017 បានឯកភាពគាំទ្រលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សឱ្យបានប្រមាណ5ម៉ឺននាក់បន្ថែមក្នុងមួយឆ្នាំ ដោយកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងឆ្នាំ2025 កម្ពុជានឹងមានអ្នកជំនាញទេសចរណ៍ប្រមាណ30ម៉ឺននាក់ដែលមានសមត្ថភាពខ្ពស់ ប្រកបដោយភាពច្នៃប្រឌិត និងគំនិតបង្កើតថ្មីដើម្បីបម្រើការងារទាំងក្នុង និងក្រៅតំបន់អាស៊ានក្នុងការចូលរួមពង្រឹងឧត្តមភាពប្រកួតប្រជែង និងបង្កើនមូលធនមនុស្សក្នុងវិស័យទេសចរណ៍កម្ពុជាស្របតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទិផ្សារការងារ។
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះផ្តោតសំខាន់ទាំងការបណ្តុះបណ្តាលធនធានមនុស្ស ទាំងជំនាញវិជ្ជាជីវៈទេសចរណ៍ និងមន្ត្រីជំនាញមន្ទីរទេសចរណ៍គ្រប់រាជធានី-ខេត្ត ដោយមន្ទីរទេសចរណ៍ត្រូវបង្កើតផែនការការងារបណ្តុះបណ្តាល គ្រប់គ្រង និងតាមដានការអនុវត្តដោយផ្ទាល់តាមរាជធានី-ខេត្តរបស់ខ្លួន ដោយមានរចនាសម្ព័ន្ធគ្រូបង្គោល និងកម្មវិធីសិក្សាច្បាស់លាស់ និងការសម្របសម្រួលពីថ្នាក់ជាតិដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្សជំនាញស្របតាមទិសដៅយុទ្ធសាស្ត្របន្តពង្រឹងការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន អភិវឌ្ឍ និងពង្រឹងជំនាញវិជ្ជាជីវៈទេសចរណ៍តាមស្តង់ដារជាតិ និងតម្រូវការនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា និងពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីជំនាញ និងភាពជាដៃគូរដ្ឋ ឯកជនតាមរយៈការអប់រំ បណ្តុះបណ្តាល តាមជំនាញដែលមានការងារធ្វើស្រាប់ និងបណ្តុះបណ្តាលអ្នកធ្វើការថ្មី។
ជាមួយគ្នានេះ ក្រសួងក៏បានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពន្លឿនអនុវត្តគម្រោងសាងសង់សាលាវិជ្ជាជីវៈទេសចរណ៍ក្រោមគម្រោងកម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំងឱ្យបានឆាប់រហ័ស ដើម្បីរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍នេះឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍កម្ពុជា ដោយធានាគុណភាពសេវាកម្មទេសចរណ៍ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ។
យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក និងក្រុមប្រឹក្សាទេសចរណ៍ និងធ្វើដំណើរពិភពលោកឆ្នាំ2016 បានរាយការណ៍ថា ពិភពលោកទទួលបានទេសចរប្រមាណ1,235លាននាក់ បង្កើតការងារដោយផ្ទាល់ និងប្រយោលបានសរុបប្រមាណ 290លាននាក់ ខណៈដែលវិស័យទេសចរណ៍ និងការធ្វើដំណើរកម្ពុជាបានបង្កើតការងារដោយផ្ទាល់ និងប្រយោលសរុបប្រមាណ 2,3លាននាក់ ស្មើនឹង 27%នៃការងារសរុប ក្នុងនោះការងារផ្ទាល់មានប្រមាណ 1,2លាននាក់ ស្មើនឹង 14%នៃការងារសរុបដែលការងារផ្ទាល់ក្នុងវិស័យទេសចរណ៍មានប្រមាណជា 62ម៉ឺននាក់៕