មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញពិភពលោក។ ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុមភាពយន្តឈូករ័ត្ន ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។
CSFF បានធ្វើការជ្រើសរើសភាពយន្តខ្លីក្នុងស្រុកចំនួន១២ចំណងជើងដែលមានភាពលេចធ្លោ សម្រាប់ឆ្នាំទី៨នេះ។ ក្នុងនោះផងដែរ រឿងចំនួន៦ក្នុងចំណោមរឿងទាំង១២។ ហើយរឿងរឿង៦ក្នុងចំណោមេនះ នឹងត្រូវបានជ្រើសរើស សម្រាប់ធ្វើការប្រកួតប្រជែងដើម្បីទទួលបានជ័យលាភីប្រចាំឆ្នាំ។ រឿងទាំង១២នោះរួមមាន៖
- អ្នកលាបថ្នាំ ដឹកនាំរឿងដោយ ស៊ិន ចន្ថា
- ផ្ទះបាយ ដឹកនាំរឿងដោយ ឯក សាម៉ឺឌី
- គម្រោង៖ ស៊ើបអង្កេត ដឹកនាំរឿងដោយ លី ពៅ
- ដំណក់ឈាម ដឹកនាំរឿងដោយ ទេព បញ្ចរង្គ
- រត់គេច ដឹកនាំរឿងដោយ អ៊ុក ច័ន្ទបូផៃ
- សុភមង្គល ដឹកនាំរឿងដោយ ឌុច ផ្លែកកន្និដ្ឋា
- អ្នកណា ដឹកនាំរឿងដោយ សួន គីមសេង
- ជំងឺផ្លូវចិត្ត ដឹកនាំរឿងដោយ សុង សៀកឡេង
- មុនមេឃភ្លៀង ដឹកនាំរឿងដោយ នេត ឥន្ទនរាសុទ្ធីដ្ឋេព
- អ្នករាំរបាំ ដឹកនាំរឿងដោយ សេង ធី
- ព្រោះបងស្រឡាញ់អូនជាង ដឹកនាំរឿងដោយ ចាន់ ស៊ីណេត
- ខ្សែទ្រ ដឹកនាំរឿងដោយ វង្ស បញ្ញាវ័ន្ដ
លោក លីម សុភ័ណ្ឌ អ្នកគ្រប់គ្រងលើការជ្រើសរើសភាពយន្តក្នុងស្រុកបានលើកឡើងថា៖ “ឆ្នាំនេះ មហោស្រព ទទួលបានភាពយន្តខ្លីៗមកពីបណ្តាខេត្តច្រើនជាងឆ្នាំមុនៗ ដែលសរបញ្ជាក់ថា មិនត្រឹមមាន តែអ្នកភ្នំពេញប៉ុណ្ណោះទេ ដែលស្រលាញ់និងចូលចិត្តផលិតភាពយន្ត។”
រីឯ លោក ឯក សាម៉ឺឌី សមិទ្ធិករភាពយន្តខ្លីមួយរូបដែលមានរឿងជាប់ជម្រើស បានលើកឡើងថា៖ “ខ្ញុំពិតជាមាន អារម្មណ៍រំភើបខ្លាំងណាស់ ព្រោះខ្ញុំមិនដែលរំពឹងទាល់តែសោះដែលកុនរបស់ខ្ញុំបាទអាចចូលរួមប្រកួតវគ្គជម្រុះ មួយនេះ។ ទោះលទ្ធផលធ្លាក់ ឬជាប់ លទ្ធផលត្រឹមនេះគឺវាជាកំលាំងចិត្តដល់ខ្ញុំបាទ និងក្រុមសិល្បករ ស័្មគ្រចិត្ត នៅខេត្តសៀមរាបខ្ញុំដែរ។”
សូមបញ្ជាក់ផងដែរថា ជ័យលាភី នឹងត្រូវបែងចែកយ៉ាងហោច ជា៤ប្រភេទដូចតទៅ៖
🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ
មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯ សាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេរ។ មុនដល់ដំណាក់នេះ គណៈកម្មការរៀបចំបានបង្កើតយុទ្ធនាការផ្សព្វផ្សាយដល់សមិទ្ធិករ គឺ «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight) ដែលប្រព្រឹត្តទៅនៅខេត្ត៣គឺសៀមរាប បាត់ដំបង កែប និង រាជធានីភ្នំពេញ។
សូមរំលឹកដែរថា ភាពយន្តខ្លីឆ្នើមរបស់យើងកាលពីឆ្នាំ២០១៨ មានចំណងជើងថា «ខ្យល់ខែកុម្ភៈ» ដឹកនាំរឿងដោយ លោក មុន្នី កណ្ណដារង្គ។ រឿងនេះនិយាយពីបុរសរត់តុកាហ្វេម្នាក់ ដែលប្រឹងប្រែងថែរក្សាសម្ព័ន្ធភាពពីចម្ងាយរបស់គាត់ ជាមួយមិត្តនារីគាត់ដែលរៀននៅឯបរទេស។
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
https://csff.co ឬ https://www.facebook.com/CSFF.co/
ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!