មុនពេលប្រឡងមធ្យមសិក្សាទុតិយភូមិ បេក្ខជនជាច្រើនតែងតែមានការព្រួយបារម្ភពីបញ្ហាជាច្រើនដូចជាបារម្ភពីលំហាត់ពិបាក បារម្ភខ្លាចធ្វើមិនបានល្អ បារម្ភខ្លាចលទ្ធផលចេញមកមិនដូចចិត្តប៉ង និងបារម្ភធំជាងគេ គឺបារម្ភខ្លាចធ្លាក់។
នៅពេលសិស្សបារម្ភជ្រុល ពួកគេនឹងកើតមានអារម្មណ៍ភ័យព្រួយ ហើយអារម្មណ៍នេះនឹងធ្វើឱ្យផ្លូវចិត្តរបស់បេក្ខជនមានភាពមិននឹងនរ មិនជឿជាក់ និងបាត់បាត់ទំនុកចិត្តលើខ្លួនឯង ដែលទាំងអស់នេះ គឺជាដើមហេតុនៃកំហុសនានាសម្រាប់ការប្រឡង។
លោក ចេង បូរិទ្ធ គ្រូបង្រៀនផ្នែកគណិតវិទ្យា និងជាអតីតសិស្សពូកែទូទាំងប្រទេសបានលើកឡើងថា ការប្រឡងមិនមែនជារឿងដ៏គួរឱ្យភ័យបារម្ភខ្លាំងពេកនោះទេ តែសិស្សភាគច្រើនតែងតែបារម្ភទុកមុន លើសពីអ្វីដែលកើតមានឡើងជាក់ស្តែង។ មុនពេលប្រឡងសិស្សជាច្រើនបារម្ភខ្លាចលំហាត់ចេញមកពិបាក មិនអាចធ្វើបានល្អ តែស្ថានភាពជាក់ស្តែងវិញ នៅពេលប្រឡងពិតប្រាកដភាគច្រើនស្រួលជាងអ្វីដែលពួកគេគិតទៅទៀត ព្រោះលំហាត់ប្រឡង គេដាក់សម្រាប់ឱ្យសិស្សកម្រិតមធ្យមអាចធ្វើបាន ហេតុនេះ គេកំណត់ត្រឹមស្តង់ដាមធ្យមល្មមមួយដែលមិនលំបាក ឬសាំញ៉ាំខ្លាំងដូចលំហាត់សិស្សពូកែនោះទេ។ ហេតុនេះអ្វីដែលសិស្សគួរគិត គឺត្រៀមខ្លួនជាមុនទទួលយកការពិត ទោះបីលំហាត់ពិបាកក៏ដោយ ងាយស្រួលក៏ដោយ វាជារឿងសម្រាប់ទាំងអស់គ្នា។ ប្រសិនបើលំហាត់នេះពិបាក មានន័យថា សិស្សទាំងអស់គ្នាត្រូវតែអនុវត្តវាដូចគ្នានឹងយើងដែរ មិនមែនលំបាកតែយើងម្នាក់ឯងនោះទេ។ កុំភ័យទុកមុន ព្រោះបើភ័យខ្លាំងពេក ទោះលំហាត់មិនពិបាកក៏យើងច្របូកច្របល់ខ្លួនឯងដែរ។
លោក ចេង បូរិទ្ធ បាននិយាយថា៖ “ថ្ងៃប្រឡង មិនមែនជាថ្ងៃដែលត្រូវភ័យនោះទេ តែផ្ទុយទៅវិញ វាជាថ្ងៃដ៏រីករាយ ព្រោះយើងបានបញ្ចេញសមត្ថភាពពិតប្រាកដដើម្បីឆ្លងទៅដំណាក់កាលថ្មីមួយទៀតសម្រាប់ជីវិត។ ប្រសិនបើយើងទទួលបានលទ្ធផលល្អ មានន័យថា ការខិតខំប្រឹងប្រែងរបស់យើងមានប្រយោជន៍ខ្លាំងណាស់ តែប្រសិនបើយើងមិនទាន់ទទួលបានលទ្ធផលល្អ ក៏មិនមែនជារឿងដែលត្រូវមកដេកឈឺក្បាលពេកនោះដែរ ព្រោះយើងនៅមានជម្រើសជាច្រើនផ្សេងទៀត”។
លោក បូរិទ្ធ បានណែនាំថា ការប្រឡងជារឿងមួយដែលសិស្សគ្រប់រូបមិនអាចគេចផុតឡើយ ហេតុនេះគ្មានអ្វីដែលត្រូវព្រួយបារម្ភខ្លាំងពេកនោះទេ ទោះបារម្ភក៏ត្រូវតែប្រឡង មិនបារម្ភក៏ត្រូវតែប្រឡង ហើយបើមិនទៅប្រឡងក៏នឹងរឹតតែបារម្ភខ្លាំងទៅទៀត ដូច្នេះអ្វីដែលសិស្សអាចធ្វើបាននោះ គឺខិតខំប្រឹងប្រែងដើម្បីរំឭកមេរៀន អនុវត្តលំហាត់ និងសម្រាកឱ្យបានល្អ ដើម្បីរក្សាថាមពលទាំងផ្លូវកាយ និងផ្លូវចិត្តសម្រាប់ចូលរួមប្រឡងដោយទំនុកចិត្តខ្ពស់។
ស្ថាបនិកស្ថាប័នបណ្តុះបណ្តាល Start Up Cambodia លោក គីម ដារ៉ា បានលើកឡើងថា សិស្សមិនគួរភ័យព្រួយ ឬសោកសៅខ្លាំងពេកនោះទេចំពោះការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ ព្រោះគ្មានផ្នែកណាមួយខាតនោះទេសម្រាប់បេក្ខជនម្នាក់។ ការប្រឡងគ្រាន់តែជាដំណាក់កាលក្នុងការធ្វើតេស្តសមត្ថភាពសិស្សក្រោយពេលបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ មិនមែនបង្ហាញពីចំណុចជោគជ័យ ឬបរាជ័យនៃជីវិតទាំងមូលនោះទេ។ វាគ្រាន់តែជាដំណាក់កាលមួយក្នុងការរំឭកយើងឱ្យដឹងថា តើយើងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបន្តដំណើរទៅមុខទៀតនៅពេលនេះ ឬមិនទាន់មានសមត្ថភាពសម្រាប់បន្តទៅកម្រិតឧត្តមសិក្សាតែប៉ុណ្ណោះ។ ហេតុនេះហើយ សិស្សមិនគួរបារម្ភខ្លាំងជ្រុលពេកនោះទេ មិនថាលទ្ធផលចេញមកបែបណា ក៏សុទ្ធតែជាលទ្ធផលដែលអាចទទួលយកបានទាំងអស់ ហើយបន្តខិតខំប្រឹងប្រែងតទៅទៀត។
លោក គីម ដារ៉ា បាននិយាយថា៖ “លទ្ធផលបែបណាក៏ដោយ ក៏មិនគួរបារម្ភពេកដែរ អ្វីដែលគួរធ្វើ គឺខិតខំឱ្យអស់ពីសមត្ថភាព ប្រសិនបើយើងជាប់ យើងអាចមានជម្រើសសម្រាប់បន្តការសិក្សា ឬចាប់យកវិជ្ជាជីវៈខ្ពស់ៗបន្ថែមទៀត តែប្រសិនបើយើងមិនជាប់ យើងក៏អាចសិក្សាម្តងទៀតដើម្បីពង្រឹងសមត្ថភាពគ្រឹះឱ្យខ្លាំងឡើង ឬអាចចាប់យកវិជ្ជាជីវៈណាដែលស័ក្តិសមជាមួយនឹងសមត្ថភាពរបស់យើងតែម្ដងក៏បាន”។
អ្នកអប់រំខាងលើបានបញ្ជាក់ថា មិនថាបែបណានោះទេ សិស្សគួរតែត្រៀមចិត្តទទួលយកការពិត កុំស្លន់ស្លោ កុំបាក់ទឹកចិត្ត ឬកុំអស់សង្ឃឹម ព្រោះជីវិតរបស់យើងនៅវែងឆ្ងាយណាស់។ ភាពជោគជ័យមិនកំណត់ត្រឹមជាប់ ឬធ្លាក់បាក់ឌុបនេះទេ។ អ្នកជាប់បាក់ឌុបក៏ត្រូវចំណាយពេលយូរទៀតដើម្បីទទួលបានជោគជ័យលើការសិក្សា និងអាជីព ហើយអ្នកមិនជាប់បាក់ឌុបក៏ត្រូវចំណាយពេលវេលាច្រើនបន្ថែមទៀតដូចគ្នា គ្រាន់តែលើផ្លូវ និងវិធីខុសគ្នាប៉ុណ្ណោះ។
សូមត្រៀមខ្លួនឱ្យបានល្អដើម្បីប្រឡង ជាជាងយកខួរក្បាលទៅបារម្ភនាំឱ្យប៉ះពាល់ដល់ការប្រឡងជាក់ស្តែង…៕