ការសិក្សា និងការទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យល្បីៗនៅបរទេស គឺជាក្តីបំណងមួយក្នុងចំណោមក្តីបំណងធំៗជាច្រើនរបស់និស្សិតកម្ពុជា ព្រោះវាអាចជួយឱ្យពួកគេទទួលបានឱកាសការងារល្អ និងការទទួលស្គាល់កាន់តែទូលំទូលាយសម្រាប់ការប្រកួតប្រជែងក្នុងប្រទេស ក៏ដូចជាក្នុងតំបន់។
នៅពាក់កណ្តាលខែសីហានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចុះកិច្ចព្រមព្រៀងជាមួយសាកលវិទ្យាល័យ Curtin នៃប្រទេសអូស្ត្រាលី ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាទទួលបានសញ្ញាបត្រពីអូស្ត្រាលី ដោយសិក្សានៅកម្ពុជាពាក់កណ្តាល និងនៅអូស្ត្រាលីពាក់កណ្តាល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា គោលបំណងសំខាន់នៃការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺដើម្បីផ្តល់លទ្ធភាពឱ្យសាកលវិទ្យាល័យ Curtin អាចផ្តល់ការបណ្តុះបណ្តាលពីកម្មវីធីសិក្សាមូលដ្ឋាននៅតាមសាកលវិទ្យាល័យនានានៅកម្ពុជា។ ការបណ្តុះបណ្តាលនេះនឹងផ្តល់ឱ្យនិស្សិតកម្ពុជានូវឱកាសផ្សារភ្ជាប់ការសិក្សារវាងសាកលវិទ្យាល័យនៅកម្ពុជា និងសាកលវិទ្យាល័យនៅបរទេសដែលពួកគេបានជ្រើសរើសក្នុងប្រទេសណាមួយជាដៃគូរបស់សាកលវិទ្យាល័យ Curtin ឬក្នុងសាកលវិទ្យាល័យ Curtin ផ្ទាល់តែម្តងក៏បាន។ ចំពោះរយៈពេលនៃការសិក្សាវិញគឺ និស្សិតអាចសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញរយៈពេល 2ឆ្នាំ ដោយសិក្សាលើកម្មវិធីសិក្សាមូលដ្ឋាន និងបន្ថែមមុខវិជ្ជាធុរកិច្ច និងសិល្បៈមួយចំនួន បន្ទាប់មកបន្ត 2ឆ្នាំទៀតនៅសាខាណាមួយក៏បាននៅក្រៅប្រទេសដែលជាសាខារបស់សាកលវិទ្យាល័យ Curtin ដើម្បីបញ្ចប់ការសិក្សា មុននឹងទទួលសញ្ញាបត្របរិញ្ញាបត្រ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ “ក្នុងកិច្ចសហការនេះផងដែរ យើងក៏ពិនិត្យមើលពីសក្តានុពលក្នុងការបង្កើតឱកាសដើម្បីបង្រៀនបុគ្គលិកនៅតាមសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ដោយឱ្យបុគ្គលិកទាំងអស់នោះអាចបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអូស្ត្រាលី”។
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ បានបន្ថែមទៀតថា ការសិក្សាកម្រិតបរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកនៅតាមសាកលវិទ្យាល័យនេះ គឺសិក្សារយៈពេល 1ឆ្នាំនៅភ្នំពេញ និងអាចបន្ថែម 1ឆ្នាំទៀតនៅទីក្រុង Perth នៃប្រទេសអូស្ត្រាលី។ បន្ថែមពីលើនេះ សាកលវិទ្យាល័យ Curtin និងអគ្គនាយកដ្ឋានឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា ក៏បានព្រមព្រៀងគ្នាផងដែរក្នុងការសហការលើកកម្ពស់ផ្នែកសិក្សាស្រាវជ្រាវ និងឈ្វេងយល់ពីលទ្ធភាពនៃការអភិវឌ្ឍគម្រោងដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ កម្មវិធីនេះអាចនឹងជួយឱ្យស្ថាប័នអប់រំនៅក្នុងស្រុក បង្កើនកិច្ចសហការល្អដើម្បីបើកកម្មវិធីសិក្សាមូលដ្ឋានជាភាសាអង់គ្លេស ដើម្បីបណ្តុះបណ្តាលរួមគ្នា 2សាកលវិទ្យាល័យដែលមួយនៅកម្ពុជា និងមួយទៀតនៅបរទេស៕